ភ្ញៀវជំពាក់អ្នកច្រើន តើអ្នកគួរគិតធ្វើអ្វីខ្លះ?

0
86

បញ្ហាលក់ជឿ ឬជំពាក់ ដែលនឹងធ្វើឲ្យលុយរបស់អ្នកកប់កាន់តែច្រើន ជាបញ្ហាឈឺក្បាលបំផុត ដែលសហគ្រិនតែងត្រូវជួបប្រទះ។ យើងដឹងហើយថា ចរន្តសាច់ប្រាក់ គឺចាំបាច់បំផុត សម្រាប់គ្រប់អាជីវកម្ម ហើយការលក់ជំពាក់ច្រើន និងការទារលុយពិបាក ជាដើមចមនៃការខ្វះចរន្តសាច់ប្រាក់ ដែលអ្នកគ្រប់គ្រងត្រូវដោះស្រាយ។

តាមរបាយការណ៍មួយដែលសិក្សាលើ អាជីវកម្មខ្នាតតូចនៅសហរដ្ឋអាមេរិក ចេញផ្សាយកាលពីពេលថ្មីៗបានឲ្យដឹងថា ប្រមាណជាង ២៥% នៃអាជីវកម្មខ្នាតតូច និងមធ្យម កំពុងប្រឈមខ្លាំងនឹងបញ្ហាអតិថិជនជំពាក់មិនសង ហើយប្រមាណ៤៣% កំពុងតែចេញវិក័យបត្រ ដែលមានកាលកំណត់រហូតដល់ជាង៩០ថ្ងៃ។

បើអាជីវកម្ម លោកអ្នកកំពុងស្ថិតក្នុងបញ្ហាទាំងនេះ នោះមិនយូរមិនឆាប់ លោកអ្នកនឹងត្រូវដកលុយហោប៉ៅ ខ្លួនឯងបន្ថែម ដាក់ចូលក្នុងអាជីវកម្ម ដើម្បីបន្តដំណើរជីវិតអាជីវកម្មនោះបន្តទៀត ហើយបើ ករណីធ្ងន់ធ្ងរជាងនេះ បើអស់លុយពីហោប៉ៅ នោះអ្នកនឹងត្រូវបិទទ្វារជាមិនខាន។ ដើម្បីជៀសវាង បញ្ហាទាំងនេះ សូមអាន និងអនុវត្តនូវគំនិត ដែល Business Cambodia បានរៀបចំ មានដូចខាងក្រោមនេះ៖

វិក័យបត្រអេទ្បិចត្រូនិច

ស្របពេលដែលកម្ពុជា កំពុងតែមានការប្រើប្រាស់ប្រព័ន្ធសេវា អ៊ីនធើណែតច្រើន លោកអ្នកគួរតែ ពិចារណាចេញវិក័យបត្រទៅដល់អតិថិជនតាមអេទ្បិចត្រូនិច។ តាមរយៈសារអេទ្បិចត្រូនិច លោកអ្នកនឹងអាចកាត់បន្ថយពេលនៃការបញ្ជូនឯសារ ដែលពេលខ្លះត្រូវចំណាយពេល ២ទៅ៣ថ្ងៃឯនោះ។

វិក័យបត្រនោះទៀតសោត ត្រូវតែចេញឲ្យបានត្រឹមត្រូវ ជៀសវាង ការកែតម្រូវ ដែលនឹងធ្វើឲ្យអ្នក ខាតពេលបន្ថែម ហើយអតិថិជនក៏ខាតពេលមិនសប្បាយចិត្តដែរ។ មានអតិថិជនរបស់ ពាណិជ្ចកម្មកម្ពុជាមួយចំនួន បានទទួលវិក័យបត្រខុស លេខ VAT ជាឧទាហរណ៍ យើងត្រូវខាតពេល រហូតពេលខ្លះដល់ជិតកន្លះខែ ត្រូវធ្វើថ្មី នឹងផ្ញើរទៅម្តងទៀត។ ទម្រាំដល់ដៃ របស់មេគេដើម្បីចេញ សែក(Cheque) ទូទាត់ ត្រូវចំណាយអស់១ខែទៀតក៏មានដែរ។

លក្ខខ័ណ្ឌទូទាត់

បើអតិថិជនអ្នកជំពាក់កាន់តែច្រើន នោះលោកអ្នកគួរសើរើលក្ខខ័ណ្ឌ នៃការទូទាត់របស់អាជីវកម្មអ្នកទ្បើងវិញហើយ។ អាជីវកម្មភាគច្រើន តម្រូវឲ្យមានការទូទាត់ ក្នុងរយៈពេល៣០ថ្ងៃ តែជាទូទៅ៣០ថ្ងៃនេះហើយដែលនឹងធ្វើឲ្យ ការលក់ជឿរបស់អ្នកកាន់តែ កើនទ្បើងខ្ពស់ទៅៗ។

អ្នកគួរកាត់បន្ថយរយៈពេលទៅ២សប្តាហ៍វិញ ហើយគួរមានការលើកទឹកចិត្ត សម្រាប់អតិថិជន ដែលអាចបង់លុយបានលឿន។ ចំពោះក្រុមហ៊ុនពាណិជ្ជកម្ម កម្ពុជាផ្ទាល់ សម្រាប់អតិថិជន ដែលបង់ប្រាក់មុននឹងទទួលបានការបញ្ចុះតម្លៃពិសេស៥%។ ទោះអ្នកបាត់ចំណូលខ្លះ តែចរន្ត សាច់ប្រាក់របស់លោកអ្នកនឹងប្រសើរជាងមុន។

រក្សាទំនងទំនងជាមួយភ្ញៀវឲ្យវិជ្ជមាន

ទំនាក់ទំនងជាមួយភ្ញៀវឲ្យវិជ្ជមានមានន័យថា ភ្ញៀវមានអារម្មណ៍ថា គេចាយជាមួយយើង គេទទួលបានមកវិញច្រើនជាងអ្វីដែលគេចាយ។ ប្រសិនបើភ្ញៀវមានអារម្មណ៍ថា តាំងពីស្គាល់អ្នកមក ឃើញតែចាយ ចំណូលមកវិញដូចមិនឃើញសោះ ឬផលិតផល សេវាកម្មលោកអ្នក មិនកើត នោះប្រាកដណាស់ថា ភ្ញៀវនឹងមិនមានទំនោរសងលុយលឿន ឬមុនកាលកំណត់នោះទេ។

ពេលអតិថិជនសប្បាយចិត្តនឹងលោកអ្នក ពួកគាត់តែងគិតដល់លោកអ្នកមុនគេ ពេលគាត់ត្រូវសងលុយដល់អ្នកផ្គត់ផ្គង់របស់ពួកគាត់។ ដូចនេះសូមព្យាយាមកសាងទំនាក់ទំនងឲ្យបានជិតស្និត នោះអតិថិជនអ្នកនឹងមិនជំពាក់លោកអ្នកយូរទេ។ ពេលទារក៏ងាយក្នុងការទារដែរ។

គោលនយោបាយលក់ជឿ

មិនមែនគ្រប់អតិថិជនទាំងអស់ សុទ្ធតែអាចទទួលបាននូវការលក់ជឿពីលោកអ្នកទេ។ លោកអ្នកគួរមានគោលនយោបាយលើការលក់ជំពាក់ឲ្យបានល្អ ដោយមើលឲ្យឃើញថា នរណាដែលយើងគួរលក់ជឿឲ្យបាន។

គណនេយ្យករ លោកអ្នកគួរចំណាយពេលខ្លះ សិក្សាពីអតិថិជន ពីប្រវត្តិរបស់ក្រុមហ៊ុននោះ តើធ្លាប់មានបញ្ហាជំពាក់គេមិនសងទេ? តើអតិថិជនមានលទ្ធភាពនឹងសងទាន់ពេលទេ? តើអតិថិជននោះ អាចជំពាក់បានចំនួនប៉ុន្មាន? លោកអ្នកត្រូវកំណត់គោលការណ៍នៃការជំពាក់ឲ្យបានលម្អិត ជៀសវាងថ្នាក់ក្រោមអនុវត្តន៍ការងារភ្លេចខ្លួន ឬមិនបានចាប់អារម្មណ៍លើចំណុចនេះ។

ប្រើផ្លូវច្បាប់ដោះស្រាយបញ្ហា

នេះជាជម្រើសចុងក្រោយបំផុតហើយ ដែលលោកអ្នកគួរតែប្រើ។ តែមុននឹងប្រើជម្រើសនេះ សូមព្យាយាម នូវគ្រប់មធ្យោបាយខាងលើសិន។ ពាណិជ្ជកម្មកម្ពុជា ធ្លាប់ជួបនឹងបញ្ហានេះ កន្លងមក ជាមួយនឹងអតិថិជនម្នាក់ ដោយយើងមិនទាន់មានគោលនយោបាយលក់ជំពាក់បានល្អ អតិថិជនបានជឿរាល់ខែ រហូតដល់៧ខែ តែមិនដែលបានសងមួយខែណាទ្បើយ។

ដល់ខែទីប្រាំពីរ ទើបដឹងថា អតិថិជននោះមានទំនោរមិនចង់ទូទាត់ អ្វីដែលគាត់ជំពាក់ទ្បើយ។ គាត់បានលើកនូវមូលហេតុជាច្រើនដែលគាត់មិនពេញចិត្តនឹងសេវាកម្មដែល ពាណិជ្ជកម្មកម្ពុជា ផ្តល់ជូន តែយើងក៏បានពន្យល់ទៅវិញពីមូលហេតុដែលគាត់មិនពេញចិត្ត។ ទោះយ៉ាងណា ការពន្យល់មិនអាចធ្វើឲ្យអតិថិជនមួយនោះពេញចិត្តទ្បើយ ដូចនេះផ្លូវចុងក្រោយត្រូវដើរ គឺមានតែតាមផ្លូវច្បាប់ប៉ុណ្ណោះ។

ជាសរុប Business Cambodia សង្ឃឹមថា គំនិតខាងលើនេះអាចនឹងជួយដោះស្រាយបញ្ហា អតិថិជន ជំពាក់ច្រើនរបស់លោកអ្នកបានមួយកម្រិត។ បើនៅតែមានបញ្ហានោះដោះមិនចេញ សូមទាក់ទង មក Business Cambodia ដើម្បីពិភាក្សាគ្នាបន្ថែម យើងខ្ញុំស្វាគមន៍ និងរង់ចាំដោះស្រាយតាមលទ្ធភាព៕

អត្ថបទដោយ៖ សំ កុសល

អ្នកនិពន្ធសៀវភៅ ចង់ពូកែរកសីុ ត្រូវចេះសំលៀងពូថៅ

ទំនាក់មកកាន់អ្នកនិពន្ធផ្ទាល់ តាមហ្វេសប៊ុក http://www.facbook.com/sam.kosal.7

LEAVE A REPLY

Please enter your comment!
Please enter your name here