Henry Sy៖ពីក្មេងលក់ចាប់ហ៊ួយចិតតួច រហូតក្លាយជាមហាសេដ្ឋី១ហ្វីលីពីន

0
22

លោកHenry Sy ជាក្មេងរស់នៅក្នុងត្រកូលគ្រួសារក្រីក្រមួយនៅប្រទេសចិន ដោយសារតែក្រខ្លាំងពេកលោកសម្រេចចាក់ចេញពីស្រុកកំណើត ដើម្បីរកស៊ីនៅប្រទេសហ្វីលីពីនកាលពីអាយុ១២ឆ្នាំ ដើម្បីរើបម្រើចេញពីភាពក្រីក្រ។ មុខរបរដំបូងដែលលោកចាប់ផ្តើមរកស៊ីដំបូង គឺពីអ្នកលក់ចាប់ហ៊ួយ ជាមួយដើមទុនតិចតួចបំផុត តស៊ូរហូតទទួលបានជោគជ័យ ជួបបញ្ហាស្ទើតែគ្រប់ជំហ៊ាន ជួបទំាងសង្គ្រាមបំផ្លាញនូវអ្វីដែលលោកសាងឡើងដោយលំបាក តែអ្វីដែលធ្វើឲ្យលោកក្លាយជាសេដ្ឋី១ថ្ងៃនេះ គឺមានក្តីស្រមៃធំ និងមានភាពអត់ធ្មត់ខ្លាំងបំផុត ជាចំណុចពិសេសដែលលោកមាន។

លោក Henry Sy បានមកដល់ហ្វីលីពីនដំបូងនៅឆ្នាំ១៩៣៦ ការងារដំបូងរបស់គាត់ត្រូវធ្វើ គឺរកទីតំាងល្អសមរម្យមួយ និងចាប់ផ្តើមរកស៊ីលក់ចាប់ហ៊ួយ ដើម្បីសម្រេចក្តីសុបិនខ្លួន។ មកដល់ទឹកដីគេ ភាសាក៏មិនចេះ ទំនាក់ទំនងជាមួយគេក៏គ្មាន តែមិនមែនជាឧបស្គដល់ឆន្ទៈដ៏មោះមុតរបស់កុមារវ័យ១២ឆ្នាំនេះទេ។ មនុស្សតែមួយគត់ ដែលគាត់អាចនិយាយជាមួយគាត់ គឺឪពុករបស់ខ្លួន ចាក់ចេញពីស្រុកកំណើត។

Henry Sy បានរស់នៅក្នុងស្ថានភាពលំបាក ដោយបង្ខំចិត្តរស់នៅកន្លែងតូចចង្អៀតជាមួយអ៊ីវ៉ាន់លក់ដូរ។ ឆ្លៀតពេលទំនេរដ៏មមាញឹកពីការរកស៊ី លោកបានទៅរៀនភាសាអង់គ្លេស ដើម្បីងាយស្រួលទំនាក់ទង ព្រោះជនជាតិហ្វីលីពីនភាគច្រើនប្រើប្រាស់ភាសាអង់គ្លេស សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។

ដោយសារមានក្តីសុបិនធំ និងការខិតខំប្រឹងប្រែងមិនដាក់ដៃលើទឹកដីប្រទេសដទៃ បានធ្វើឲ្យមុខរបរលក់ចាប់ហ៊ួយមានការរីកចម្រើនខ្លាំងគួរសម រហូតប្រែក្លាយជីវភាពជនភៀសខ្លួនមួយនេះ មានភាពល្អប្រសើរជាងមុន។ រវល់តែរកស៊ីពេក ពេលខ្លះស្ទើតែគ្មានពេលទាល់តែសោះ សម្រាប់សំរាក និយាយលែងជាមួយអ្នកជិតខាងទៀតផង។

លោកHenry Sy បានប្រើពេលរបស់ខ្លួនទំាងអស់ ផ្តោតលើអាជីវកម្មរបស់ខ្លួន តែជោគវាសនារបស់លោកហាក់មិនល្អសោះ ដោយសារតែសង្គ្រាមលោកលើកទី២បានមកដល់ អ្វីៗត្រូវបានបំផ្លាញចោលទំាងអស់ រួមទំាងអាជីវកម្មលក់ចាប់ហ៊ួយរបស់លោកផងដែរ។ ក្តីសម្រៃត្រូវបានបំផ្លាញចោលទៅតាមភ្លើងសង្គ្រាម អារម្មណ៍បាក់ទឹកចិត្តចាប់ផ្តើមឈានចូលមកដល់។ ម្យ៉ាងទៀត ត្រូវបង្ខំចិត្តទៅស្រុកកំណើតវិញ ដោយសារបញ្ហាសន្តិសុខ។

ស្ថានភាពនេះ ជាស្ថានភាពសម្រេចចិត្តដ៏លំបាកមួយសម្រាប់ជីវិតរបស់សហគ្រិនវ័យក្មេងនេះ ត្រូវចាកចេញដោយបរាជ័យ ឬត្រូវប្រថុយគ្រោះថ្នាក់ ដើម្បីសម្រេចក្តីស្រមៃខ្លួនឯង។ បញ្ហាសន្តិសុខក្នុងប្រទេសក៏រងការគំរាមគំហែង ជារឿងម្យ៉ាង ឪពុកបានផ្តល់យោបល់ឲ្យលោកចាកចេញជាមួយផងដែរ។ ចំណែកលោកវិញ បានសម្រេចចិត្តយ៉ាងមុតមំាថា នឹងមិនចាក់ចេញពីប្រទេសហ្វីលីពីនដាច់ខាត ដោយលោកបាននិយាយថា «ខ្ញុំមិនបោះបង់វាដោយងាយៗនោះទេ ខ្ញុំនឹងស្វែងរកដំណោះស្រាយដ៏ល្អមួយ ហើយខំធ្វើវាឲ្យជោគជ័យ»។

ក្រោយឆ្នាំ១៩៤៥ សង្គ្រាមលោកលើកទី២ បានបញ្ចប់ លោកក៏សម្រេចចិត្តចាប់ដៃគូជាមួយមិត្តភក្តម្នាក់បើកហាងស្បែកជើងនៅក្នុងក្រុងម៉ារីគីណា។ ព្រោះតែមានភាពច្នៃប្រឌិត និងខិតខំបប្រឹងប្រែងធ្វើឲ្យអាជីវកម្មរបស់កាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ​ និងបានសន្សំលុយបានមួយចំនួន ក៏បានអភិវឌ្ឍន៍ហាង និងច្នៃប្រឌិតហាងនេះឲ្យកាន់តែទំនើបជាងមុន ដោយមានឈ្មោះថា Chiu Mart ឬSM។ ហើយមិនយូរប៉ុន្មាននៅឆ្នាំ១៩៥០ លោកក៏បានចូលសិក្សាជំនាញពាណិជ្ជកម្មនៅសាកលវិទ្យាល័យ Far Eastern ដើម្បីអភិវឌ្ឍនជំនួញលោកបន្ថែមទៀត។

ចាប់តាំងពីឆ្នាំ១៩៦០ អាជីវកម្មរបស់កាន់តែរីកចម្រើន ហាងរបស់លោកក៏កាន់តែពង្រីកកាន់តែច្រើនឡើង រហូតដល់ពង្រីកនៅក្រៅប្រទេសទៀតផង និងបានបន្ថែមរកស៊ីជាច្រើនវិស័យទៀតមានដូចជា អចលទ្រព្យ ធនាគារ និងលក់រាយជាដើម។ ដោយសារមានក្តីសុបិនធំប្រចាំជីវិត មានការតំាងចិត្តខ្ពស់ ខិតខំព្យាយាម ជាហេតុធ្វើឲ្យមិនចាក់ចេញពីប្រទេសហ្វីលីពីន មិនចុះចាញ់រាល់ការលំបាក សុខចិត្តស៊ូទ្រាំកសាងជីវិតខ្លួនឯងពីបាត់ដៃទទេរហូតក្លាយទៅជាមហាសេដ្ឋីលេខ១លើទឹកទីបរទេសតែម្តង៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

[email protected]

LEAVE A REPLY

Please enter your comment!
Please enter your name here