អ្នកជំនាញហិរញ្ញវត្ថុ៖ ៧០% នៃឪពុកម្ដាយវ័យក្មេង កំពុងតែបង្កើតកំហុសធំមួយ លើផ្នែកហិរញ្ញវត្ថុ

0
36

យោងតាមការស្ទង់មតិមួយ ពី Personal Capital បានបង្ហាញថា ៧០%នៃ ឪពុកម្ដាយវ័យក្មេង នឹងដាក់អាទិភាព ក្នុងការចំណាយលុយសម្រាប់កាសិក្សារបស់កូននៅថ្នាក់ មហាវិទ្យាល័យ ជាជាងទុកសម្រាប់ទំនុកបម្រុងពេលចូលនិវត្តន៍។

យ៉ាងណាមិញថាការធ្វើបែបនេះ អ្នកប្រឹក្សាខាងផ្នែកហិរញ្ញវត្ថុភាគច្រើន បានលើកឡើងថា វាជាកំហុសធំមួយ ទៅលើផ្នែកហិរញ្ញវត្ថុ។ តាមការលើកឡើងរបស់ លោកស្រី Carrie Schwab-Pomerantz អ្នកជំនាញខាង រៀបចំផែនការហិរញ្ញវត្ថុ បានឲ្យដឹងថា អ្នកមិនចាំបាច់ យកលុយដែលអ្នកទុកបម្រុងពេលចូលនិវត្តន៍ ទៅបង់ថ្លៃការសិក្សាកូនៗនៅថ្នាក់ មហាវិទ្យាល័យនោះទេ ខណៈដែលពួកគេទទួលកម្ចីសិក្សា និងទទួលបានអាហារូបករណ៍។

លោកស្រីក៏បានបន្ថែមទៀតថា បើអ្នកមិន រៀបចំចាត់ចែងលុយទុកសម្រាប់ពេលចូលនិវត្តន៍ទេនោះ កូនៗរបស់អ្នក នឹងត្រូវរកលុយមកផ្គត់ផ្គង់អ្នកនាពេលអនាគត ដែលនេះអាចនឹងចំណាយអស់លុយច្រើនជាងកម្ចីសិក្សាទៅទៀត។

ចំណែកលលោកស្រី Lazetta Braxton អ្នកជំនាញហិរញ្ញវត្ថុមួយរូប ក៏មានទស្សនៈមិនខុសពី លោកស្រី Carrie Schwab-Pomerantz ប៉ុន្មានដែរ ដោយលោកស្រីលើកឡើងថា ឪពុកម្ដាយគួរគិតពីខ្លួនឯងជាមុនសិន ព្រោះគ្មានការធានាថា កូនៗរបស់ពួកគេ​អាចផ្គតផ្គង់ការរស់នៅ ពេលពួកគេចាស់ជរានោះទេ។

រីឯ មហាសេដ្ឋី Grant Cardone ធ្លាប់បានលើកឡើងថា “ កុំបង់ថ្លៃសម្រាប់ការសិក្សារបស់កូនៗ នៅថ្នាក់មហាវិទ្យាល័យ” ។ លោកបានបន្តថា ប្រសិនបើចង់កូនៗ ទៅសិក្សាថ្នាក់មហាវិទ្យាល័យ ត្រូវឲ្យពួកគេរកការងារធ្វើ ឬជួយរកការងារឲ្យពួកគេធ្វើ​ សន្សំលុយបានខ្លះៗ សឹមរកសាលាដែលពួកគេចង់រៀន។

សរុបសេចក្ដីមក ការសម្រេចចិត្តថាតើ គួរបង់ថ្លៃសិក្សាឲ្យកូនៗនៅថ្នាក់មហាវិទ្យាល័យឬអត់ គឺផ្ទាល់ខ្លួននៃ គ្រួសារនិមួយៗ  ចំណែកការសន្សំលុយ​សម្រាប់ឲ្យកូនៗនៅថ្នាក់មហាវិទ្យាល័យ និងសម្រាប់ទំនុកបម្រុងពេលចូលនិវត្តន៍ គឺពិតជាអាចធ្វើទៅបានបើអ្នក បានរៀនចំផែនការហិរញ្ញវត្ថុប្រចាំឆ្នាំបានទាន់ពេលវេលា។ ចូរអ្នកចង់ចាំថា ខ្ចីលុយសម្រាប់សិក្សាគឺអាចធ្វើបានតែ ខ្ចីលុយសម្រាប់ចាយពេលចូលនិវត្តន៍គឺ មិនអាចខ្ចីបានទេ៕

អត្ថបទដោយ៖ ហុង

 

LEAVE A REPLY

Please enter your comment!
Please enter your name here