ជំងឺបាក់ទឹកចិត្ត និងការវង្វេងមិនស្គាល់ពីគោលដៅជីវិតខ្លួនឯង គឺជាបញ្ហារបស់មនុស្សភាគច្រើន ជាពិសេសក្នុងស្រទាប់យុវវ័យតែម្ដង។ ជាក់ស្ដែងសូម្បីតែអតីតកាល កញ្ញាសេង ហ្គេកលី វ័យ២៣ឆ្នាំ បច្ចុប្បន្នជាអ្នកផលិតវីដេអូអប់រំ ហើយក៏ជាអ្នកនិពន្ធវ័យក្មេង ម្ចាស់ស្នាដៃសៀវភៅ” កូនសិស្សជីវិត” ដែលធ្លាប់បានបញ្ចេញស្នាដៃនិពន្ធដំបូងតាំងពីវ័យ១៩ឆ្នាំនោះ ក៏ធ្លាប់ជួបប្រទះនូវបញ្ហា ជំងឺបាក់ទឹកចិត្ត និងការវង្វេងមិនស្គាល់ពីគោលដៅជីវិតខ្លួនឯងផងដែរកាលពី៥ឆ្នាំមុន។
ក្រោយភ្លៀងមេឃនឹងស្រឡះ ក្រោយវង្វេងគោលដៅ និងរស់ក្នុងស្រមោលខ្មៅមួយរយៈ កញ្ញាក៏អាចរកឃើញខ្លួនឯងថាជាអ្នកណា រកឃើញច្បាស់ថាគោលដៅជីវិតខ្លួនឯងជាអ្វី ដែលជាហេតុធ្វើឱ្យកញ្ញាអាចបញ្ចេញស្នាដៃនិពន្ធសៀវភៅបានប្រមាណ ៣ក្បាល និងកំពុងតែទទួលបានការគាំទ្រគួរឱ្យកត់សម្គាល់ផងដែរ ពីសំណាក់មិត្តអ្នកអាននៅក្នុងប្រទេសកម្ពុជា។ នេះហើយគឺជាឥទ្ធិពលនៃការស្គាល់ខ្លួនឯងច្បាស់លាស់។
យោងតាមកិច្ចសម្ភាសន៍ដោយផ្ទាល់ជាមួយ Business Cambodia កញ្ញាបានបង្ហើបប្រាប់អំពីដំណើរដើមទងដែលនាំឱ្យកញ្ញាឈានជើងក្លាយជាអ្នកនិពន្ធនៅអាយុ១៩ឆ្នាំព្រមទាំងជាសារដែលជួយឱ្យយុវវ័យងើបចេញពីការបាក់ទឹកចិត្ត វង្វេងគោលដៅនាពេលយុវភាពរបស់ខ្លួនឱ្យមានក្តីសង្ឃឹមឡើងវិញយ៉ាងដូច្នេះថា៖ ដូចជាយុវវ័យភាគច្រើនឯទៀតដែរ នៅពេលដែលរៀនចប់បាក់ឌុបភ្លាមៗកញ្ញាមិនបានដឹងថាត្រូវធ្វើអ្វីនោះទេ ក៏ធ្លាប់បានចូលបម្រើការងារផ្សេងៗបណ្តើរ និងរៀនជំនាញគណនេយ្យបណ្ដើរ ដើម្បីរកឱ្យឃើញអ្វីដែលខ្លួនស្រលាញ់ ប៉ុន្តែមិនយូរប៉ុន្មានកញ្ញាក៏បានបោះបង់ទាំងការសិក្សា ការងារចោលវិញ បន្ទាប់ពីមិនបានដឹងថាខ្លួនឯងចង់បានអ្វីឱ្យប្រាកដ និងមិនអាចមើលឃើញពីអនាគតសោះឡើយពីជំនាញ និងការងារទាំងនោះ។ ក្រោយមកកញ្ញាក៏សាកល្បងប្រលងចូលសិក្សា នៅសាលាតិចណូផ្នែកគីមីចំណីអាហារ ហើយចុងក្រោយក៏នៅតែបោះបង់ចោលទៀត ព្រោះវាមិនមែនជាអ្វីដែលកញ្ញាស្រលាញ់ពិតប្រាកដ។ កញ្ញាមានប្រសាសន៍ថា “ក្នុងពេលប្រឡងជាប់សាលាតិចណូ ខ្ញុំបានជម្រាប ដំណឹងនេះដល់គ្រួសារ បានធ្វើឱ្យអ្នកផ្ទះសប្បាយចិត្តជាខ្លាំង ប៉ុន្តែខ្ញុំដូចជាមិនរំជើបរំជួលជាមួយការប្រឡងជាប់នេះទេ ទោះបីជាសាលាល្បីនេះល្បី គេចង់ចូលរៀនច្រើនក៏ដោយ”។ កញ្ញាបានបន្ថែមថា “ត្បិតអ្វីកាលណោះខ្ញុំមិនបានដឹងថាខ្លួនចង់បានអ្វី រៀនបានមិនបានប៉ុន្មានក៏ឈប់ទៀត ព្រោះមិនស្រឡាញ់”។
ជីវិតតែលតោលគ្មានគោលដៅ និងអារម្មណ៍បាក់ទឹកចិត្ត ក៏ចាប់ផ្ដើមរសាត់ចេញពីជីវិតរបស់កញ្ញាបន្តិចម្ដងក្រោយពេលដែលកញ្ញាយកសៀវភៅធ្វើជាមិត្តល្អ និងចាប់ផ្ដើមសាកល្បងធ្វើវីដេអូចែករំលែកនៅលើបណ្ដាញសង្គម បើទោះបីជាកញ្ញាជាមនុស្សដែលអៀនប្រៀនច្រើន និងមិនសូវមានជំនឿជាក់លើខ្លួនឯងក៏ដោយ។ ការអានសៀវភៅធ្វើឱ្យកញ្ញា រកឃើញខ្លួនឯង រីឯការផលិតវីដេអូជួយឱ្យកញ្ញាដឹងខ្លួនឯងថា ចង់ឱ្យសំឡេងរបស់ខ្លួនអាចបំពេរ សោតៈរបស់យុវវ័យដែលកំពុងជួបវិបត្តិដូចខ្លួន។ អារម្មណ៍ជាអ្នកនិយាយលើកទឹកចិត្ត និងជាកវីនិពន្ធបានផុសឡើងក្នុងដួងចិត្តកវីវ័យក្មេងរូបនេះ ខណៈនៅអាយុ១៩ឆ្នាំកញ្ញាអាចសរសេរសៀវភៅអំពីជីវិតបាន និងអាចប្រសូតស្នាដៃទី១របស់ខ្លួនបានយ៉ាងជោគជ័យ ដែលនេះហើយជារបត់ជីវិត១៨០ដឺក្រេរបស់កញ្ញា។ “ការអានសៀវភៅអាចឱ្យខ្ញុំមើលឃើញពិភពលោកធំទូលាយជាងមុនរកឃើញខ្លួនឯងថាជានរណានិងមានផ្លូវសម្រាប់ដើរ កាលនោះខ្ញុំគ្មានគោលដៅនោះទេ ខ្ញុំបានចាយពេល ១ឆ្នាំទើបខ្ញុំដឹងថាខ្ញុំចង់បានអ្វី គឺគោលបំណងជួយឱ្យសំឡេងរបស់ខ្លួនបានលឺទៅដល់យុវវ័យដែលកំពុងជួបវិបត្តិដោយគ្មានអ្នកប្រឹក្សា” នេះជាប្រសាសន៍របស់កញ្ញា។
ជាសារចុងក្រោយ ក្នុងនាមជាអ្នកបង្កើតមាតិកាមួយរូប កញ្ញាបានរស់នៅពេញ១ថ្ងៃដោយចំណាយ ពេលវេលា លើរឿងសំខាន់បំផុតចំនួន៤យ៉ាងធំៗគឺ៖ ផ្តោតទៅលើការថែទាំសុខភាពទាំងផ្លូវកាយ ផ្លូវចិត្ត ធ្វើលំហាត់ប្រាណសមាធិ និងអភិវឌ្ឍន៍ខ្លួនជាប្រចាំ។ ជាក់ស្តែងឆ្លងកាត់តាមសាច់រឿងរបស់ម្ចាស់ស្នាដៃសៀវភៅ “កូនសិស្សជីវិត” នេះក៏ជាសារមួយសម្រាប់យុវជនជាច្រើនយ៉ាងដូច្នេះថា៖ “សូមកុំឈប់រៀនឱ្យសោះ បើទោះបីជាអ្នកមិនបានរៀនពីក្នុងសាលា ប៉ុន្តែអ្នកអាចរៀនសូត្រពីមេរៀនជីវិតបាន ព្រោះមេរៀនជីវិតមិនបានឈប់បង្រៀនយើងនោះទេ។ មួយវិញទៀត ក្នុងភាពជាយុវវ័យ គប្បីត្រូវស្គាល់ខ្លួនឯងឱ្យច្បាស់ ជាពិសេសគឺរកឱ្យឃើញថាខ្លួនឯងស្រលាញ់អ្វី ចង់ក្លាយទៅជាអ្វី ព្រោះវាជាកត្តានាំឱ្យជីវិតអ្នករីកចម្រើនលឿននៅក្នុងជីវិត”។
គួរបញ្ជាក់ផងដែរថា ក្រោយពេលស្គាល់ខ្លួនឯងបានមួយដំណាក់កាល ពេលនេះកញ្ញាក៏បានសម្រេចចិត្តបន្តការសិក្សាឡើងវិញលើជំនាញចិត្តវិទ្យា ដើម្បីអាចសិក្សាស្វែងយល់ពីមនុស្ស និងអត្ថន័យជីវិតបានកាន់តែប្រសើរឡើងមួយកម្រិតទៀត។ ខាងក្រោមនេះគឺជាហ្វេសប៊ុកផេកផ្លូវការរបស់កញ្ញា ដែលតែងតែចែករំលែកចំណេះដឹងល្អៗជាច្រើនដល់ប្រជាជនកម្ពុជា៖ Seng Gechly - សេង ហ្គេកលី
អត្ថបទដោយ៖ ពីង ជូអេង ( កូនត្រជៀកកាំ )