បុរសៗបើធ្វើ៥ចំណុចនេះបាន​ទើបសាកសមជាប្ដីល្អ​

0
22
Happy family

ភ្នំពេញ៖ ជោគជ័យ​ក្នុង​ការងារ និង​របរ គ្រាន់តែជាចំណុច​ចាប់ផ្ដើម​មួ​យ​ប៉ុណ្ណោះ បើ​ជោគជ័យទាំង​ក្នុង​គ្រួសារ​មួយ​ទៀត ទើប​ជីវិត​រស់នៅ​មាន​តម្លៃ និង​មាន​ក្ដីសុខ​រៀងរហូត​បាន​។

ខាង​ក្រោម​នេះ ចំណុច​សំខាន់​មួយចំនួន ដែល​ព្រះពុទ្ធបរមគ្រូនៃ​យើង​បាន​ចាត់ទុកថា ជា​គោល​ចំបង​ដែល​បុរសៗគួរ​ធ្វើ​ជាមួយ​ស្រ្ដី ឬប្រពន្ធ​ ទើប​សាកសម​ជា​បុរសល្អ​មួយរូប​។​

១.ស្វាមី​គប្បី​សិក្សា​ថា ​ខ្លួន​ត្រូវ​រាប់​អាន​នាង ឲ្យ​តម្លៃ​នាង លើក​តម្កើន​នាង ថា​ជា​ភរិយា​ពេញ​មុខ

បាន​កើត​មក​ជា​មនុស្ស​គ្រប់​គ្នា គឺ​ជា​ស្នាដៃ​ពិត​ប្រាកដ​របស់​ខ្លួន​ឯង ដែល​ជា​អ្នក​មាន​បុណ្យ​បាន​ធ្វើ​ទុក​ហើយ មិន​មែន​ព្រោះ​ការ​សូក​ប៉ាន ឬ ព្រោះ​ការ​ភាន់​ច្រឡំ​ដោយ​ប្រការ​ណា​មួយ​នោះ​ទេ ដូច្នេះ​ គួរ​រាប់​អាច​មនុស្ស​ទាំង​ពួង​ដែល​មាន​ស្នាដៃ​ពូកែ​អំពី​ជាតិ​មុន​មក។

ភរិយា​គឺ​ជា​មនុស្ស​ស្រី​ដែល​មាន​ប្ដី​ជា​អ្នក​ចិញ្ចឹម​ មាន​ប្ដី​ជា​ម្ចាស់​លើ រូប សំឡេង ក្លិន រស ផោដ្ឋព្វៈ មាន​ប្ដីជា​ធំ​ក្នុង​ការ​គ្រប់​គ្រង​ ដូច្នេះ​ស្វាមី​ត្រូវ​គោរព​តួនាទី​របស់​ខ្លួន​ជា​អ្នក​ចិញ្ចឹម ជា​ម្ចាស់ និង​ ជា​អ្នក​ធំ​ក្នុង​ការ​គ្រប់គ្រង​ថែទាំ ឲ្យ​ដល់​នារី​ម្នាក់​ដែលខ្លួន​បាន​យក​នាង​ជា​ភរិយា​ហើយ​នោះ យ៉ាង​នេះ ទើប​សម​នឹង​ឈ្មោះ​ថា​ជា«ប្ដី»។

ស្វាមី​ត្រូវ​ចម្រើន​មេត្តា​ទៅ​រក​ភរិយា និង​ការ​អាណិត​ឲ្យ​បាន​ច្រើន ព្រោះ​នាង​បាន​ចេញ​ចាក​អំពី​ត្រកូល​ចោល​ម៉ែ​ឪ​បងប្អូន​មីងមា តាម​មក​យក​យើង​ម្នាក់​គត់​ជា​គ្នា ប្រគល់​កាយ​ជីវិត​ឲ្យ​ដល់​បុរស​ម្នាក់​ជា​ស្វាមី​​គ្រប់​គ្រង់​ជំនួស​ម៉ែ​ឪ​នាង។

២.ស្វាមី​គប្បី​ដឹងថាខ្លួន​មិន​ត្រូវ​មើលងាយ​នាង​ជា​ភរិយា​ឡើង

ព្រម​យក​ប្រពន្ធ​ដូច​ព្រម​ចូល​កាន់​សមរភូមិ មិន​មែន​មិន​ដឹង​រឿង​រ៉ាវ​អ្វី​សោះ​ហើយ​ចេះ​តែ​ប្រថុយ​នោះ​ទេ អ្នក​ចម្បាំង​គេ​រៀន​យុទ្ធសាស្ត្រ ​ចំណែក​អ្នក​គ្រប់គ្រង​ផ្ទះ​ក៏​ត្រូវ​ចេះ​ក្បួន​សម្រាប់​គ្រប់​គ្រង​ដែរ ត្រូវ​ច្បាំង​ជាមួយ​ចិត្ត​អាក្រក់​របស់​ខ្លួន ទប់ទល់​ដោះ​ស្រាយ​ចំពោះ​កិលេស​របស់​ប្រពន្ធ​ផង ការពារ​វិបត្តិ​យន្ត​រាយ​ផ្សេង​ៗ ទៀត​ផង គឺ​ជា​ការគ្រប់គ្រង​ដោយ​អំណត់​អត់ធន់​ជាទី​បំផុត ដាច់ខាត​កុំ​យក​ការមើលងាយ​មើល​ថោក​មក​ធ្វើចម្បាំង​ វា​មិន​ពូកែ​ឡើយ ការ​មើលងាយ​សត្រូវ​វា​នាំ​ឲ្យ​ប្រហែស សេចក្ដី​ប្រហែស​ជា​ចំណុច​ចាញ់។

ធម្មតា​ប្ដី​ប្រពន្ធ​សុទ្ធ​តែ​ជា​អ្នក​មាន​កិលេស​ហើយ​ជា​ធម្មតា​របស់​កិលេស​រមែង​នាំ​មក​នូវ​ទុក្ខ ដូច្នេះ​ទើប​កិលេស​ឈ្មោះ​ថា​ជា​សត្រូវ តើ​វា​លំបាក​ប៉ុនណា​ទៅ​ចំពោះ​ជីវិត​ដែល​រស់​នៅ​ក្នុង​ជំរុំ​នៃ​សត្រូវ​នោះ​ ណ្ហើយ​ចុះ​ទ្រាំ​ទៅ! ហើយ​ត្រូវ​ខំ​ទូន្មាន​ចិត្ត ទម្លាប់​ឲ្យ​ចេះ​ស្មោះត្រង់​នឹក​រលឹក​រឿយៗ​ដល់​សេចក្ដី​ល្អ​រវាង​គ្នា​និង​គ្នា កុំ​មើល​ងាយ​គ្នា​ឲ្យ​សោះ សុទ្ធ​តែ​ជា​អ្នក​ជាប់​ខ្នោះ​ទាំង​អស់​គ្នា​ទេ​ត្រូវ​មាន​មេត្តា​ដល់​គ្នា​ទើប​ប្រពៃ។

៣.ស្វាមី​គប្បី​សិក្ខា​ថា​អាត្មាអញ​មិន​ត្រូវ​ប្រព្រឹត្ត​ក្បត់​ចិត្ត​ប្រពន្ធ​ឡើយ

ការ​ស្មោះ​ត្រង់​ចំពោះ​គ្នា​និង​គ្នា គឺ​ជា​បេះដូង​អាពាហ៍ពិពាហ៍​ ស្វាមី​ទោះ​បី​មាន​ការ​ខ្វះ​ខាត​ក្នុង​មុខ​នាទី​ដទៃ​ខ្លះ ប៉ុន្តែ​រក្សា​ការ​ស្មោះ​ចំពោះ​ភរិយា​ទុក​បាន​ដោយ​ល្អ មិន​ក្បត់​ចិត្ត មិន​ច្របូក​ច្របល់​ក្នុង​កាម​គុណ​ជា​មួយ​ស្ត្រី​ដទៃ អាច​ចាត់​ទុក​បាន​ថា​ជា​ស្វាមី​ដែល​ល្អ​ម្នាក់​កម្រ​រក ជា​ស្វាមី​អាច​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​កក់ក្ដៅ​មាន​នូវ​សេចក្ដី​សុខ រស់​នៅ​ជា​មួយ​គ្នា​រហូត​ដល់​ចាស់ មាន​សម្រស់​ល្អ​ដល់​កូន​ចៅ ដូច​មេអំបៅ​លំអ​សួន​ផ្កា។

អណ្ដាត​ និង ធ្មេញ​រមែង​តែ​ង​តែ​ប៉ះ​ខ្ទប់​គ្នាខ្លះ​ជា​ធម្មតា ប៉ុន្តែ​បាន​នៅ​ជា​មួយ​គ្នា​ដោយ​ល្អ ធ្មេញ​ជា​អ្នក​ទំពា​អាហារ រឺឯ​អណ្ដាត​ជា​អ្នក​ត្រឡប់​នូវ​អាហារ​នោះ​បង្វិល​ចុះ​បង្វិល​ឡើង រហូត​លេប​ចូល​ពោះ​បាន​ទាំង​រស់​ទាំង​អស់​គ្នា យ៉ាង​ណា​មិញ ប្ដី​ប្រៀប​ដូច​ជា​ធ្មេញ ប្រពន្ធ​ប្រៀប​ដូច​អណ្ដាត កាល​នៅ​ជា​មួយ​គ្នា ធ្វើការ​ជា​មួយ​គ្នា ក៏​រមែង​ទាស់​ទែង​ថ្នាំង​ថ្នាក់​អាក់​អន់​នឹង​គ្នា​ខ្លះ​ពុំ​ខាន ក៏​យ៉ាង​នោះ​ដែរ ប៉ុន្តែ​ការ​ស្មោះ​ត្រង់​ប្រកប​ដោយ​មេត្តា​ករុណា​ប្រៀប​ដូច​ជា​អាហារ​ក្នុង​មាត់។

៤.ស្វាមី​គប្បី​សិក្សា​ថា​អាត្មា​អញ​ត្រូវ​ប្រគល់​ឥស្សរិយៈ គឺ​ភាព​ជា​ធំ​ឲ្យ​ដល់​នាង​ជា​ភរិយា ចាត់​ចែង​កិច្ចការងារ​ក្នុង​ផ្ទះ

ឥស្សរិយយស​របស់​ស្វាមី ធ្វើ​ឲ្យ​ស្ត្រី​ជា​ភរិយា​ទន់​ភ្លន់​ចិត្ត ទោះ​បី​នាង​មាន​រូប​ល្អ​យ៉ាង​ណា​ក្ដី មាន​ទ្រព្យ​មរតក​របស់​នាង​ច្រើន​ក្ដី មាន​ញាតិ​ច្រើន​ក្ដី មាន​សីលធម៌​ចរិយា​មារយាទ​ល្អ​ប្រពៃ​ក្ដី រួម​ទាំង​កម្លាំង​បុត្រ​ទៀត​ក្ដី​សរុម ៥​យ៉ាង​នេះ​ចូល​គ្នា ក៏​មិន​មាន​កម្លាំង​ស្មើ នឹង​កម្លាំង​ឥស្សរិយ​យស​របស់​ស្វាមី​បាន​ដែរ នេះ​បញ្ជាក់​ឲ្យ​ឃើញ​កម្លាំង​ឥស្សរិយៈ​ដែល​ស្វាមី​ត្រូវ​គ្រប់​គ្រង​ភរិយា មិន​ចង់និយាយ​ថា ស្វាមី​គ្រប់​គ្នា​ត្រូវ​ធ្វើ​ជា​អ្នក​ធំ​ក្នុង​នគរ​នោះ​ទេ គឺ​គ្រាន់​តែ​លើក​ឡើង​នូវ​ភាព​សំខាន់​មួយ​ដែល​នាង​ជា​ភរិយា​មាន​ចំណូល​ចិត្ត​ត្រូវ​ការ​ចង់​បាន​ប៉ុណ្ណោះ។ ដូច្នេះ​ស្វាមី​ត្រូវ​តែ​ប្រគល់​ភាព​ជា​ធំ​ក្នុង​ការងារ​ផ្ទះ មាន​ការ​ឯង​ខំ​ខ្មីឃ្មាត​ធ្វើ​ការងារ​រក​ប្រាក់ ឬ​ទ្រព្យ​សម្បត្តិ​ទុក​ដាក់​ឲ្យ​ភរិយា​ជា​អ្នក​រក្សា មិន​មែន​ថា​មិន​ជួយ​គ្នា​ទេ គឺ​ត្រូវ​ជួយ​គ្នា​ណាស់ ប៉ុន្តែ​ម្នាក់ៗ​ត្រូវ​ប្រាកដ​ច្បាស់​តាម​តួនាទី​របស់​ខ្លួន។

៥.ស្វាមី​គប្បី​សិក្សា​ថា​អាត្មា​អញ​ត្រូវ​ឲ្យ​នូវ​គ្រឿង​ប្រដាប់​កាយ​សម្រាប់​តែង​ខ្លួន​ដល់​ភរិយា

ជា​ធម្មតា​ស្ត្រី​រមែង​ត្រូវ​ការ​អលង្ការ ទោះ​បី​តិច​ច្រើន​យ៉ាង​ណា​ក៏​ទៅ​តាម​កម្លាំង​ទ្រព្យ ដូច្នេះ ស្វាមី​គប្បី​បំពេញ​ចិត្ត​ភរិយា ត្រង់​ចំណុច​នេះ​ហាក់​ដូច​ជា​មិន​ចាំបាច់​ប្រាប់​សោះ ព្រោះ​ថា​បើ​បុរស​ស្រឡាញ់​ស្ត្រី​ណា​ហើយ​ក៏​តែង​ប្រាថ្នា​ឲ្យ​អលង្ការ​ដល់​ស្ត្រី​នោះ ណា​មួយ​នាង​ជា​ភរិយា​ទៀត​ផង ពិត​មែន​តែ​ភរិយា​ប្រដាប់​អលង្ការ​ប៉ុន្តែ​វា​សង្ហា​ស្វាមី​ឯ​ណេះ​ទេ​តើ។

តាម​ពិត​ ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​សម្ដែង​អំពី​វត្ថុ​សម្រាប់​សង្គ្រោះ​គ្រប់​យ៉ាង ដើម្បី​បណ្ដុះ​នូវ​ពូជ​មេត្រី​ភាព​ឲ្យ​ដល់​សត្វ​លោក ដែល​សត្វ​លោក​កំពុង​តែ​ខ្វល់​ខ្វាយ​ក្នុង​ការ​ស្រឡាញ់​ស្អប់​គាប់​ទាស់​ជា​រៀង​រាល់​​ថ្ងៃ​មក​នោះ។ អលង្ការ​នេះ​ត្រូវ​បាន​ជា​តំណាង​ឲ្យ​មេត្តា​ចិត្ត​តំណាង​ឲ្យ​សេចក្ដី​ថ្លៃ​ថ្នូរ តំណាង​ឲ្យ​សេចក្ដី​ស្មោះ​ត្រង់​ ។ល។ បដិសេធ​ការ​មើលងាយ​មើល​ថោក ការ​វាយ​ដំ​ទាត់​ធាក់ និង អំពើ​អាក្រក់​ផ្សេង​ៗ​ទៀត ដែល​ជា​លាមក​មិន​មែន​អលង្ការ៕

​«សៀវភៅសិក្ខាបទមនុស្សល្អ»

LEAVE A REPLY

Please enter your comment!
Please enter your name here