តើធ្វើយ៉ាងណាទើបធ្វើឲ្យផ្ទះចាស់ៗរបស់អ្នកលក់ឬជួលបានថ្លៃ?

0
25

តើអ្នកកំពុងមានផ្ទះចាស់ ដែលលក់មិនចេញ ឬលក់ក្នុងតម្លៃថោកមែនទេ? ពួកគាត់ភាគច្រើនចង់លក់បានថ្លៃ ប៉ុន្តែពួកគាត់មិនដឹងថា តើត្រូវធ្វើយ៉ាងណាទើបធ្វើឲ្យផ្ទះរបស់គាត់លក់បានថ្លៃនោះទេ។

លោកស្រី Grace Rachny Fong នាយកប្រតិបត្តិនៃក្រុមហ៊ុន Century 21 Cambodia បានមានប្រសាសន៍ប្រាប់ពាណិជ្ជកម្មកម្ពុជាតាមរយៈទូរសព្ទថា ដើម្បីធ្វើឲ្យផ្ទះចាស់របស់អ្នកលក់ ឬជួលបានថ្លៃអ្នកគួរ៖

  1. សម្អាតឲ្យស្អាត

មុននឹងអ្នកដាក់លក់ឬ ជួល អ្នកត្រូវសម្អាតផ្ទះនោះឲ្យបានស្អាតទាំងក្នុងនិងនៅទីធ្លា ខាងក្រៅ។ ជាពិសេសគឺកន្លែងសំខាន់ដូចជា បន្ទប់ទឹក ផ្ទះបាយ បន្ទប់គេងជាដើម។ ព្រោះតម្រូវការរបស់ភ្ញៀវគឺចង់បានស្អាត។ នៅពេលដែលភ្ញៀវទៅមើលនឹងពេញចិត្ត។

  1. ជួសជុលកន្លែងខូច

នៅត្រង់ចំណុចនេះ លោកស្រីបានមានប្រសាសន៍ថា “ត្រូវមើលឲ្យគ្រប់ជ្រុងជ្រោយ ទាំងអស់ ជាពិសេស កន្លែងតូចៗដូចជា សោរ គន្លិះទ្វារ បង្អួច កញ្ចក់ជាដើម។អ្នកកុំគិតថាទាំងអស់នេះជាបញ្ហាតិចតួច គួរតែមើលរំលង ប៉ុន្តែវាគឺជាបញ្ហាធំផងដែរដែលអ្នកគួរតែមើលមុនគេ។ ពួកវាអាចជាការចាប់អារម្មណ៍ពីភ្ញៀវ ។   បន្ទាប់ពីពួកគេចូលទៅផ្ទះ គឺប្រាកដជាមើលបង្អួច ឬទ្វារមុនគេហើយ។

  1. ការរចនា

ការរចនាបន្ថែមនៅអ្វីដែលយើងមាន មិនបានចំណាយថវិការច្រើននោះទេ ដូចនេះអ្នកគប្បី លាបពណ៌ថ្មី បន្ថែមអំពូលភ្លើង ដែលមើលទៅឲ្យផ្ទះមានភាពថ្មី។

លោកស្រីបានលើកឡើងផងដែរថា ចំពោះប្រទេសជប៉ុនគឺជាប្រទេសដែលពុំមានផ្ទះថ្មីសម្រាប់លក់នោះទេ ប៉ុន្តែមានតែផ្ទះចាស់តែប៉ុណ្ណោះ។ ដោយគេយកផ្ទះទាំងនោះមកកែលម្អតែបន្តិចប៉ុណ្ណោះ។

លោកស្រីបានបញ្ជាក់ផងដែរថា ទីផ្សារលក់ឬជួលផ្ទះចាស់គឺជាទីផ្សារមួយដ៏ល្អ ដែលយើងអាចរកចំណូលបានយ៉ាងច្រើនពីវា ដោយប្រើប្រាស់ដើមទុនតិចបំផុត។

ដោយ៖ ពេជ្រ ស្រីវណ្ណ

Email: [email protected]

LEAVE A REPLY

Please enter your comment!
Please enter your name here