ក្រុមហ៊ុនគ្រឿងសម្អាងយក្សចាស់វស្សា Revlonដ៏ល្បី របស់អាមេរិក បានដាក់ពាក្យសុំក្ស័យធនជាផ្លូវការនៅថ្ងៃទី១៦ ខែមិថុនា ទៅកាន់តុលាការតំបន់ភាគខាងត្បូងនៃទីក្រុងញូវយ៉ក ព្រមទាំងចុះបញ្ជីទ្រព្យរបស់ក្រុមហ៊ុនសរុបមានចំនួន ២.៣ពាន់លានដុល្លារ ខណៈកំពុងជាប់បំណុលប្រមាណ ៣.៧ពាន់លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Yahoo Finance កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២។
វាជារឿងដែលគួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់ចំពោះដំណឹងប្រកាសដាក់ពាក្យក្ស័យធន របស់ក្រុមហ៊ុនគ្រឿងសម្អាងខ្នាតយក្សមួយនេះ តែទោះជាយ៉ាងណាក៏ដោយ ប្រភពខាងលើបានបញ្ជាក់ថា Revlon ប្រហែលជាមិនទៅណាឆ្ងាយទេ។
ការដាក់ពាក្យសុំក្ស័យធនរបស់ក្រុមហ៊ុនគឺត្រូវបានតុលាការអនុវត្តតាមច្បាប់នៅមាត្រា១១ ដែលអាចអនុញ្ញាតឱ្យក្រុមហ៊ុនបន្តប្រតិបត្តិការអាជីវកម្មរបស់ខ្លួនជាធម្មតា។ លើសពីនេះមាត្រា១១ ក៏ត្រូវបានគេសម្គាល់ដែរថាជា “ការរៀបចំឡើងវិញ” ដែលមានន័យថា ការអនុញ្ញាតឱ្យអាជីវកម្មព្យាយាមធ្វើឱ្យមានដំណើរការឡើងវិញ។ មិនតែប៉ុណ្ណោះតុលាការថែមទាំងបានយល់ព្រមឱ្យ កូនបំណុលមានសិទ្ធិបន្តអាជីវកម្ម ថែមទាំងអាច ខ្ចីបំណុលថ្មីបានទៀតផង។
គួរបញ្ជាក់ផងដែរថាគិតចាប់ពីឆ្នាំ២០១៧ ការលក់របស់ Revlon បានធ្លាក់ចុះអស់២២% នៅក្នុងឆ្នាំ២០២១ ប៉ុន្តែខាងក្រុមហ៊ុនសង្ឃឹមថា នឹងអាចទទួលបានប្រាក់ ៥៧៥លានដុល្លារ ក្នុងការផ្ដល់ហិរញ្ញប្បទានដល់កូនបំណុលពីមូលដ្ឋានអ្នកឱ្យខ្ចីដែលមានស្រាប់នៅពេលទទួលបានការយល់ព្រមពីតុលាការរួចរាល់បែបនេះ៕
អត្ថបទដោយ៖ សូ សុខលី