ថ្មីៗនេះជំងឺអុតស្វា ត្រូវបានគេចាត់ទុកជាបញ្ហារបស់ពិភពលោកទាំងមូល ព្រោះតែវារីករាលដាលទៅកាន់ប្រទេសជាង១០ទៅហើយ ទន្ទឹមនឹងនោះប្រទេសបែលហ្ស៊ិក ពេលនេះបានក្លាយជាប្រទេសទី១ដែលប្រកាសឱ្យអ្នកជំងឺអុតស្វាធ្វើចត្តាឡីស័ក នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។
បើគិតត្រឹមថ្ងៃច័ន្ទ ប្រទេសមួយនេះមានករណីឆ្លង ៤នាក់ហើយ ជាហេតុធ្វើឱ្យអាជ្ញាធរសុខាភិបាលរបស់បែលហ្ស៊ិក បានណែនាំវិធានការឱ្យអ្នកជំងឺអុតស្វា នៅដាច់ដោយឡែកពីគេរយៈពេល ២១ថ្ងៃ ឬរហូតដល់ពួកគេជាសះស្បើយ (អាស្រ័យលើការណែនាំជាក់ស្ដែងរបស់គ្រូពេទ្យព្យាបាលពួកគេ) ។ គួរបញ្ជាក់ផងដែរថាគេមិនដាក់កំហិតឱ្យផ្ដាច់ខ្លួនពីអ្នកជិតស្និទដូចកាលពីជំងឺកូវីដ១៩ឡើយ ប៉ុន្តែគេលើកទឹកចិត្តឱ្យរក្សាការប្រុងប្រយ័ត្ន និងកុំទំនាក់ទំនងជាមួយអ្នកងាយរងគ្រោះ ដូចជាកុមារ និងមនុស្សចាស់ជាដើម។
គិតត្រឹមថ្ងៃសៅរ៍ អង្គការសុខភាពពិភពលោក បានរាយការណ៍ថាមានករណីឆ្លងចំនួន៩២ និងករណីសង្ស័យ២៨ នៅក្នុង១២ប្រទេស។ ក្នុងនោះដែរស្ថាប័នសុខភាពសាធារណៈបានលើកឡើងថា ករណីដែលបានរាយការណ៍នាពេលថ្មីៗនេះមិនមានទំនាក់ទំនងទៅនឹងការធ្វើដំណើរពីបណ្ដាប្រទេសក្នុងតំបន់អាហ្រ្វិក ប៉ុន្តែវាដូចជាការឆ្លងតាមរយៈការទំនាក់ទំនងដោយផ្ទាល់ ពីមនុស្សទៅមនុស្ស ឬពីសត្វទៅសត្វ។
បន្ថែមពីនេះ អង្គការសុខភាពពិភពលោក បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍ដែលបានបង្ហោះនៅលើគេហទំព័ររបស់ខ្លួន កាលពីថ្ងៃសៅរ៍ថា «ការស៊ើបអង្កេតរោគរាតត្បាតកំពុងបន្ត ប៉ុន្តែករណីដែលបានរាយការណ៍មកទល់ពេលនេះមិនទាន់មានទំនាក់ទំនងជាមួយនឹងការធ្វើដំណើរទៅកាន់តំបន់ឆ្លងឡើយ»។
អត្ថបទដោយ៖ សូ សុខលី