តើកម្ពុជាមានដីប៉ុន្មានប្រភេទ ដែលត្រូវបានកំណត់ដោយច្បាប់?

0
74

ភាពរីកចម្រើននៃវិស័យអចនលទ្រព្យ កំពុងមានសន្ទុះកើនឡើងខ្លាំងជាបន្តបន្ទាប់ ក្រោយពីមានវិបត្តិហិរញ្ញវត្ថុកាលពីឆ្នាំ២០០៨កន្លងមក។ រាជធានីភ្នំពេញ ត្រូវបានគេមើលឃើញថា មានអគារពាណិជ្ជកម្មខ្ពស់ៗជាច្រើនបានរីកដុះដាល ចំណែកជ្រាយក្រុងវិញមានការសាងសង់ផ្ទះលក្ខណៈបុរី ផ្ទះល្វេង វីឡាជាច្រើន។ ជាមួយគ្នានេះ គេឃើញមានការពុះដីឡូត៍លក់ ក៏កំពុងមានសន្ទុះខ្លាំង នៅតំបន់ជាយក្រុង និងតាមតំបន់សក្តានុពលផ្សេងទៀត។

ដោយមើលឃើញអំពីការរីកចម្រើនៃការពុះដីឡូត៍លក់នេះកំពុងមានសន្ទុះ Business Cambodia យល់ឃើញការស្វែងយល់ផ្លូវច្បាប់ខ្លះៗ ពាក់ព័ន្ធនិងដីធ្លីពិតជាសំខាន់។ ព្រោះវិស័យនេះដំណើរការទៅបាន លុះត្រាតែសកម្មភាពអភិវឌ្ឍន៍ទាំងនោះ ស្របតាមលក្ខខណ្ឌផ្លូវច្បាប់ផងដែរ មិនបំពានច្បាប់ ទើបអាចការពារវិបត្តិណាមួយកើតឡើងនៅពេលខាងមុខ។

យើងតាមច្បាប់ភូមិបាលឆ្នាំ២០០១ របស់ព្រះរាជាណាចក្រកម្ពុជា ដីនៅក្នុងប្រទេសកម្ពុជា ត្រូវបានបែងចែកជា ៥ប្រភេទ គឺ៖ ដីសាធារណៈរបស់រដ្ឋ, ដីឯកជនរបស់រដ្ឋ, ដីឯកជន, ដីរបស់សហគមន៍ជនជាតិដើមភាគតិច និងដីវត្ត។

«ដីសាធារណៈរបស់រដ្ឋ» ដីដែលត្រូវបានចាត់ទុកជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មិនអាចលក់ទៅឲ្យផ្នែកឯកជនបានទេ ហើយមិនអាចធ្វើលទ្ធកម្មដោយនរណាម្នាក់តាមរយៈភោគៈបានដែរ។ ចំណុចនេះធានាថា ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ គឺប្រើប្រាស់សម្រាប់តែប្រយោជន៍សាធារណៈប៉ុណ្ណោះ។ ប៉ុន្តែដីប្រភេទនេះ ក៏អាចត្រូវផ្ទេរជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ហើយអាចផ្ទេរវាទៅឲ្យផ្នែកឯកជនបានតាមរយៈការលក់ ឬសម្បទាន។ ដូច្នេះហើយ ពេលដែលយើងសម្រេចចិត្តដីធ្លីកន្លែងណាមួយគួរស្វែងយល់ចំណុចនេះ តើដីជាទ្រព្យសម្បត្តិរដ្ឋ ឬឯកជន។

«ដីឯកជនរបស់រដ្ឋ» ភាពខុសប្លែកគ្នាជាចម្បងរវាងទ្រព្យសម្បតិ្តឯកជនរបស់រដ្ឋ និងទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ គឺថាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋអាចជាកម្មវត្ថុនៃការលក់។ ពោលគឺ ទ្រព្យសម្បត្តិឯកជនរបស់រដ្ឋអាចលក់ទៅឲ្យផ្នែកឯកជន ហើយបុគ្គលឯកជននោះមានលទ្ធភាពកាន់កាប់ទ្រព្យនោះដោយស្របច្បាប់បាន។ ហើយរដ្ឋក៏អាចចាត់ចែងនូវអ្វីដែលជាទ្រព្យសម្បត្តិឯកជនរបស់ខ្លួនបានដែរ ដូចជាការលក់ ជួល ប្រើប្រាស់ និងផ្តល់សិទ្ធិឲ្យអ្នកដទៃប្រើប្រាស់ទ្រព្យឯកជនរបស់រដ្ឋ។ តែគេមិនអាចលក់ដីនេះបានដែរ លុះត្រាតែមានការអនុម័តអនុក្រឹត្យកំណត់អំពីលក្ខខណ្ឌ និងនីតិវិធីសម្រាប់លក់ និងចាត់ចែងទ្រព្យសម្បត្តិឯកជនរបស់រដ្ឋសិន។

«ដីឯកជន» និយាយឲ្យសាមញ្ញ គឺរាល់ដីដែលបានក្លាយទៅជាទ្រព្យសម្បត្តិឯកជនស្របច្បាប់ មិនត្រូវចូលក្នុងចំណាត់ថ្នាក់ដីរបស់រដ្ឋ ឬមិនមែនជារបស់សមូហភាព។ ហើយឯកជនខ្លួនឯង អាចប្រើប្រាស់ជាកម្មវត្ថុនៃអាជីវកម្ម តាមរយៈការជួល លក់ ជាដើមស្របតាមផ្លូវច្បាប់កំណត់។

«ទ្រព្យសម្បត្តិរបស់វត្ត» តាមច្បាប់ភូមិបាលមាត្រា២០ អចលនទ្រព្យ ជាដី និងជាសំណង់ដែលមាននៅក្នុង និងក្រៅបរិវេណវត្តអារាមនៃព្រះពុទ្ធសាសនាជាបេតិកភណ្ឌ័ប្រើប្រាស់ជានិច្ចកាល សម្រាប់ព្រះពុទ្ធសាសនា និងដាក់ឲ្យពុទ្ធសាសនិកប្រើប្រាស់ក្រោមការថែទាំរបស់គណៈកម្មការវត្ថ។ អចលនទ្រព្យរបស់វត្ថមិនអាចលក់ដូរ ឬជាកម្មវត្ថុនៃអាជ្ញានុកាលបានទេ ប៉ុន្តែទ្រព្យសម្បត្តិទាំងនោះ អាចជួល ឬប្រវាស់បានដើម្បីបានផល។ ការចាត់ចែង និងការទទួលខុសត្រូវលើអចលនវត្ថុរបស់វត្ត គឺជាការទទួលខុសត្រូវរបស់តំណាងគណៈកម្មការវត្ត។

«ដីសហគមន៍ជនជាតិដើមភាគតិច» ជាប្រភេទដីសមូហភាព មិនមែនជារបស់សមាជិកណាម្នាក់ទេ តែជារបស់ក្រុមជនជាតិដើមភាគតិចទាំងមូលតែម្តង។ ដីត្រូវបានរដ្ឋផ្តល់ឲ្យទៅសហគមន៍ជនជាតិដើមភាគតិចធ្វើជាកម្មសិទ្ធិសមូហភាព ហើយមិនអាចលក់ដូរដោយសហគមន៍បានឡើយ។ ដីសហគមន៍ជនជាតិដើមភាគតិច គឺជាដីទាំងអស់ដែលសហគមន៍បានរៀបចំនិវេសនដ្ឋាន និងប្រកបរបរកសិកម្មប្រពៃណី៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

[email protected]

Facebook:  Morn Vuthea

LEAVE A REPLY

Please enter your comment!
Please enter your name here