នៅពេលដែលនិយាយពីការចេញរកស៊ី រឿងចម្បងដែលត្រូវគិតគឺទាក់ទងនឹងដើមទុន ចុះប្រសិនបើមានទុនតិចតួច គួរធ្វើបែបណាទើបអាចចាប់ផ្ដើមអាជីវកម្មមួយបានទៅ។ ជុំវិញបញ្ហានេះដែរលោក សេង ផានិត ស្ថាបនិក Room42 បានបង្ហើបពីទិកនិចដែលអាចយកដើមទុនតិចបង្កើតជាអាជីវកម្មមួយទាញចំណូលបានច្រើន និងមិនងាយដួលរលំ។
តាមរយៈបទសម្ភាសន៍ពីចម្ងាយជាមួយនឹង Business Cambodia លោក ផានិត បានលើកឡើងថា “ពេលយើងនៅក្មេងមានលុយតិចតួចសន្សំទុករកស៊ី រឿងដំបូងបំផុតដែលយើងត្រូវមានគឺចំណេះដឹងផ្នែកអាជីវកម្មដែលយើងចង់បើក” ។ ជាក់ស្ដែងដូចរូបលោក ផានិត ផ្ទាល់អីចឹង មុនពេលដែលចាប់ផ្ដើមបើក Room42 ដែលជាកន្លែងញ៉ាំអី ឬជា Pub គាត់បានសិក្សាពីអាជីវកម្មប្រភេទនេះខ្លាំងមែនទែន មិនមែនគ្រាន់តែសិក្សាលំៗទេ។ ស្ថាបនិករូបនេះបញ្ជាក់ថា ការសិក្សាពីអាជីវកម្មគឺអាចស្រាវជ្រាវតាម Internet, Google និងការដើរមើលដោយផ្ទាល់នៅកន្លែងដែលគេរកស៊ីលើវិស័យដូចយើងចង់បើក។
សហគ្រិនវ័យ២៨ឆ្នាំរូបនេះបានបន្ថែមទៀតថា “បើចង់រកស៊ីអ្វីមួយត្រូវមានចំណេះដឹងលើរឿងនោះឱ្យបានយ៉ាងតិច ៨០%សិនចាំបើកអាជីវកម្ម”។ ត្រង់ចំណុចនេះមានន័យថានៅពេល យើងយល់ពីវាច្បាស់យើងនឹងដឹងថាតើអាជីវកម្មមួយនោះមានអ្វីជារបស់ចាំបាច់ជាងគេ ដែលតម្រូវឱ្យយើងចាយលុយទៅលើវាមុន។ ឧទាហរណ៍ថាបើក Pub មួយ ត្រូវមានសេវាកម្ម ម្ហូបអាហារ ភេសជ្ជៈ បរិយាកាសក្នុងហាង និងភ្លេងជាដើម ដូច្នេះប៉ុន្មានចំណុចនេះហើយជាអ្វីដែលយើងត្រូវចំណាយមុន ហើយរបស់ផ្សេងៗចាំពង្រីកតាមក្រោយ។ បើតាមបទពិសោធន៍របស់លោកផានិតផ្ទាល់ ហាងRoom42 របស់គាត់កាលពីបើកដំបូងមិនទាន់មាន Band ទេ ប៉ុន្តែជាការពិត Pub ត្រូវមានភ្លេងដូច្នេះគាត់បានចាក់ភ្លេងជូនភ្ញៀវជាធម្មតា រហូតដល់មានលទ្ធភាពទើបគាត់ទិញឧបករណ៍តន្ត្រីនិងជួលអ្នកច្រៀងមកតាមក្រោយ។
ស្ថាបនិក Room42 បានបញ្ជាក់ផងដែរថា “យើងអត់ត្រូវប្រញាប់ហក់លោតទេព្រោះយើងមានលុយតិច ដូច្នេះមុននឹងចាប់ផ្ដើមយើងត្រូវគិតឱ្យល្អិតល្អន់សិន ជៀសវាងប្រឈមនឹងការខាតច្រើនខែ ហើយគ្មានលុយបម្រុងទប់ទល់គ្រប់គ្រាន់” ។ ជាធម្មតាអាជីវកម្មមួយត្រូវការមានបុគ្គលិកច្រើនផ្នែក ប៉ុន្តែនៅជំហានដំបូងយើងមិនអាចមានលុយជួលគេទាំងស្រុងទេ ហេតុនេះវាតម្រូវឱ្យយើងចុះមកធ្វើផ្ទាល់ដោយខ្លួនឯង។ ចំណែកឯការធ្វើដោយខ្លួនឯងទៀតសោត គឺតម្រូវឱ្យយើងរៀនសូត្របន្ថែមឱ្យច្រើន ឧទាហរណ៍ដូចជាការរៀនទំនាក់ទំនងជាមួយភ្ញៀវជាដើម។ ដោយឡែកគ្រប់អាជីវកម្មនៅពេល ២ទៅ៣ខែដំបូងគឺត្រូវចាយលុយបម្រុងនៅឡើយទេព្រោះមិនទាន់មានលុយចំណេញ ដូច្នេះការគិតគូរពីការចំណាយជារឿងចាំបាច់បំផុត ដើម្បីជៀសវាងការខាតច្រើនខែ។
ជាចុងក្រោយលោក សេង ផានិត បានផ្ដាំថា “មិនថាមានទុនប៉ុណ្ណាមិនត្រូវជ្រួលជ្រើមបង្កើតអាជីវកម្មតាមគេ ទាំងដែលខ្លួនឯងមិនបានយល់ដឹងពីអាជីវកម្មនោះសូម្បីបន្ដិច ឮតែគេនិយាយថា ៣ពាន់ដុល្លារអីបើកបានហើយក៏រត់ទៅបើកតាមគេ លុយប៉ុនហ្នឹងវាច្រើនណាស់សម្រាប់អ្នកមិនមានដូចជាយើង បើយកទៅវិនិយោគលើអ្វីដែលយើងមិនចេះសោះមិនខុសពីយកទៅជះចោលឡើយ” ៕
អត្ថបទដោយ៖ សូ សុខលី