WB៖ការវិនិយោគលើការអប់រំកុមារតូច ជាគន្លឹះនាំកម្ពុជាទៅកាន់ភាពជោគជ័យនាពេលអនាគត

0
26

ការវិនិយោគលើកុមារតូចតាមរយៈគម្រោងនេះ គឺជាការវិនិយោគ​ដ៏ឆ្លាតវៃបំផុតមួយក្នុងចំណោម​ការវិនិយោគនានា ដែលកម្ពុជាអាចសម្រេចបានក្នុងការដោះស្រាយបញ្ហាវិសមភាព លុប​បំបាត់​ភាព​ក្រីក្រ​ និងចុងក្រោយ លើកកម្ពស់ជីវភាពរស់នៅឲ្យកាន់តែមានភាពប្រសើរឡើង។

នៅកម្ពុជា ខណៈដែលអត្រាពិតនៃការចុះឈ្មោះចូលរៀន ក្នុងកម្រិតបឋមសិក្សា បាន​កើន​ឡើង​ដល់​ប្រហែល​ ៩៨ភាគរយ នៅឆ្នាំ២០១៥ អត្រាចុះឈ្មោះចូលរៀនរបស់កុមារអាយុពី ៣ ដល់ ៥ឆ្នាំ នៅ​ទូទាំង​ប្រទេស មានត្រឹមតែ ៤១ភាគរយ នៅឆ្នាំ២០១៦។

រយៈពេលពីរឆ្នាំកន្លងទៅ អ្នកគ្រូមត្តេយ្យ ឆេ អ៊ាង អាយុ ៤០ ឆ្នាំ បានបង្ហាញ​ដល់​សហគមន៍​របស់គាត់​នូវជម្រើសមួយគឺ សាងសង់​សាលារៀន​មួយ​ដែល​មានសុវត្ថិភាព​ជាងមុន​សម្រាប់​សិស្សតូចៗ​ចំនួន ៣០នាក់ដែលគាត់បានបង្រៀន ឬគាត់នឹងឈប់បង្រៀនប្រសិន​បើគ្មាន​សាលា​សមរម្យ​។

អ្នកគ្រូ ឆេ អ៊ាង បានចង្អុលទៅផ្ទះមួយនៅក្បែរនោះដែលបានសុំម្ចាស់ផ្ទះធ្វើ​ជាសាលាសម្រាប់​បង្រៀន​កុមារ​តូច ក្នុងសហគមន៍របស់គាត់ រួចមានប្រសាសន៍ថា “ខ្ញុំបានប្រាប់ពួកគាត់ថា ខ្ញុំឈប់​បង្រៀន​ហើយ ព្រោះវាមានការលំបាកខ្លាំងណាស់។”

រួចអ្នកគ្រូបានរៀបរាប់ពីភាពលំបាកៗជាច្រើនដែលគាត់ជួបប្រទះ (ពីភ្លៀងសាច ធូលីហុយ ក្រោមផ្ទះ​គេគ្មាន​​ជញ្ជាំង និងឆ្កែកាចដែលបានខាំកូនសិស្សម្នាក់របស់គាត់ផងដែរ) ទាំងអស់នេះគឺវាគ្រប់​គ្រាន់​ល្មម​ហើយសម្រាប់អ្នកគ្រូ ឆេ អ៊ាង ដែលទទួលរងសម្ពាធដ៏ខ្លាំងនេះ។

សព្វថ្ងៃ អ្នកគ្រូ ឆេ អ៊ាង កំពុងបង្រៀននៅសាលាថ្មីនៅក្នុងសហគមន៍របស់គាត់ស្ថិតក្នុងភូមិ ភ្នំប្រា​សាទ ខេត្តបន្ទាយមានជ័យ ។ អ្នកគ្រូសង្ឃឹមថា កូនសិស្សរបស់គាត់​នឹងមាន​អនាគត​ល្អ​ប្រសើរ។

សាលាមត្តេយ្យសហគមន៍ភ្នំប្រាសាទ គឺជាសាលាមត្តេយ្យមួយ​ក្នុងចំណោមសាលាមត្តេយ្យ​សហ​គមន៍​​ចំនួន ៥០០ នៅទូទាំងប្រទេសដែលបានសាងសង់ដោយសហគមន៍ខ្លួនឯងផ្ទាល់ ក្រោម​ការទទួល​បានការគាំទ្រពី គម្រោងអប់រំកុមារតូច។

គម្រោងនេះ គាំទ្រដោយមូលនិធិពហុភាគីពីកម្មវិធីភាពជាដៃគូសកលសម្រាប់ការអប់រំ និងគ្រប់​គ្រង​ដោយ​ធនាគារ​ពិភពលោក សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា។

គ្រប់សហគមន៍គឺតែងតែចង់បានសាលាមត្តេយ្យសហគមន៍។ ឧទាហរណ៍ដូចជានៅភូមិ ភ្នំប្រាសាទ​នេះ ឪពុកម្តាយ មានការស្ទាក់ស្ទើរក្នុងការបញ្ជូនកូនរបស់ខ្លួនឲ្យទៅរៀននៅសាលាមត្តេយ្យរដ្ឋ ព្រោះ​ត្រូវ​ធ្វើដំណើរឆ្លងកាត់ផ្លូវជាតិ ដែលជាការធ្វើដំណើរមួយប្រកបដោយគ្រោះថ្នាក់។ ឪពុកម្តាយជាច្រើនបាននិយាយថា សហគមន៍ គួរតែមានសាលាមត្តេយ្យនៅក្នុងភូមិ ហើយ​សហ​គមន៍​​អាចសាងសង់វាបាន។ តាមរយៈគម្រោងនេះ តំណាងជាច្រើនរបស់ឃុំ ត្រូវបាន​បណ្តុះ​បណ្តាល​ដើម្បីឲ្យចេះត្រួតពិនិត្យមើលការសាងសង់សាលារៀន។

លោកស្រី​ ទិត សុខុន នាយកសាលាមត្តេយ្យធនធានរបស់រដ្ឋ ស្ថិតនៅក្នុងស្រុក សូត្រនិគម ខេត្តសៀមរាប បានរៀបរាប់អំពីអត្ថប្រយោជន៍ ៥យ៉ាង នៃការចូលរៀនថ្នាក់មត្តេយ្យ៖ ការអភិវឌ្ឍជំនាញ ការហាត់ប្រាណនិងអនាម័យខ្លួនប្រាណ ការរៀនសូត្រអំពីសីលធម៌និងការគោរព សកម្មភាពនានាដែលលើកទឹកចិត្តក្មេងឲ្យមានគំនិតសហការគ្នា អភិវឌ្ឍជំនាញក្នុងការគិត និងសមត្ថភាពក្នុងការរៀនអក្សរខ្មែរ។

សិស្សបានរៀនចប់ថ្នាក់មត្តេយ្យ គឺជាក្តីប្រាថ្នាចង់បានយកទៅបង្រៀនរបស់គ្រូដែលបង្រៀនថ្នាក់ទី១ តួយ៉ាង​ដូចជាអ្នកគ្រូ វ៉ៃ ចន្ធី ដែលកំពុងបង្រៀននៅសាលាបឋមសិក្សាគម្រូ។ អ្នកគ្រូ ចន្ទី បាន​មាន​ប្រសាសន៍​ថា “សិស្សដែលបានរៀនចប់ថ្នាក់មត្តេយ្យ មានភាពវ័យឆ្លាត និងយល់​មេរៀន​បាន​លឿន​ណាស់”។​ អ្នកគ្រូបន្តថា សិស្សដែលឆ្លងកាត់មត្តេយ្យបានឡើងថ្នាក់ជាបន្តបន្ទាប់។ ផ្ទុយទៅវិញ មាន​តែ​ ៥០ភាគរយប៉ុណ្ណោះនៃសិស្សដែលមិនបានឆ្លងកាត់មត្តេយ្យ បានប្រឡងជាប់ឡើងពីថ្នាក់ទី១ ហើយ​ពួកគេ មានការលំបាកក្នុងការសិក្សាក្នុងរយៈពេលពីរបីខែដំបូង។

ក្រៅពីការសាងសង់សាលារៀន គម្រោងអប់រំកុមារតូចនេះ បានផ្តល់នូវវគ្គបណ្តុះបណ្តាល​ដល់ម្តាយ​ដែលមាន​ផ្ទៃពោះ ដោយបង្រៀនពួកគាត់អំពីការជួយសង្គ្រោះបឋម ការចម្អិន​អាហារ​ដែលមាន​ជីវ​ជាតិ​ និងអនាម័យខ្លួនប្រាណដែលត្រឹមត្រូវ ដូចជា ការលាងសម្អាតដៃ និងការ​ផ្តល់​យោបល់​ដែល​មាន​ប្រយោជន៍សម្រាប់ការមានផ្ទៃពោះនិងការចិញ្ចឹមកូនឲ្យមានសុខភាពល្អផងដែរ។

រហូតមកដល់បច្ចុប្បន្ននេះ គម្រោងនេះកំពុងតែសម្រេចបានលទ្ធផលជាច្រើន។ ជាឧទាហរណ៍៖ គិតត្រឹម​ ខែមិថុនា ឆ្នាំ២០១៧ សាលារដ្ឋប្រហែល ១០០ និងសាលាមត្តេយ្យសហគមន៍ថ្មីប្រហែល ១.០០០ បានបើកដំណើរការ។

ជាង ៤៧ភាគរយនៃកុមារអាយុចន្លោះពី ៣ ដល់ ៥ ឆ្នាំ បច្ចុប្បន្ន បានចុះឈ្មោះ​ចូលរៀន​នៅសាលា​មត្តេយ្យ​ ទាំងនៅក្នុងទីក្រុងនិងទាំងនៅតំបន់ជនបទ។ គិតត្រឹមខែឧសភា ឆ្នាំ២០១៧ មានសិស្ស​ជាង​ ១២៥.០០០នាក់ ដែលមានអាយុចន្លោះពី ៣ ដល់ ៥ឆ្នាំ បាន​ទទួល​អត្ថប្រ​យោជន៍​ផ្ទាល់​ពីគម្រោង​នេះ។

គ្រូមត្តេយ្យសហគមន៍និងម្តាយ ជាង ៣.៨០០នាក់ ទទួលបានការបណ្តុះបណ្តាល​ស្តីពីការ​ថែទាំ​សុខ​ភា​ព ការសាងសង់សាលារៀន និងជំនាញចិញ្ចឹមកូន។

រដ្ឋាភិបាលសង្ឃឹមថា នេះគ្រាន់តែកត់សម្គាល់ពីការចាប់ផ្តើម​មួយនៃការរីក​ចម្រើនកាន់​តែច្រើនឡើង​សម្រាប់​មនុស្សជំនាន់ក្រោយ។

អាស្រ័យហេតុនេះហើយ បានជា ឯកឧត្តម បណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បន្តលើកទឹកចិត្តមាតាបិតាទាំងអស់ឲ្យ​យកចិត្តទុក​ដាក់​បន្ថែម​ទៀត​ក្នុង​ការចិញ្ចឹម​ថែទាំកូន​តូចៗ​របស់ខ្លួន ចាប់តាំងពីពេលមានផ្ទៃពោះ រហូតដល់កូនមានអាយុ ៣ឆ្នាំ ដោយបានចាត់ទុក​ថាជាពេលវេលា​សំខាន់សម្រាប់ការចម្រើនវ័យផ្នែកកាយសម្បទារនិងបញ្ញាស្មារតី។

ឯកឧត្តម រដ្ឋមន្ត្រី ណារ៉ុន មានការជឿជាក់ថា ការអប់រំកុមារតូច បានបើកនូវឱកាសដ៏ទូលំទូលាយ​ដល់​ពួកគេ។

ឯកឧត្តមមានប្រសាសន៍ថា “មាតាបិតា គួរតែអនុញ្ញាតឲ្យកូនៗរបស់ខ្លួនចូលរៀននៅថ្នាក់​មត្តេយ្យ​សិក្សា ដែលជាមូលដ្ឋានគ្រឹះស​ម្រាប់​ពួកគេទទួល​បាន​ជោគជ័យ​ក្នុងកា​របន្ត​ការសិក្សា​នៅថ្នាក់​បឋម​សិក្សា​ មធ្យមសិក្សា និងឧត្តមសិក្សា៕”

LEAVE A REPLY

Please enter your comment!
Please enter your name here