ការវិវត្តខ្លួនពីអ្នករស់នៅផ្ទះជួលគេរហូតមានលទ្ធភាពទិញផ្ទះមួយខ្នងដោយប្រើលុយដែលខ្លួនឯងរកបានផ្ទាល់គឺជារឿងដ៏គួរឱ្យត្រេកអរណាស់។ ក៏ប៉ុន្តែប្រសិនបើអ្នកធ្វើការផ្លាស់ប្ដូរមួយនោះដោយមិនមើលកាលៈទេសៈ រឿងដែលគួរឱ្យត្រេកអរអាចនឹងក្លាយទៅជាបន្ទុកដ៏ធ្ងន់ធ្ងរសម្រាប់អ្នកមិនខានឡើយ។
ពាក់ព័ន្ធទៅនឹងការសម្រេចចិត្តចំពោះបញ្ហាខាងលើនេះ លោក អុន សុធារ៉ា អ្នកគ្រប់គ្រងឥណទានជាន់ខ្ពស់ របស់ធនាគារឯកទេស ខេប៊ី ដេហាន (KDSB) បានបង្ហើបអំពីគំនិតពិចារណាមួយចំនួន ដែលអ្នកគួរគិតមុនពេលជ្រើសរើសរវាងទិញផ្ទះថ្មី ឬបន្តនៅផ្ទះជួល ក្នុងនាមគាត់ជាអ្នកមានបទពិសោធន៍ផ្នែកហិរញ្ញវត្ថុអស់រយៈពេលជាង ១០ឆ្នាំ។ គំនិតពិចារណាទាំងនោះរួមមាន៖
១. ប្រសិនបើអ្នកនៅលីវ៖ លោក សុធារ៉ា លើកឡើងថា “ប្រសិនបើអ្នកមិនទាន់មានគ្រួសារអ្នកគួរតែកុំទាន់ទិញផ្ទះល្អជាង” ព្រោះថាបើអ្នកនៅខ្លួនមួយ ផ្ទះវាមិនទាន់ជារបស់ចាំបាច់នៅឡើយទេ។ មួយវិញទៀតបើអ្នកទិញផ្ទះស្នាក់នៅ វាតម្រូវឱ្យអ្នកចំណាយកាន់តែច្រើន ទាំងទឹកភ្លើង និងលុយថ្លៃរំលស់ផ្ទះរៀងរាល់ខែថែមទៀត ដែលរឿងទាំងអស់ហ្នឹងអាចធ្វើឱ្យអ្នកបាត់បង់ឱកាសក្នុងការវិនិយោគលុយរបស់អ្នកឱ្យកើនឡើង។
២. ប្រសិនបើអ្នកមានគ្រួសារ៖ ត្រង់ចំណុចនេះគាត់បានពន្យល់ថា “ផ្ទះជារបស់ចាំបាច់ណាស់សម្រាប់គ្រួសារមួយ ដូច្នេះហើយអ្នកគួរតែទិញវាទៅ”។ បើក្នុងករណីថាអ្នកមានលុយដែលសន្សំបានគ្រប់គ្រាន់សម្រាប់ទិញផ្ទះមួយខ្នង អ្នកជំនាញហិរញ្ញវត្ថុរូបនេះបញ្ជាក់ថា “អ្នកពុំគួរយកវាទៅទិញទាំងដុលឡើយ គួរតែបង់ត្រឹម ៤០% ទៅ៥០% សិនបានហើយ ឯចំណែកដែលនៅសល់គួរខ្ចីពីធនាគារបង្រ្គប់វិញ”។
គាត់លើកជាឧទាហរណ៍ថា ប្រសិនបើមានលុយទិញផ្ទះតម្លៃ ១០ម៉ឹនដុល្លារ អ្នកគួរតែដកលុយខ្លួនឯងត្រឹម ៥ម៉ឹនដុល្លារអីបានហើយចំណែក ៥ម៉ឺនដុល្លារទៀតយកពីធនាគារមកបង្គ្រប់សិន។ ឯចំពោះលុយ ៥ម៉ឺនដុល្លារ របស់អ្នកដែលនៅសល់អ្នកគួរតែយកវាទៅវិនិយោគលើជំនាញ អាជីវកម្ម ឬវិនិយោគលើផ្សារហ៊ុនខ្មែរ និងអចលនទ្រព្យជាដើម ដើម្បីឱ្យវាកើនឡើង។
ក៏ប៉ុន្តែអ្នកត្រូវប្រាកដចិត្តថាអ្នកវិនិយោគលើអ្វីដែលខ្លួនឯងចេះពិតប្រាកដ ទើបវាអាចមានឱកាសទាញផលចំណេញធ្វើឱ្យលុយកើន និងមិនខាតដើម។ អ្វីដែលសំខាន់អ្នកអាចបង់ធនាគារបណ្ដើរៗ ទម្រាំដល់ផុតអស់ លុយ ៥ម៉ឺនដុល្លារដែលអ្នកវិនិយោគវាក៏កើនឡើងតាមហ្នឹងដែរ ចំណុចនេះវាធ្វើឱ្យអ្នកចំណេញបានទាំងផ្ទះមួយខ្នងបានទាំងលុយកើនថែមទៀត។
គួរបញ្ជាក់ផងដែរថា ធនាគារឯកទេស ខេប៊ី ដេហាន នឹងមានវត្តមានចូលរួមក្នុងកម្មវិធីពិព័រណ៌មុខរបរដែលរៀបចំដោយក្រុមការងារ Business Cambodia នៅថ្ងៃទី២៩ និង ទី៣០ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ ។ ដូច្នេះសម្រាប់លោកអ្នកដែលមានបំណងចង់ចូលរួម សូមទំនាក់ទំនងចុះឈ្មោះតាមរយៈលេខ៖ 081 688 228 (ចំនួនមានកំណត់) ៕
អត្ថបទដោយ៖ សូ សុខលី