បើនិយាយដល់អាណាចក្រប្រណិតភាពមួយតួខ្លួនគេមិនភ្លេចរាប់បញ្ចូលនូវប្រេនបែបរម្យទមមួយនេះទេ។Diorគឺជាឈ្មោះរបស់ម្ចាស់ស្ថាបនិកផ្ទាល់ដែលជាអ្នកច្នៃម៉ូតដ៏ល្បីល្បាញមួយនាសតវត្សន៏ទី១៩ក្នុងប្រទេសបារាំង។ លោក Christain Dior កើតនៅ ថ្ងៃទី២១ ខែមករា ឆ្នាំ១៩០៥ នាទីក្រុង Grandville ដែលជាតំបន់មាត់សមុទ្ររបស់ប្រទេសបារាំង។ ស្ថាបនិករូបនេះចម្រើនវ័យក្នុងគ្រួសារស្តុកស្តម្ភមួយ ដែលមានឪពុកជាម្ចាស់ឧស្សាហកម្មផលិតជីចម្រុះ។
ជាមួយគ្នានោះក្នុងពេលដែលលោកមានអាយុ ៥ឆ្នាំគ្រួសារក៏បានផ្លាស់ប្តូរទីលំនៅមកកាន់ទីក្រុងប៉ារីសដោយគ្រួសាររបស់លោកមានបំណងចង់ឱ្យលោក Dior ក្លាយជាអ្នកការទូតបរទេស ប៉ុន្តែលោកបែរជាស្រឡាញ់និងមានដុងសិល្បៈទៅវិញ។ ក្នុងឆ្នាំ១៩២៨ ក្រោយបញ្ចប់ការសិក្សាដោយមើលឃើញអំពីក្តីស្រមៃដែលកូនស្រឡាញ់សិល្បៈ លោកឪពុកក៏បានផ្តល់ប្រាក់បន្តិចបន្តួចដើម្បីបើកហាងវិចិត្រសាលតូចមួយដែលមានលក់គំនូរក្នុងមួយសន្លឹក១០សេន ប៉ុណ្ណោះ។ សេចក្តីសុខជាមួយនឹងហាងគំនូរតូចមួយនេះមិនបានប៉ុន្មាននោះទេ ដោយ៣ឆ្នាំក្រោយមក ឪពុកនិងបងប្រុសបានស្លាប់ហើយគ្រួសារធ្លាក់ខ្លួនក្រដោយសារវិបត្តិសេដ្ឋកិច្ចប្រទេសបារាំងដែលបង្ខំចិត្តឱ្យលោកបិទហាងចោល។
នៅឆ្នាំ១៩៣៧ លោក Dior ក៏បានចូលបម្រើការឱ្យអ្នកច្នៃម៉ូតជើងចាស់ម្នាក់ដែលបានបង្ហាត់បង្រៀនពីរបៀបនៃការចេញម៉ូតសម្លៀកបំពាក់ ព្រមទាំងប្រាប់ពីរូបមន្តនៃប្រណិតភាពរបស់សម្លៀកបំពាក់ទៀតផង។ ចំណុចចាប់ផ្តើមនៃក្តីស្រមៃព្រោះថាលោកក៏ស្រឡាញ់សិល្បៈនៃការច្នៃម៉ូតផងដែរ។ លោកបានចូលបម្រើកងទ័ព និងបានរត់ចោលជួរវិញក្នុងឆ្នាំ១៩៤៦ និងបានក្លាយជាអ្នកច្នៃម៉ូតសម្រាប់ភរិយាមេដឹកនាំធំៗ។ ក្នុងឆ្នាំដដែលនោះលោកបានបើកដំណើរការហាងសម្លៀកបំពាក់Dior House នេះឡើងដោយមានការជ្រោមជ្រែងពីថៅកែក្រណាត់របស់លោក។ ហាងសម្លៀកបំពាក់របស់លោកចេះតែមានការវិវត្តទៅមុខនិងក្លាយជាប្រេនប្រណិតបំផុតដែលសុះសាយពាសពេញពិភពលោករហូតមកដល់បច្ចុប្បន្ន។
យ៉ាងណាមិញយុទ្ធសាស្រ្ត៣ ដែលប្រេន Dior តែងតែធ្វើនៅក្នុងទីផ្សារអាចឈរជើងរហូតមកដល់បច្ចុប្បន្ននេះមានដូចជា៖
១.ផ្តោតលើសម្រស់
ការចេញម៉ូតនីមួយៗគឺត្រូវផ្តោតទៅលើសម្រស់ និងមានភាពឥតខ្ចោះតែម្តងសម្រាប់ផលិតផល ដើម្បីឱ្យស័ក្តិសមទៅនឹងអ្នកប្រើប្រាស់។
២.ការបង្ហាញម៉ូត
ធ្វើការបង្ហាញម៉ូតនៅពេលដែលចេញម៉ូតថ្មី និងកម្មវិធីមានការសម្រិតសម្រាំងបំផុតសម្រាប់អ្នកប្រើប្រាស់។
៣.អ្នកមានឥទ្ធិពល
ធ្វើការផ្សព្វផ្សាយដោយប្រើប្រាស់ អ្នកដែលមានឥទ្ធិពលផ្សព្វផ្សាយទៅក្នុងសង្គមជាន់ខ្ពស់៕
អត្ថបទដោយ៖ ពីង ជូអេង ( ត្រចៀកកាំ )