ហ្គ្រែនភ្នំពេញបោះទុន១០លានដុល្លារបន្ថែមសាងសង់គម្រោងដំណាក់កាល ៥.៤

0
14

ភ្នំពេញៈ ក្រោយទទួលបានជោគជ័យក្នុងវិស័យសំណង់រយៈពេលជាង ១០ឆ្នាំ នៅកម្ពុជា ក្រុមហ៊ុន ហ្គ្រែនភ្នំពេញ បានបន្តបោះទុនចំនួន ១០លានដុល្លារបន្ថែមទៀត ដើម្បីសាងសង់ផ្ទះល្វែង ដែល​ជា​ដំណាក់​កាល ៥.៤ របស់ក្រុមហ៊ុន ដែល​ត្រូវ​សាងសង់ប្រមាណជាង ៣០០យូនីតបន្ថែម។

ឈាន​ដល់​ដំណាក់កាលសាងសង់​ ៥.៤ មានន័យថា ​គម្រោង​អភិ​វឌ្ឍន៍​តំបន់​ហ្គ្រែន​ភ្នំពេញ​បាន​បែង​ចែក​ចេញជា ៧​ដំណាក់កាល ហើយគម្រោងនេះ គឺជាដំណាក់កាលទី ៥.៤ របស់ក្រុហ៊ុន បន្ទាប់​ពីបាន​​អនុវត្តន៍​ ដំណាក់កាល ៥.១ ៥.២ និង ៥.៣ បានជោគជ័យ ។

លោក Yeok Foo នាយកគម្រោងសម្រាប់កាអភិវឌ្ឍទីក្រុងហ្គ្រែនភ្នំពេញអន្តរជាតិ បានលើកឡើង ក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់គម្រោង ៥.៤ នៅថ្ងៃ ទី២ ខែធ្នូ ឆ្នាំ២០១៧ថា ក្នុងគម្រោង នេះ ក្រុមហ៊ុននឹងចាប់ផ្ដើមសាងសង់ជា ២ដំណាក់កាល ដោយទី១. ក្រុមហ៊ុនចំណាយទុន ៥លាន ដុល្លារ និងដំណាក់កាលទី២. នឹងបន្ថែមទុន ៥០លានដុល្លារទៀត ហើយវាបានបើកដាក់លក់ ចាប់​ពីថ្ងៃ សម្ពោធសាងសង់នេះទៅ ។

លោក Yeok Foo នាយកគម្រោងសម្រាប់កាអភិវឌ្ឍទីក្រុងហ្គ្រែនភ្នំពេញអន្តរជាតិ

លោកបន្តថា «ហ្គ្រែនភ្នំពេញមានលក្ខណៈពិសេសត្រង់ថា នៅក្នុងបរិវេណក្រុមហ៊ុន គឺរៀបចំតាម​បែប​ធម្មជាតិ ដោយមានបឹងធម្មជាតិ មានសួនទឹក កន្លែងហាត់ប្រាណ ដែលមានលក្ខណៈស៊ីវិល័យ ហើយលក្ខណៈ ធំទូលាយ»។

ទាក់ទិន​ចំពោះស្ថានភាពនយោបាយ​ក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ  លោក Yeok Foo បានបង្ហាញនូវ ការមិនព្រួយបារម្ភនោះទេ ។

លោក បានបញ្ជាក់ថា «ភាពព្រួយបារម្ភ គឺមានតិចណាស់ ទោះបី ជាសេដ្ឋកិច្ច​មាន​ការឡើង​ចុះ​ក៏ដោយ​ ព្រោះនៅប្រទេសកម្ពុជាមានសភាពនឹងន អត់មានបញ្ហាដូចគេ ទោះបីជាមាន គឺមាន​តិច​បំផុត ហើយខ្ញុំជឿថា ស្រុកខ្មែរនឹងមានការបណ្ដាកទុនច្រើនទៀត»។

គួររំលឹកថា ហ្គ្រែនភ្នំពេញអន្តរជាតិ បង្កើតឡើងនៅឆ្នាំ២០០៥ លើផ្ទៃដី ២៦០ហិកតា ក្នុង​នោះផ្ទៃដី​ចំនួន១៨៩ហិកតា សម្រាប់ការអភិវឌ្ឍលំនៅដ្ឋាន និង៧០ហិកតា ជាទីលានវាយកូនហ្គោល៕

LEAVE A REPLY

Please enter your comment!
Please enter your name here