អត្ថបទ >
ភាពជាអ្នកដឹកនាំ
ប្រវត្តិតស៊ូ Ben បុរសលះបង់អ្វីៗស្ទើរគ្រប់យ៉ាង ដើម្បីជួយការពារធនធានធម្មជាតិកម្ពុជា ២០ឆ្នាំ

ឡុង វឌ្ឍនៈ

September 22 2022

120

ទោះបីជាកើតមក មិនមានជាប់សាច់ឈាមជាជនជាតិខ្មែរក្ដី ប៉ុន្តែអ្នកជួយការពារបរិស្ថានដ៏ល្បីឈ្មោះគឺលោក Benjamin Davis ដែលប្រជាជនកម្ពុជាតែងស្គាល់ថាជាលោក បេន បានតស៊ូលះបង់អ្វីៗយ៉ាងច្រើនអនែកចំពោះមាតុភូមិកម្ពុជា។

បុរសដើមកំណើតអាមេរិក ដែលមានឧត្តមភរិយាដើមកំណើតអូស្ត្រាលីរូបនេះ បានសម្រេចចិត្តដឹកដៃគ្នា ចាកចោលប្រទេសកំណើត មករស់នៅក្នុងប្រទេសកម្ពុជាអស់រយៈពេល៣០ឆ្នាំមកហើយ ដោយបន្សល់ទុកកូនស្រីចំនួន២នាក់ឈ្មោះ Davis Amelie Charis និង Davis Jarrah Camille។

ចាកចេញពីទីកន្លែងរស់ស្រួល ដែលជាក្ដីប្រាថ្នារបស់មនុស្សភាគច្រើន លោក បេន បានសម្រេចចិត្តនាំគ្រួសារមករស់នៅក្នុងព្រៃស្ងាត់ជ្រងំ ឮតែសំឡេងសត្វបក្សាបក្សីយំ មិនមានសាលារៀន មិនមានផ្សារទំនើប ឬសូម្បីតែហាងអាហារឆ្ងាញ់ៗ ដើម្បីមកធ្វើជាអ្នកជួយការពារធនធានធម្មជាតិនៅដែនជម្រកសត្វព្រៃភ្នំត្នោត ភ្នំពក មានទីតាំងស្ថិតនៅក្នុងខេត្តព្រះវិហារ និងខេត្តសៀមរាប លាតសន្ធឹងលើផ្ទៃដីសរុប ៤២,០៩៧ ហិកតា។ ក្នុងនោះដែរ លោក បេន បានទទួលការអនុញ្ញាតពីក្រសួងបរិស្ថាន ដើម្បីគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ និងជីវចម្រុះជាង ៧០០០ ហិកតា។

សំឡេងរណាអារផ្ដួលរលំឈើ និងស្នូរកាំភ្លើងបាញ់សម្លាប់សត្វព្រៃ ក៏ធ្លាប់តាមរំខានដំណេកធ្វើឱ្យ លោក បេន គេងមិនស្ងប់ ភ្ញាក់កណ្ដាលរាត្រីក៏មាន។ រស់នៅក្នុងជីវិតតស៊ូក្នុងព្រៃបែបនេះ ក៏មានមនុស្សមួយចំនួនបានចោទសួរអំពីមូលហេតុ ថា តើហេតុអ្វីបានជាលោកសម្រេចចិត្តមករស់នៅក្នុងព្រៃ ដើម្បីជួយការពារបរិស្ថានទៅវិញ ទាំងដែលពីដើមឡើយ លោកមិនមានឈាមជ័រជាជនជាតិខ្មែរផងនោះ? ជាចម្លើយតប លោកបានថ្លែងថា៖ ព្រោះខ្ញុំជាមនុស្សដែលស្រលាញ់ចូលចិត្តសត្វ និងធម្មជាតិតាំងតែពីក្មេងមក ហើយលោកមិនអាចឈរមើលធនធានធម្មជាតិទាំងនោះត្រូវគេបំផ្លាញនោះទេ។

តាមរយៈការខិតខំប្រឹងប្រែងតស៊ូ និងលះបង់យ៉ាងធំធេងរបស់លោកអស់រយៈពេលជាង២០ឆ្នាំមកនេះ ព្រះមហាក្សត្រជាទីគោរពសក្ការៈនៃយើង ទ្រង់បានឡាយព្រះហស្ថលេខាប្រោសព្រះរាជទានសញ្ជាតិខ្មែរជូនដល់លោកបេន និងក្រុមគ្រួសារកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ កន្លងមក ដែលមានន័យថា លោកមានសិទ្ធសេរីភាពដូចជាប្រជាជនកម្ពុជាទូទៅដែរ។

ក្រោយទទួលបានសញ្ជាតិខ្មែរ លោកបេន ដាវីស បានថ្លែងថា៖«ខ្ញុំមិននឹកស្មានថាខ្ញុំទទួលបានសញ្ជាតិខ្មែរនេះទេ ខ្ញុំពិតជាមានសេចក្តីសប្បាយរីករាយ និងសូមគោរពថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជានិងអាជ្ញាធរគ្រប់ជាន់ថ្នាក់ដែលបានយកចិត្តទុកដាក់លើយើងខ្ញុំ។ យើងខ្ញុំមានភាពកក់ក្តៅ និងមានការលើកទឹកចិត្តយើងខ្ញុំនិងខ្ញុំមានការសប្បាយចិត្តកិច្ចសហការជាមួយអាជ្ញាធរក្នុងកិច្ចការអភិវឌ្ឍ និងបច្ចុប្បន្នក្នុងកិច្ចការពារអភិរក្សព្រៃឈើ»

គួរជម្រាបផងដែរថា លោក បេន ជាសញ្ជាតិអាមេរិក និងភរិយាកូនៗមានសញ្ជាតិអូស្ត្រាលី ក៏គ្រួសារលោកបេន ពិតជាស័ក្តិសមបំផុតក្នុងការទទួលបាននូវសញ្ជាតិខ្មែរពីព្រោះលោកបេន បានមករស់នៅនិងបានធ្វើការនៅកម្ពុជាតាំងពីឆ្នាំ១៩៩២ មកម៉្លេះ ពោលគឺតាំងពីលោកបេន មានអាយុ ២៧ ឆ្នាំ គឺមានរយៈពេលជិត ៣០ឆ្នាំមកហើយ។ លោកបេន បានមកបំពេញការងារនៅខេត្តព្រះវិហាររយៈពេល ២០ ឆ្នាំហើយតាំងពីឆ្នាំ ២០០២។ ស្ថិតក្នុងរយៈពេលនេះ លោកបេន និងក្រុមគ្រួសារបាន លះបង់កម្លាំងកាយចិត្ត បញ្ញា និងធនធានផ្ទាល់ខ្លួនដើម្បីបុព្វហេតុមនុស្សធម៌លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការងារសង្គមផ្សេងៗ ដើម្បីបុព្វហេតុការពារ និងអភិរក្សធនធានព្រៃឈើ​និងសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោតភ្នំពក ស្ថិតក្នុងភូមិសាស្ត្រស្រុកសង្គមថ្មី និងស្រុកគូលែននៃខេត្តព្រះវិហារ និងស្រុកជីក្រែងខេត្តសៀម នេះបើតាមការចែករំលែកឱ្យដឹងពីក្រសួងបរិស្ថាន៕

 

profile
ឡុង វឌ្ឍនៈ
" ក្រោយចំណាយពេលជាង៣ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713 ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ "
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth