អត្ថបទ >
ភាពជាអ្នកដឹកនាំ
លោកDavidson បរាជ័យក្នុងមហាវិទ្យាល័យ តែអាចរកប្រាក់១,៣ពាន់លាន$ ត្រឹមវ័យ២៩ឆ្នាំ ដោយងាកមកធ្វើរឿង១នេះ

Kan Dara

May 13 2022

267

លោក Francis Davidson គឺជាស្ថាបនិកនៃក្រុមហ៊ុនបដិសណ្ឋាកិច្ច Sonder Corp ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៤ ជាប្រភេទក្រុមហ៊ុនសណ្ឋាគារផ្ទះល្វែង (apartment-hotel company) គ្រប់គ្រងការជួលរយៈពេលខ្លី។ បច្ចុប្បន្នក្រុមហ៊ុននេះបានគ្រប់គ្រងដោយមានចុះបញ្ជីលើផ្ទះល្វែងចំនួនជាង ៦,៣០០ល្វែង មានទីតាំងស្ថិតលើ ៣៥ទីក្រុង នៅក្នុងបណ្តាប្រទេស១០ផ្សេងគ្នាជុំវិញពិភពលោកដូចជា អាមេរិកខាងជើង អឺរ៉ុប និងឌូបៃជាដើម។ យោងតាមរបាយការណ៍ចុងក្រោយគិតត្រឹមខែ មិថុនា ឆ្នាំ២០២០ ចេញផ្សាយដោយគេហទំព័រ craft.co បានរាយការណ៍ថា Sonder Corp មានតម្លៃរលើទីផ្សារប្រមាណ ១,៣ពាន់លានដុល្លារឯណោះ។

យ៉ាងណាមិញ បើយើងក្រឡេកទៅមើលអតីតកាលបន្តិចនៅពេលដែលលោក Francis Davidson មានអាយុ ១៩ឆ្នាំ ពោលគឺនៅក្នុងឆ្នាំ ២០១២ លោកគឺជានិស្សិតដែលទើបបញ្ចប់ការសិក្សាឆ្នាំទីមួយ នៅឯសកលវិទ្យាល័យ McGill ដែលមានទីតាំងស្ថិតនៅ ម៉ុងត្រេអាល់ (Montreal) ប្រទេសកាណាដា។ ថ្ងៃឈប់សម្រាកបញ្ចប់ឆ្នាំក្នុងរដូវក្តៅក៏បានមកដល់ មិត្តភក្តិស្នាក់នៅរួមផ្ទះល្វែងដែលមានបីបន្ទប់ក៏បានធ្វើដំណើរទៅស្រុកកំណើតរបស់ខ្លួន ទុកឲ្យ Francis Davidson ស្នាក់នៅម្នាក់ឯង។ ដោយឃើញមានបន្ទប់នៅសេសសល់ គ្រានោះលោកក៏កើតមានគំនិតមួយ ចង់ជួលបន្ទប់នោះឲ្យទៅភ្ញៀវទេសចរណ៍ និងអ្នកដែលចង់ស្នាក់នៅក្នុងរយៈពេលខ្លី ដោយដាក់ការជួលបន្ទប់នេះនៅលើបណ្តាញអ៊ីនធឺណេត ហើយភ្ញៀវអាចធ្វើការកក់តាមរយៈអនឡាញបាន។

គំនិតមួយនេះបានធ្វើឲ្យ Francis Davidson ទទួលបានភាពជោគជ័យយ៉ាងខ្លាំង ហើយវាក៏ជាពេលវេលាមួយដែលក្រុមហ៊ុនបដិសណ្ឋាកិច្ច Sonder Corp បានចាប់បដិសន្ធិឡើងផងដែរ។ ការសម្រេចចិត្តបង្កើតក្រុមហ៊ុននេះបានធ្វើឲ្យម្តាយរបស់លោក មិនសូវជាពេញចិត្តនិងគាំទ្រលោកប៉ុន្មាននោះទេ ព្រោះវាផ្ទុយនឹងឆន្ទៈរបស់គាត់ដោយគាត់សង្ឃឹមថាលោក Francis Davidson និងបញ្ចប់ការសិក្សានៅថ្នាក់មហាវិទ្យាល័យយ៉ាងជោគជ័យ តែជាលទ្ធផលលោកបានធ្វើរឿងដែលបង្កជាផលប៉ះពាល់រហូតដល់ផ្អាក់ការសិក្សារបស់លោកទៅវិញ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានអន្តរជាតិ Make It។

តែទោះជាយ៉ាងណាក៏ដោយ លោកបានធ្វើការយ៉ាងសកម្ម និងរៀបចំយុទ្ធសាស្ត្រ ដើម្បីបន្តពង្រឹងនិងពង្រីកវិសាលភាពរបស់ខ្លួនឲ្យកាន់តែរីកធំ។ ជាដំបូងលោកបានធ្វើការជាមួយនិស្សិតដែលស្នាក់នៅផ្ទះល្វែងក្បែរៗគ្នា ពេលដែលពួកគេឈប់ស្នាក់នៅក្នុងរយៈពេលណាមួយ ពួកគេអាចប្រាប់ទៅកាន់លោក ហើយលោកនឹងរៀបចំទទួលភ្ញៀវឲ្យស្នាក់នៅ ដោយចែកភាគលាភខ្លះទៅកាន់និស្សិតទាំងនោះ។ លោកបន្តធ្វើសកម្មភាពបែបនេះជាបន្តបន្ទាប់រហូតអាចពង្រីកខ្លួនទៅដល់ការជួលផ្ទះល្វែង និងសណ្ឋាគារដោយចុះបញ្ជីត្រឹមត្រូវមានទីតាំងនៅកណ្តាលទីក្រុងថែមទៀតផង។

ក្នុងកិច្ចសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ CNBC នាពេលកន្លងទៅនេះ លោក Francis Davidson បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំអាចរកប្រាក់បានចំនួនជាង ១៤,០០០ ដុល្លារខណៈពេលដែលខ្ញុំចំណាយប្រហែល ៥,០០០ ដុល្លារក្នុងការជួលសរុបសម្រាប់អាផាតមិនក្នុងរដូវក្តៅ»។ សព្វថ្ងៃ Sonder Corp មានតម្លៃ ១,៣ ពាន់លានដុល្លារបន្ទាប់ពីរៃអង្គាសប្រាក់បានសរុបជាង ៥៥០ លានដុល្លារពីក្រុមហ៊ុនមូលធនបណ្តាក់ទុនក៏ដូចជាវិនិយោគិនរួមមាន អតីតកីឡាករបាល់បោះ Alex Rodriguez និងមូលនិធិគាំទ្រដោយលោក Jeff Bezos និងលោក Elon Musk។

បច្ចុប្បន្នលោក Francis Davidson មានអាយុ ២៩ ឆ្នាំ លោកគឺជាសហស្ថាបនិកនិងជានាយកប្រតិបត្តិរបស់ Sonder Corp។ លោកបានប្រាប់ទៅកាន់ CNBC បន្តទៀតថា៖ «ខ្ញុំមិនដឹងថាខ្ញុំចង់ក្លាយជាសហគ្រិននោះទេនៅពេលខ្ញុំចាប់ផ្តើមជួលអាផាតមិននៅមហាវិទ្យាល័យរបស់ខ្ញុំ។ ខ្ញុំគិតថាខ្ញុំបានធ្វើរឿងដ៏ភ្ញាក់ផ្អើលសម្រាប់ខ្លួនឯង និងគ្រួសារ»។ លោកក៏សង្ឃឹមផងដែរថា លោកនឹងអាចវិញត្រឡប់ទៅបញ្ចប់ការសិក្សានៅថ្នាក់មហាវិទ្យាល័យវិញនាពេលឆាប់ៗខាងមុខនេះ៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ក្រដាស១សន្លឹក»

ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366

ពាណិជ្ជកម្ម

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth