ប៉ុន្មានឆ្នាំចុងក្រោយនេះ ពិភពលោកហាក់ជួបបញ្ហាផ្ទួនៗគ្នាអស់ពីមួយចូលមួយ មិនថាជះផលអវិជ្ជមានដោយផ្ទាល់ ឬដោយប្រយោលនោះទេ។ ជាពិសេសគិតត្រឹមដើមឆ្នាំ២០២២នេះ ក្រៅពីបង្កឲ្យមានឱនភាពសេដ្ឋកិច្ច វាក៏បានវាយបំបាក់ផ្លូវចិត្តមនុស្សជាតិ ដោយក្នុងនោះគ្រាន់តែប្រជាជនអាមេរិករងវិបត្តិផ្លូវចិត្តរាប់សិបលាននាក់ទៅហើយ។
គេបានរកឃើញថា ប្រជាជនអាមេរិកប៉ះទង្គិចផ្លូវចិត្តខ្លាំងបណ្តាមកពីកត្តាធំៗ៤គឺ៖ ទី១: មេរោគរាតត្បាតកូវីដ-១៩ ទី២: ភាពប្រែប្រួលខ្លាំងនៃទីផ្សារភាគហ៊ុនបានប៉ះពាល់ដល់ហិរញ្ញវត្ថុ ទី៣: ប្រជាជនអាមេរិករាប់លាននាក់បានបាត់បង់ការងារក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ និងទី៤: ជម្លោះជាសកលដូចជាសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែនទើបតែបានបន្ថែមសម្ពាធ។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ Yahoo Finace ចុះនាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២។
យ៉ាងណាមិញសម្រាប់មធ្យោបាយដោះស្រាយបញ្ហាវិបត្តិផ្លូវចិត្តនេះ នាយកប្រតិបត្តិ Headspace Health លោក Russell Glass បានលើកឡើងយ៉ាងដូច្នេះថា៖ «ការហាត់យូហ្គា និងការតាំងសមាធិអាចជួយនៅពេលដែលស្ថានភាពផ្លូវចិត្តរបស់អ្នកធ្លាក់ចុះខ្លាំង ឬអ្នកមានជំងឺរាតត្បាតសកល ឬទទួលរងនូវការផ្លាស់ប្តូរខ្លាំងណាមួយ។ ធ្វើដូចនេះ វាជាការថែរក្សាខួរក្បាលរបស់អ្នកអាចដំណើរការបានកាន់តែប្រសើរ»។
ជាមួយគ្នានេះដែរ ការសិក្សាដាច់ដោយឡែកមួយបានរកឃើញថាភាពតានតឹងដែលទាក់ទងនឹងការងារ និងការថប់បារម្ភបានកើនឡើងជិត ៣០% ចាប់ពីចុងឆ្នាំ២០២១ ប៉ុណ្ណោះ។ យោងតាម Talkspace ជាងមួយភាគបីនៃកម្មករនិងបុគ្គលិកកំពុងសញ្ជឹងគិតអំពីការចាកចេញពីការងាររបស់ពួកគេដោយសារតែបញ្ហាសុខភាពផ្លូវចិត្ត ខណៈដែល ៥៣% កំពុងប្រឈមមុខនឹងការអស់កម្លាំងនិងមានចិត្តរារែក៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ក្រដាស១សន្លឹក»
ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366