Foodpanda គឺជាទីផ្សារចែកចាយអាហារចល័តដែលគ្រប់គ្រងដោយក្រុមហ៊ុន Delivery Hero SE ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងប៊ែកឡាំង ប្រទេសអាឡឺម៉ង់។ វាបានក្លាយជាតួឯកមួយក្នុងតំបន់លើវិស័យចែកចាយអាហារចាប់តាំងពីឆ្នាំ ២០១២ មកម្លេះ។ គិតមកទល់នឹងពេលនេះ Foodpanda បានប្រតិបត្តិការនៅប្រហែល ៥០ប្រទេសជុំវិញពិភពលោក។ ក្នុងនោះវាក៏បានធ្វើដំណើរប្រតិបត្តិការនៅក្នុងទីផ្សារអាស៊ីចំនួន ១២ប្រទេសផងដែររួមមាន ប្រទេសសិង្ហបុរី ហុងកុង ថៃ ហ្វីលីពីន និងប្រទេសកម្ពុជា រួមទាំងប្រទេសមួយចំនួនទៀត។
តាមរយៈបទសម្ភាសន៍មួយរវាងសារព័ត៌មាន KrASIA ជាមួយលោក Jakob Angele នាយកប្រតិបត្តិ Foodpanda APAC ក្នុងវេទិការសំណួរចម្លើយ និងដើម្បីពិភាក្សាអំពីការធ្វើដំណើររបស់ក្រុមហ៊ុននៅក្នុងតំបន់និងផែនការនាពេលអនាគត កាលពីពេលកន្លងទៅនេះ មេធំ Foodpanda រូបនេះបានលើកឡើងពីចំណុចរសើបធំៗពីរ ដែលជួយជំរុញឲ្យ Foodpanda ពង្រីកវិសាលភាពរបស់ខ្លួនដោយបានដាក់ដំណើរប្រតិបត្តិការនៅទូទាំង ៥០ប្រទេសជុំវិញពិភពលោក៖
លោកបានលើកឡើងថា «ដើម្បីអាចធ្វើរឿងដ៏អស្ចារ្យនិងឆ្ពោះទៅកាន់ដំណើរនៃការរីកសាយភាយមានវិសាលភាពធំទូលាយបាន អ្នកត្រូវផ្អែកលើរឿងពីរសំខាន់គឺ របៀបដែលអ្នករៀបចំរចនាសម្ព័ន្ធផ្ទៃក្នុង និងរបៀបដែលការសម្រេចចិត្តត្រូវបានធ្វើឡើង»។
Foodpanda ប្រតិបត្តិការដូចជាសហព័ន្ធនៃប្រទេស ពោលគឺកម្លាំងដ៏ធំចលតទូទាំងប្រទេសជាជាងគ្រាន់តែជាក្រុមហ៊ុនមួយ។ ពួកគេមានរចនាសម្ព័ន្ធផ្ទៃក្នុងរឹងមាំ និងធ្វើការសម្រេចិត្តល្អិតល្អន់បំផុត រាប់ចាប់តាំងពីប្រតិបត្ដិការក្នុងស្រុកទាក់ទងនឹងយុទ្ធសាស្រ្តពាណិជ្ជកម្ម ផ្តល់អំណាចក្នុងការជ្រើសរើសទីតាំង កំណត់ភោជនីយដ្ឋាន របៀបដែលពួកគេចំណាយប្រាក់ និងទទួលប្រាក់។
នេះគឺជាគំរូមេរៀនមួយពីមេធំរបស់ Foodpanda APAC សម្រាប់ជាគំនិតបន្ថែមដល់ម្ចាស់អាជីវកម្ម។ ពង្រឹង រួចចាំពង្រីក ដើរមួយជំហានយឺតៗតែច្បាស់លាស់ ផ្តល់សិទ្ធសេរីភាពដល់ថ្នាក់ក្រោម គឺជាអ្វីដែលថ្នាក់ដឹកនាំ ឬម្ចាស់អាជីវកម្មត្រូវផ្តោតការយកចិត្តទុកដាក់។
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ក្រដាស១សន្លឹក»
ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366