ថ្មីៗនេះ FCC ដែលជាស្ថាប័នធំមួយរបស់សហរដ្ឋអាមេរិកបានស្នើទៅកាន់ក្រុមហ៊ុន Google និង Apple ឱ្យធ្វើការដកកម្មវិធី TikTok ចេញពី Play Store និង App Store។ ការស្នើសុំនេះគឺនៅក្រោយពេលដែលស្ថាប័នបានរកឃើញថា ក្រុមហ៊ុន TikTok មានការប្រមូលទិន្នន័យដ៏ច្រើននៅសហរដ្ឋអាមេរិក ថែមទាំងអាចចូលទៅប្រើប្រាស់ទិន្នន័យស៊ើបអង្គេតទៀតផង ដែលជាហេតុធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខជាតិអាមេរិក។
ខណៈពេលនេះដែល TikTok គឺជាបណ្ដាញសង្គមដ៏ពេញនិយមមួយ វាមានអ្នកទាញយកមកប្រើប្រាស់យ៉ាងច្រើន និងសូម្បីតែប្រទេសកម្ពុជាយើងក៏មានអ្នកប្រើមិនតិចដែរ។ បើយោងតាមរបាយការណ៍របស់គេហទំព័រ RouteNote បានបង្ហាញឱ្យឃើញថាខាងក្រោមនេះ ជាប្រទេសកំពូលទាំង១០ ដែលមានចំនួនអ្នកទាញយកកម្មវិធី TikTok តាមរយៈ Play Store និង App Store មកប្រើប្រាស់ច្រើនជាងគេបង្អស់នៅលើពិភពលោក។
១. សហរដ្ឋអាមេរិក (The United States of America) : មានអ្នកប្រើប្រាស់ ១២០.៨លាននាក់
២. ឥណ្ឌូនេស៊ី (Indonesia) : មានអ្នកប្រើប្រាស់ ៨៧.៥លាននាក់
៣. ប្រេស៊ីល (Brazil) : មានអ្នកច្រើប្រាស់ ៧២.៣លាននាក់
៤. សហព័ន្ធរុស្ស៊ី (The Russian Federation) : មានអ្នកប្រើប្រាស់ ៤៨.៨លាននាក់
៥. ម៉ិកស៊ិក (Mexico) : មានអ្នកប្រើប្រាស់ ៤៦.១លាននាក់
៦. វៀតណាម (Vietnam) : មានអ្នកប្រើប្រាស់ ៣៩.៧លាននាក់
៧. ថៃ (Thailand) : មានអ្នកប្រើប្រាស់ ៣៥.៦លាននាក់
៨. ហ្វីលីពីន (The Philippines) : មានអ្នកប្រើប្រាស់ ៣៣លាននាក់
៩. តួកគី (Turkey) : មានអ្នកប្រើប្រាស់ ២៤.៦លាននាក់
១០. ចក្រភពអង់គ្លេស (The United Kingdom): មានអ្នកប្រើប្រាស់ ២០.១លាននាក់
គួរបញ្ជាក់ថា TikTok ត្រូវបានបង្កើតឡើងដោយលោក Zhang Yiming កាលពីឆ្នាំ២០១៧ និងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន ByteDance ប្រទេសចិន។ បច្ចុប្បន្នកម្មវិធីបណ្ដាញសង្គមមួយនេះមានអ្នកប្រើប្រាស់សរុបជាង ១ពាន់លាននាក់ ៕
អត្ថបទដោយ៖ សូ សុខលី