អត្ថបទ >
ហិរញ្ញវត្ថុ
ដាំក្បាលចុះខ្លាំង! មាសធ្លាក់ថ្លៃទាបបំផុតក្នុងឆ្នាំ២០២២ ខណៈអ្នកជំនាញបន្តលើកឡើងបែបនេះ

Sokly So

September 22 2022

8K

របាយការណ៍ពីគេហទំព័រ Gold Price បានឱ្យដឹងថា តម្លៃរបស់មាសកំពុងបន្តធ្លាក់ចុះជាខ្លាំង ខណៈនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ វាមានតម្លៃត្រឹមតែ ១,៦៥៩ដុល្លារក្នុងមួយអោន (មួយតម្លឹង ១,៩៩៨ដុល្លារ)​ តែប៉ុណ្ណោះ។

មាស

សូមជម្រាបថា ទីបំផុតមាសបានរំកិលថ្លៃមកនៅក្រោមបន្ទាត់ ២ពាន់ដុល្លារក្នុងមួយតម្លឹងហើយ ខណៈតម្លៃរបស់មាសថ្ងៃនេះគឺជាចំនួនដែលទាបជាងថ្ងៃណាៗទាំងអស់ បើរាប់ចាប់តាំងពីដើមឆ្នាំ២០២២មក។

នៅក្នុងការចុះផ្សាយរបស់សារព័ត៌មាន CNBC អ្នកជំនាញបានលើកឡើងថា មូលហេតុដែលធ្វើឱ្យមាសធ្លាក់ថ្លៃគឺព្រោះតែ អាមេរិកដំឡើងអត្រាការប្រាក់ និងប្រាក់ដុល្លារឡើងថ្លៃ។ លោក​ Daniel Ghali អ្នកយុទ្ធសាស្រ្តទីផ្សារ នៅក្រុមហ៊ុន TD Securities បាននិយាយថា “ប្រសិនបើធនាគារកណ្ដាលសហរដ្ឋអាមេរិកនៅតែប្រើវិធានការទប់ទល់អតិផរណា ដោយការដំឡើងអត្រាការប្រាក់ និងមិនព្រមថយចុះមកវិញទាំងដឹងថាកំពុងមានវិបត្តិសេដ្ឋកិច្ចបែបនេះ​ វានឹងធ្វើឱ្យមាសកាន់តែធ្លាក់ថ្លៃខ្លាំងមិនខានឡើយ”

គួរបញ្ជាក់ផងដែរថា មាសត្រូវបានគេចាត់ទុកថាជាទ្រព្យសុវត្ថិភាព ដែលអាចប្រើក្នុងអំឡុងពេលសេដ្ឋកិច្ចជួបភាពមិនប្រាកដប្រជា ដូចជាពេលមានសង្រ្គាម ជួបវិបត្តិសេដ្ឋកិច្ច ឬអតិផរណាកើនឡើងខ្ពស់។ បើទោះបីជាពេលនេះបញ្ហាអតិផរណាកំពុងកើនខ្ពស់ខ្លាំងក៏ពិតមែន ប៉ុន្តែវាមិនអាចធ្វើឱ្យមាសឡើងថ្លៃនោះទេ ព្រោះតែអត្រាការប្រាក់ខ្ពស់បានទាញចំណាប់អារម្មណ៍មនុស្សចេញពីការវិនិយោគទៅហើយ។

សូមរំលឹកថា ពេលដែលអត្រាការប្រាក់មានតម្លៃខ្ពស់ មនុស្សនឹងជ្រើសរើសការយកលុយទៅដាក់ធនាគារ ជាជាងការខ្ចីលុយធនាគារយកទៅវិនិយោគ ព្រោះគេមិនអាចទទួលយកការបាត់បង់ផលចំណេញបានឡើយ។ ជាក់ស្ដែងអត្រាការប្រាក់កើនឡើង បើខ្ចីលុយធនាគារគេក៏ត្រូវបង់ការប្រាក់កាន់តែច្រើនថែមទៀត ដូច្នេះចង់មិនចង់គឺមានតែសំងំផ្អាកគិតរឿងវិនិយោគខ្លះសិន៕

អត្ថបទដោយ៖ សូ សុខលី

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth