អត្ថបទ >
ភាពជាអ្នកដឹកនាំ
ចង់បើកហាងកាហ្វេ គួរដឹងស្នៀតរកស៊ីពិសេស៣ក្បាច់ពី Café Amazon ពង្រីកខ្លួនរាប់រយសាខានៅកម្ពុជា

នៅក្នុងការធ្វើអាជីវកម្ម ប្រសិនបើអ្នកពិតជាចង់ទទួលបាននូវភាពជោគជ័យ និងអាចរក្សាភាពជោគជ័យនោះឱ្យបន្តទៅអនាគតបានយូរអង្វែង អ្នកគប្បីត្រូវតែរកឱ្យឃើញនូវចំណុចខ្លាំងរបស់ខ្លួនឯង ដែលធ្វើបានល្អជាងដៃគូប្រកួតប្រជែង មានគំនិតច្នៃប្រឌិតខ្ពស់ បន្តអភិវឌ្ឍន៍ផលិតផល និងអាជីវកម្មជារៀងរហូត។ ក្រៅពីនោះក៏មានកត្តារួមផ្សំជាច្រើនទៀតដូចជា មេដឹកនាំខ្លាំង ធនធានមនុស្សល្អ ហិរញ្ញវត្ថុរឹងមាំ មានយុទ្ធសាស្ត្រទីផ្សារ​ និងការលក់ខ្ពស់ និងផែនការអាជីវកម្មច្បាស់លាស់ល្អជាដើម។

ទន្ទឹមនឹងនេះដែរ អាជីវកម្មកាហ្វេ ត្រូវបានគេមើលឃើញថាជាមុខរបរដែលកំពុងតែពេញនិយមមួយ ដែលប្រជាជនកម្ពុជាជាច្រើនកំពុងចាប់អារម្មណ៍ និងខ្លះទៀតមានក្ដីស្រមៃចង់មានហាងកាហ្វេផ្ទាល់ខ្លួនថែមទៀតផង។ ដើម្បីពាំនាំនូវពុទ្ធិមួយចំនួន ដែលអាចជាកាតាលីករជួយជំរុញឱ្យអ្នកសម្រេចក្ដីស្រមៃ Business Cambodia នឹងធ្វើការគាស់កកាយនូវក្បួនរកស៊ីធំៗចំនួន៣ស្នៀតពីយីហោ Cafe Amazon ដែលពង្រីកអាណាចក្រជំនួញរបស់ខ្លួនរាប់រយសាខា ដើម្បីជាទុនគំនិតឱ្យមិត្តអ្នកអាន អាចអភិវឌ្ឍន៍ខ្លួនមុននឹងបោះជំហានឈានចូលក្នុងពិភពអាជីវកម្មកាហ្វេ។

១. ហ្វ្រេនឆាយជាទំនោរអាជីវកម្មសម័យថ្មី (Franchise)៖ ក្បួនរកស៊ីដែលធ្វើឱ្យកាហ្វេ Amazon រីកចម្រើនលឿនខ្លាំងបំផុតគឺការចេញលក់ហ្វ្រេនឆាយ។ ប្រិយមិត្តអ្នកអានមួយចំនួនប្រាកដជាធ្លាប់ឮ ធ្លាប់ស្គាល់ថាអ្វីជាហ្វ្រេនឆាយ ប៉ុន្តែប្រិយមិត្តមួយចំនួនទៀតប្រហែលជាមិនទាន់ស្គាល់នៅឡើយ។ អាស្រ័យហេតុនេះហើយយើងនឹងពន្យល់ឱ្យងាយយល់ថា ការចេញហ្វ្រេនឆាយរបស់កាហ្វេ Amazon គឺប្រៀបបីដូចជាការបង្កើតនូវរូបមន្តកាហ្វេឱ្យមានរសជាតិឆ្ងាញ់ប្លែកខុសគេ រៀបចំប្រព័ន្ធប្រតិបត្តិការរបស់អាជីវកម្ម កសាងម៉ាកយីហោរបស់ខ្លួនឱ្យល្បី និងមានយុទ្ធសាស្ត្រធ្វើទីផ្សារឱ្យផលិតផលរបស់ខ្លួនមានគេស្គាល់ច្រើនជាដើម។

បន្ទាប់មក Amazon ក៏ប្រកាសលក់ហ្វេ្រនឆាយសាខាហាងកាហ្វេរបស់ខ្លួន ដែលពេលដែលអតិថិជនណាម្នាក់ចង់មានហាងកាហ្វេផ្ទាល់ខ្លួន គាត់អាចទិញពីក្រុមហ៊ុន Amazon យកទៅបើកបន្ត នោះគាត់ក៏នឹងទទួលបានអាជីវកម្មមួយដែលមានប្រព័ន្ធប្រតិបត្តិការអាជីវកម្មស្រាប់ មានម៉ាកយីហោល្បីស្រាប់ និងទទួលបានការបណ្ដុះបណ្ដាលពីក្រុមហ៊ុនផ្ទាល់ ដើម្បីឱ្យគាត់អាចដំណើរការអាជីវកម្មខ្លួនបានក្នុងពេលដ៏ខ្លី មានយីហោល្បី និងមានអតិថិជនក្នុងដៃស្រាប់ ប៉ុន្តែត្រូវគោរពតាមលក្ខខណ្ឌផ្សេងៗដែលក្រុមហ៊ុនកំណត់ទុក។ ការចេញលក់ហ្វ្រេនឆាយរបស់ក្រុមហ៊ុន Amazonបានធ្វើឱ្យក្រុមហ៊ុននេះទទួលបានភាពរីកចម្រើនលឿន និងអាចប្រើប្រាស់លុយអ្នកដទៃដើម្បីពង្រីកអាជីកម្មខ្លួនបានយ៉ាងងាយស្រួល។

អាស្រ័យហេតុនេះហើយ ប្រសិនបើអ្នកមានបំណងចង់បើកហាងកាហ្វេ អ្នកអាចពិចារណាបានថា តើគួរតែទិញហ្វ្រេនឆាយគេ ដើម្បីអាចរៀនសូត្រពីប្រព័ន្ធគ្រប់គ្រងអាជីវកម្មរបស់គេជាមុនសិន  ​ឬក៏ដាក់ចិត្តថាកសាងនូវស្លាកសញ្ញាមួយដោយខ្លួនឯងឱ្យមានភាពល្បីល្បាញ រួចលក់សិទ្ធហ្វ្រេនឆាយទៅឱ្យគេវិញ។ រវាងការទិញហ្វ្រេនឆាយពីគេ និងការបង្កើតស្លាកសញ្ញាមួយដោយខ្លួនឯង គឺសុទ្ធតែមានគុណសម្បត្តិនិងគុណវិបត្តិម៉្យាងម្នាក់នោះទេ ប៉ុន្តែប្រសិនបើអ្នកអាចបង្កើតស្លាកសញ្ញាមួយដោយខ្លួនឯង រួចលក់សិទ្ធហ្វ្រេនឆាយចែកចាយនៅក្នុងប្រទេសកម្ពុជា ឬពង្រីកខ្លួនចេញទៅដល់បរទេសនោះគឺជារឿងដ៏គួរឱ្យមានមោទកភាពបំផុត។

គួរជម្រាបផងដែរថា បើគិតត្រឹមឆ្នាំ ២០២០ Cafe Amazon អាចពង្រីកខ្លួនបានរហូតដល់ទៅ ៣៣៣៣ទីតាំងនៅប្រទេសចំនួន ១១នៅជុំវិញពិភពលោក។ ចំណែកឯចំនួនសាខាសរុបនៅក្នុងប្រទេសកម្ពុជាគឺមានចំនួនច្រើនជាង ៣០០សាខា នេះបើយោងតាម ទិន្នន័យ cambodia-travel.com ចុងឆ្នាំ២០២១ ដែលភាគច្រើនគឺសុទ្ធតែកើតចេញពីការលក់ហ្វ្រេនឆាយ។

២. ខ្ចីដៃផលិតផលបង្កើនគុណតម្លៃផលិតផលដទៃទៀត៖ ប្រហែលជាមានមនុស្សជាច្រើនបានដឹងហើយថា​ កាហ្វេ Amazon គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ PTT Group ដែលមានផលិតផលជាច្រើនដូចជាសាំង ម៉ាត និងកាហ្វេ Amazon​ នេះជាដើម។ បើយើងសង្កេតមែនទែនទៅ មិនថានៅទីក្រុង ឬនៅតាមបណ្ដាខេត្តនោះទេ ហាងកាហ្វេ Amazon ភាគច្រើនគឺតែងតែបើកខ្លួនភ្ជាប់ជាមួយនឹងហ្ការាសសាំង PTT ដែលការបើកបែបនេះគឺប្រៀបបីដូចជាខ្ចីដៃ ហ្ការាសសាំង PTT ដើម្បីបង្កើនគុណតម្លៃឱ្យកាហ្វេ Amazon ជួយឱ្យកាហ្វេនេះត្រូវមានគេស្គាល់កាន់តែច្រើន និងលក់ដាច់កាន់តែខ្លាំងជាងមុន ហើយព្រោះតែកាហ្វេ Amazon នេះក៏ជួយជំរុញការលក់ដល់សាំង PTT ផងដែរ។ ​ឧទាហរណ៍ឱ្យងាយយល់ នៅពេលខ្លះអ្នកមានបំណងថាទៅចាក់សាំងយានយន្តតែប៉ុណ្ណោះ ប៉ុន្តែអ្នកមានអារម្មណ៍ថាក្ដៅ ស្រេកទឹកឬចង់ញ៉ាំកាហ្វេ ស្រាប់តែអ្នកឃើញហាងកាហ្វេ Amazon នៅជាមួយនឹងហ្ការាសសាំងដែរ​ទើបអ្នកសម្រេចចិត្តថា ចាក់សាំងហើយក៏ចូលទៅទិញកាហ្វេ Amazon មួយកែវទៅ។​ ផ្ទុយទៅវិញ ពេលខ្លះអ្នកចូលទិញកាហ្វេនៅហាង Amazon ប៉ុន្តែគ្មានបំណងថាចាក់សាំងនោះទេ ប៉ុន្តែក្រោយទិញកាហ្វេរួច អ្នកក៏ឃើញយានជំនិះរបស់អ្នកជិតអស់សាំង ដូច្នេះអ្នកក៏សម្រេចចិត្តថា ទិញកាហ្វេហើយក៏ចាក់សាំងតែម្ដងទៅ។ ​នេះហៅថាយុទ្ធសាស្ត្រ ខ្ចីដៃផលិតផលបង្កើនគុណតម្លៃផលិតផលដទៃទៀត។

៣. អតិថិជនគោលដៅផ្ដោតលើអ្នកដំណើរ៖ ចំណុចពិសេសមួយរបស់កាហ្វេ Amazon គឺអាចនិយាយថា ជាហាងកាហ្វេដំបូងគេមួយដែលចាប់អថិតិជនក្មេងៗ នៅក្នុងទីក្រុងផង ហើយក៏ផ្ដោតទៅលើការចាប់យកអតិថិជនគោលដៅ ដែលជាអ្នកធ្វើដំណើរតាមបណ្ដាខេត្តផងដែរ។ ជាក់ស្ដែងហាងកាហ្វេមួយនេះ បានពង្រីកអាជីវកម្មខ្លួននៅតាមបណ្ដាខេត្តផ្សេងៗ ដែលមានសក្ដានុពលខ្ពស់ និងចាប់យកអតិថិជនដែលធ្វើដំណើរពីភ្នំពេញទៅបណ្ដាខេត្តនានា ឬអតិថិជនដែលធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ។ ​ការចាប់យកអតិថិជនគោលដៅដែលជាអ្នកដំណើរនេះ ក៏ជាចំណុចលេចធ្លោរបស់ហាងកាហ្វេមួយនេះផងដែរ ដែលជួយឱ្យអតិថិជនស្គាល់ប្រ៊ែនមួយនេះកាន់តែច្រើន និងជួយឱ្យការលក់របស់ក្រុមហ៊ុនកាហ្វេមួយនេះកាន់តែកើនឡើង។

ជាសង្ខេប ការធ្វើអាជីវកម្មគឺទាមទារនូវការអភិវឌ្ឍផលិតផល ឱ្យមានភាពទាន់សម័យ ថ្មីប្លែក មានគុណតម្លៃកាន់តែខ្លាំងឡើងជាប្រចាំ ទើបអាចជួយរក្សានិរន្តរភាពអាជីវកម្មឱ្យបានយូរអង្វែងបាន។ ផ្ទុយទៅវិញ ប្រសិនបើអ្នកបន្តធ្វើអ្វីដដែលៗមិនមានភាពទាក់ទាញ មិនមានអ្វីដែលថ្មីប្លែកទេ អាជីវកម្មរបស់អ្នកអាចនឹងប្រឈមនឹងការធ្លាក់ចុះមកវិញ ឈានដល់ការបរាជ័យថែមទៀតផង៕

profile
ឡុង វឌ្ឍនៈ
" ក្រោយចំណាយពេលជិត៣ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងការកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ផង។ ប្រសិនបើអ្នក មានគំនិតល្អៗចង់ចែករំលែក ឬចង់រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713 Fb Page: Long Vathanak - ឡុង វឌ្ឍនៈ "
ពាណិជ្ជកម្ម

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth