បើនិយាយដល់ប្រដាប់ប្រដាក្មេងលេងមនុស្សភាគច្រើនប្រហែលជាគិតថាមិនមែនជាតម្រូវការចាំបាច់ខ្លាំងនោះទេនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃនោះទេ។ ផ្ទុយមកវិញ ក៏មានមនុស្សមួយចំនួនតូចក៏គិតថាសម្ហារៈ ដែលធ្វើដោយដៃ មិនប្រើប្រាស់បច្ចេកវិទ្យាជំនួយ គឺពិបាកក្នុងការដំឡើងក្រុមហ៊ុនឱ្យក្លាយទៅក្រុមហ៊ុនធំបានណាស់។
ខាងក្រោមនេះគឺជាសាច់រឿងរបស់បុរសជនជាតិសិង្ហបុរីមួយរូបគឺលោក Jackson Aw ដែលជាស្ថាបនិកនៃក្រុមហ៊ុន Mighty Jaxx ប្រើប្រាស់ក្តីស្រមៃរបស់ខ្លួនកើតជាគំនិតច្នៃប្រឌិតនូវប្រដាប់ប្រដាក្មេងលេងដែលមានលក្ខណៈពិសេសប្លែកគេ រួមបញ្ចូលរវាងវប្បធម៍និងសិល្បៈបង្កើតជាតុក្កតាប្លែកៗជាច្រើនប្រភេទ។
គោលគំនិតបង្កើតតុក្កតាធ្វើដោយដៃនេះ គឺកើតឡើងស្របពេលជាមួយគា្ននៅពេលដែលលោកមើលកម្មវិធីយូធូបដែលនិយាយអំពីរបៀបធ្វើតុក្កតានិងតំឡើងវា ដែលធ្វើឱ្យលោកចាប់អារម្មណ៍យ៉ាងខ្លាំង ហើយគួបផ្សំជាមួយនឹងខ្លួនដែលជាអ្នកចូលចិត្តប្រមូលទិញតុក្កតាទុកផងនោះ ធ្វើឱ្យលោកចាប់អារម្មណ៍ចង់បង្កើតតុក្កតាដោយខ្លួនឯងឡើង។ មុនចាប់ផ្ដើមផលិត លោកក៏ធ្វើឱ្យលោករត់ទៅបំពេញវិជ្ជាបន្ថែមនៅប្រទេសចិនអំពីការផលិតនេះ។ ក្រោយត្រឡប់មកវិញ ស្ថាបនិកក្រុមហ៊ុនផលិតវត្ថុអនុស្សាវរីយ៍បែបតុក្កតាថ្លុកនេះ បាននាំស្នាដៃរបស់ខ្លួនបានពង្រីកទីផ្សារបានយ៉ាងទូលំទូលាយ និងរកប្រាក់ចំណូលបានច្រើនសន្ធឹកសន្ធាប់ និងចាប់ផ្ដើមបំពាក់បច្ចេកវិទ្យាច្នៃទម្រង់ និងប្រើប្រាស់ដៃសម្រាប់ការលាបពណ៌ផងដែរ។
គូសបញ្ចាក់ផងដែរថាក្រុមហ៊ុន Mighty Jaxx ចាប់ផ្តើមបង្កើតឡើងនៅក្នុងឆ្នាំ២០១២ និងអាចរកចំណូលបាន១.៧លានដុល្លារក្នុងឆ្នាំ២០១៥ ដោយការចេញផលិតផលដំបូងគឺលក់មួយតម្លៃ ១០ដុល្លារ ប៉ុណ្ណោះ។ នាពេលបច្ចុប្បន្នក្រុមហ៊ុននេះ មានតម្លៃ២០០លានដុល្លារដែលទទួលបានការវិនិយោគពីក្រុមហ៊ុនផ្សេងៗ ហើយនឹងត្រៀមខ្លួនដាក់លក់ផលិតផលរបស់ខ្លួននៅលើ Metaverse ទៀតផង៕
អត្ថបទដោយ៖ ពីង ជូអេង ( កូនត្រជៀកកាំ )