https://business-cambodia.com/static/3fa983bb-1c52-4616-92c9-ac11b8fb4b0ahttps://business-cambodia.com/static/6fee374d-4e52-43a9-aa7a-11a5d3e92b85https://business-cambodia.com/static/91a38920-de5f-4e1d-ae8a-2664df6e29a6https://business-cambodia.com/static/c5d09957-8d57-4388-a42a-df76facbca7f
https://business-cambodia.com/static/07285dec-566c-44df-8c5a-4ae66a742e37https://business-cambodia.com/static/c8b2f50e-c564-420a-b6d3-2b46d693a58d
អត្ថបទ >
ភាពជាអ្នកដឹកនាំ
រកស៊ីដើរជាន់កំហុសធំៗ១០នេះ អាចធ្វើឱ្យអាជីវកម្មក្ស័យធន ដួលរលំក្នុងពេលខ្លីត្រឹមមួយប៉ប្រិចភ្នែក

នៅក្នុងការធ្វើអាជីវកម្មមានពាក្យមួយឃ្លា ដែលដើរទន្ទឹមគ្នាគឺពាក្យថា ជោគជ័យ និង បរាជ័យ តាមការពិត គឺមានមូលហេតុធំៗជាច្រើនយ៉ាង ដែលជាហេតុធ្វើឱ្យអាជីវកម្មមួយ ងាយនឹងទទួលរងនូវការដួលរលំឆ្ពោះទៅរកភាពបរាជ័យ។ នាពេលកន្លងមក Business Cambodia ក៏ធ្លាប់បានលើកយកនូវគន្លឹះជាច្រើន មកចែករំលែកដល់មិត្តអ្នកអាន ជាពិសេសគន្លឹះដែលធ្វើឱ្យទទួលនូវភាពជោគជ័យទាំងក្នុងជីវិតផ្ទាល់ខ្លួន និងអាជីវកម្ម។ ប៉ុន្តែនៅក្នុងថ្ងៃនេះដែរ Business Cambodia នឹងលើកយកនូវមូលហេតុសំខាន់ៗ ក៏ដូចជាកំហុសឆ្គងធំៗចំនួន ១០ យ៉ាង ដែលជាបិសាចអាចនាំឱ្យអាជីវកម្មភាគមួយអាចបរាជ័យ បើមិនបានគិតគូរដិតដល់ចំពោះចំណុចទាំងនេះ៖

១. មិនមានផែនការច្បាស់លាស់៖ មិនមានផែនការរយៈពេលវែង​ឬរយៈពេលខ្លីថាខ្លួនត្រូវដើរពីណាទៅណា ឬគោលដៅអ្វីខ្លះដែលខ្លួនចង់បាន ហើយសកម្មភាពអ្វីខ្លះដែលខ្លួនត្រូវធ្វើជាដើម។ មួយវិញទៀត ការធ្វើផែនការអាជីវកម្មឱ្យបានច្បាស់លាស់តាំងពីមុនពេលចាប់ផ្ដើមដំបូង ក៏ជារឿងសំខាន់បំផុតត្រូវធ្វើ ដើម្បីអាចវិភាគទុកមុនពីអ្វីគួរធ្វើ អ្វីមិនគួរធ្វើ ឬការត្រៀមខ្លួនប្រឈមជាមួយនឹងបញ្ហាដែលអាចនឹងកើតមាន ក្នុងដំណើរផ្សងព្រេងក្នុងពិភពអាជីវកម្ម។

២. ខ្សោយខាងដឹកនាំធនធានមនុស្ស៖ ប្រសិនបើថ្នាក់ដឹកនាំមិនអាចយកបេះដូងបុគ្គលិកបាន មិនអាចធ្វើឱ្យអ្នកក្រោមបង្គាប់ មិនអាចឱ្យគាត់មើលឃើញពីចក្ខុវិស័យរួមរបស់អាជីវកម្ម មិនចេះមើលមនុស្ស ឬប្រើមនុស្សខុសជំនាញ និងមិនចេះលើកទឹកចិត្តបុគ្គលិកជាដើម វាសុទ្ធតែជាហានិភ័យដែលនឹងបំផ្លាញអាជីវកម្ម ឱ្យប្រឈមនឹងការក្ស័យធន ដួលរលំឆាប់ៗផងដែរ។

៣. ខ្សោយយុទ្ធសាស្ត្រលក់៖ ការលក់ស្មើនឹងលុយ ហើយលុយប្រៀបបីដូចជាសរសៃឈាមរបស់អាជីវកម្មអ៊ីចឹងដែរ។ ដូច្នេះប្រសិនបើអ្នកគ្មានយុទ្ធសាស្ត្រលក់ ដើម្បីរកចំណូលទ្រទ្រង់អាជីវកម្មទេ មិនយូរមិនឆាប់អ្នកនឹងដួលរលំ។

៤. ចម្លងតាមគេ៖ បើអ្នកធ្វើអាជីវកម្មដោយចម្លងតាមគេ និងគ្មានភាពពិសេសណាមួយដែលជារបស់ខ្លួនទេ នោះមានន័យថាអ្នកកំពុងតែធ្វើអាជីវកម្មកប់ខ្លួនឯងហើយ។ នៅក្នុងការធ្វើអាជីវកម្ម ត្រូវរកឱ្យឃើញនូវលក្ខណៈពិសេស ក៏ដូចជាភាពលេចធ្លោរបស់អាជីវកម្មអ្នក ដែលខុសប្លែកពីដៃគូប្រកួតប្រជែង ទើបអាចធ្វើឱ្យអាជីវកម្មអាចរីកចម្រើនបានយូរអង្វែង។

៥. គ្រប់គ្រងហិរញ្ញវត្ថុមិនបានល្អ៖ មិនមានការគ្រប់គ្រងហិរញ្ញវត្ថុបានល្អ ចំណាយខុសខ្ទង់ ចំណាយច្រើនជាងចំណូល និងប្រើប្រាស់វាដោយមិនបានជួយបង្កើតចំណូលត្រឡប់មកវិញជាដើម។​

៦. រើសដៃគូអាជីវកម្មមិនបានត្រឹមត្រូវ៖ ការរើសបាននូវដៃគូអាជីវកម្មដែលមិនត្រឹមត្រូវគឺអាចនឹងធ្វើឱ្យមានជម្លោះឈ្លោះទាស់ទែងគ្នាកើតឡើងនាពេលក្រោយ។ រីឯការរើសដៃគូអាជីវកម្មដែលល្អគឺត្រូវមានចំណេះដឹង ជំនាញបំពេញគ្នា មានដើមទុន និងមានធនធានជាដើម។

៧. ផលិតផលឬសេវាកម្មមិនអាចដោះស្រាយបញ្ហាអតិថិជន៖ ជាទូទៅយើងធ្វើអាជីវកម្មដើម្បីដោះស្រាយនូវបញ្ហារបស់មនុស្ស មិនមែនដើម្បីតែប្រាក់ចំនេញតែមួយមុខនោះទេ។ ដូច្នេះប្រសិនបើផលិតផលឬសេវាកម្មរបស់អ្នកមិនអាចដោះស្រាយបញ្ហាអតិថិជនបានហើយ គេនឹងមិនទិញពីអ្នកតទៅទៀតនោះទេ ហើយចុងក្រោយអ្នកនឹងបរាជ័យបើសិនមិនចេះធ្វើការកែប្រែ បត់បែនឱ្យបានលឿន។

៨. ដើមទុនតិចពេក៖ ជាទូទៅពេលការចាប់ផ្ដើមអាជីវកម្មពីតូចទៅធំជារឿងល្អ ព្រោះបើបរាជ័យអ្នកនឹងមិនសូវឈឺ។ ប៉ុន្តែប្រសិនបើយើងមានដើមទុនតិចតួចពេក ក៏អាចធ្វើឱ្យអាជីវកម្មយើងពិបាកប្រកួតប្រជែងជាមួយគេដែរ ហើយយើងនឹងដើរយឺតជាងគូប្រជែង ចុងក្រោយយើងអាចនឹងបរាជ័យផងដែរ។ ជម្រើសល្អ គួរចេះវិធីសាស្ត្រក្នុងការគៀងគរទុនពីអ្នកវិនិយោគ ឱ្យបានច្រើនទើបជាជម្រើសល្អមួយដើម្បីទ្រទ្រង់អាជីវកម្ម។

៩. ព្យាយាមពង្រីកអាជីវកម្មលឿនពេក៖ ការពង្រីកអាជីវកម្មឱ្យកាន់តែធំជារឿងមួយល្អ ប៉ុន្តែប្រសិនបើអ្នកមិនទាន់ពង្រឹងខ្លួនបានល្អ ហើយព្យាយាមពង្រីកលឿនពេក អាជីវកម្មរបស់អ្នកក៏នឹងមានហានិភ័យកាន់តែខ្ពស់ផងដែរព្រោះអ្នកអាចនឹងពិបាកគ្រប់គ្រង ត្រូវការចំណាយកាន់តែច្រើន និងមានបញ្ហាប្រឈមជាច្រើនទៀត។

១០. ជ្រើសរើសទីតាំងខុស៖ ការរើសទីតាំងខុសដូចជានៅឆ្ងាយពីអតិថិជនគោលដៅខ្លាំងពេក ទីតាំងកកស្ទះចរាចរណ៍ ឬទីតាំងដែលអតិថិជនពិបាកចតរថយន្ត គឺសុទ្ធសឹងតែជាបញ្ហាដែលធ្វើឱ្យអតិថិជន ឈប់ត្រឡប់មកទិញទំនិញ ឬសេវាកម្មរបស់អ្នកនាពេលក្រោយទៀត។

ជារួមមកវិញ ប្រសិនបើអ្នកចង់បង្ការ ឬកាត់បន្ថយហានិភ័យនៃភាពបរាជ័យរបស់អាជីវកម្មរបស់អ្នកឱ្យនៅសល់ទាបបំផុត អ្នកគួរតែព្យាយាមពិនិត្យមើលឡើងវិញឱ្យបានហ្មត់ចត់នូវចំណុចសំខាន់ៗទាំង១០ខាងលើ ហើយត្រូវសិក្សាស្រាវជ្រាវនូវចន្លោះប្រហោងផ្សេងៗទៀតរបស់អាជីវកម្មអ្នក បន្ទាប់មកត្រូវពង្រឹងវាឱ្យកាន់តែប្រសើរឡើងៗ ដើម្បីអាចទទួលជោគជ័យក្នុងអាជីវកម្ម៕   

profile
ឡុង វឌ្ឍនៈ
" ក្រោយចំណាយពេលជិត៣ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងការកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ផង។ ប្រសិនបើអ្នក មានគំនិតល្អៗចង់ចែករំលែក ឬចង់រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713 Fb Page: Long Vathanak - ឡុង វឌ្ឍនៈ "
ពាណិជ្ជកម្ម

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth