បើទោះបីជាប៉ុន្មានឆ្នាំចុងក្រោយនេះប្រទេសកម្ពុជាស្ដិតនៅក្រោមការគំរាមកំហែងពី ជំងឺកូវីដ-១៩ ក្ដីក៏យើងសង្កេតឃើញថាមានក្រុមហ៊ុនជាច្រើននៅតែអាចឈរជើងបានយ៉ាងរឹងមាំ។ មិនតែប៉ុណ្ណោះក្រុមហ៊ុនមួយចំនួនទៀតថែមទាំងអាចរកចំណូលយ៉ាងច្រើន រហូតជាប់ឈ្មោះជាក្រុមហ៊ុនដែលបានបង់ពន្ធចូលរដ្ឋច្រើនជាងគេ។
ជាក់ស្ដែងក្រុមហ៊ុនកំពូល៣ខាងក្រោមនេះបានទទួលលិខិតថ្លែងអំណរគុណ និងកោតសរសើរពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ចំពោះការចូលរួមចំណែកបំពេញកាតព្វកិច្ចបង់ពន្ធដារជូនរដ្ឋជាប់ចំណាត់ថ្នាក់បង់ពន្ធខ្ពស់ជាងគេទាំង៣ នេះបើយោងតាមសារបង្ហោះរបស់គេហទំព័រផ្លូវការរបស់ក្រុមហ៊ុននីមួយៗ។
១. ក្រុមហ៊ុនស្រាបៀរ Heineken ជាប់ចំណាត់ថ្នាក់លេខ១៖ ក្រុមហ៊ុននេះកាន់កាប់ទីផ្សារយ៉ាងធំទូរលាយ ព្រោះមានផលិតស្រាបៀរជាច្រើនប្រភេទដូចជា ABC Extra Stout, Gold Crown, Anchor, Tiger និង Heineken។
២. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ជាប់ចំណាត់ថ្នាក់លេខ២៖ ប្រាសាក់គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសកម្ពុជា ព្រោះតែមានភាគទុនិករឹងមាំពីប្រទេសកូរ៉េគឺធនាគារ KB Kookmin Bank។ គិតត្រឹមឆ្នាំ២០២១ ប្រាសាក់មានទ្រព្យសកម្មសរុប ៤.៣២ ពាន់លានដុល្លារ កើនឡើង ១៩.៥% ធៀបនឹងដំណាច់ឆ្នាំ២០២០។
៣. ធនាគារ ABA ជាប់ចំណាត់ថ្នាក់លេខ៣៖ ឆ្លងកាត់ការអភិវឌ្ឍ និងកំណើនជាង 25 ឆ្នាំកន្លងមកនេះធនាគារ ABA បានពង្រឹងជំហររបស់ខ្លួនយ៉ាងរឹងមាំក្នុងទីផ្សារ និងបានក្លាយជាធនាគារមួយក្នុងចំណោមធនាគារពាណិជ្ជកំពូលទាំងបី នៅក្នុងប្រទេស។ សព្វថ្ងៃនេះ ABA មានបម្រើសេវាជូនដល់បណ្ដាអតិថិជនជាច្រើនដូចជា សហគ្រាសធុនតូច និងមធ្យម, អាជីវកម្មខ្នាតតូចនិងរូបវន្តបុគ្គល។
គួរបញ្ជាក់ផងដែរថាក្រុមហ៊ុនមួយបង់ពន្ធបានកាន់តែច្រើនគឺបង្ហាញថាអាជីវកម្មរបស់ក្រុមហ៊ុននោះកាន់តែមានភាពរីកចម្រើន។ មួយវិញទៀតការបង់ពន្ធគឺជាការចូលរួមចំណែកដែលមិនអាចខ្វះបានពីវិស័យឯកជនដែលជាដៃគូដ៏សំខាន់របស់រដ្ឋ និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ និងការរីកលូតលាស់នៃសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា។
អត្ថបទដោយ៖ សូ សុខលី