អត្ថបទ >
ហិរញ្ញវត្ថុ
ទីផ្សារលុយគ្រីបតូ ដាំក្បាលចុះមួយប្រាវ មេធំរបស់ Coinbase ខាតលុយស្ទើរបោសគូទខោ

Toeuy Hong

May 13 2022

902

អំឡុងសប្ដាហ៍នេះទីផ្សារលុយគ្រីបតូ( Cryptocurrency) បានដាំក្បាលចុះយ៉ាងខ្លាំង បន្ទាប់ពីសហរដ្ឋអាមេរិកបានសម្រេចដំឡើងអត្រាការប្រាក់ដុល្លារ​ដើម្បីដោះស្រាយបញ្ហាការកើនឡើងនៃអតិផរណា។​​ ការធ្លាក់ចុះនៃទីផ្សារលុយគ្រីបតូបានធ្វើឲ្យអ្នកវិនិយោគលើទីផ្សារខាតយ៉ាងដំណំ ហើយក្នុងនោះសេដ្ឋីលុយគ្រីបតូក៏ខាតធ្ងន់កផងដែរ។​

ជាក់ស្ដែងលោក Brian Armstrong ស្ថាបនិកក្រុមហ៊ុន Coinbase ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មប្ដូរលុយគ្រីបតូបានខាតបង់លុយស្ទើរតែបោសគូទទៅហើយបន្ទាប់ពីទីផ្សារលុយគ្រីបតូដាំក្បាលចុះ។

បើយោងតាមការចុះផ្សាយរបស់​​​​​​​ Fortune បានឲ្យដឹងថា​កាលពីខែវិច្ឆិកាឆ្នាំ២០២១កន្លងទៅទ្រព្យរបស់លោក Brian Armstrong មានប្រមាណជា១៣.៧ពាន់លានដុល្លារ តែមកដល់ចុងខែមីនាឆ្នាំ២០២២នេះបានធ្លាក់មកត្រឹមតែ៨ពាន់លានដុល្លារ។ ហើយគិតត្រឹមថ្ងៃទី១៣ខែឧសភានេះទ្រព្យរបស់លោក Brian Armstrongធ្លាក់មកត្រឹមតែ២.២ពាន់លានដុល្លារ បន្ទាប់ពីទីផ្សារគ្រីបតូដាំក្បាលចុះ ហើយតម្លៃទីផ្សារបស់ក្រុមហ៊ុន Coinbase ធ្លាក់ចុះយ៉ាងខ្លាំង។​

ភាគហ៊ុនរបស់ Coinbase បានធ្លាក់ចុះប្រមាណ៨៤%ចាប់តាំងពីថ្ងៃជួញដូរថ្ងៃដំបូងនៃខែមេសាកាលពីឆ្នាំ២០២១ហើយមកដល់ពេលនេះតម្លៃហ៊ុនរបស់Coinbase បានធ្លាក់មកត្រឹម​​​៥៨ដុល្លារក្នុងមួយហ៊ុន បន្ទាប់ពីក្រុមហ៊ុននេះព្រមានថាទំហំជួញដូរនិងប្រតិបត្តិការរបស់អ្នកប្រើប្រាស់បានធ្លាក់មកដល់ចំណុចដ៏ទាប។

​មានសំនួរជាច្រើនត្រូវបានគេសួរទៅកាន់លោក Brian Armstrong ថាតើCoinbase អាចទ្រាំទ្រនឹងការធ្លាក់ចុះនៃទីផ្សារលុយគ្រីបតូនេះបានដែរឬទេ។​  លោក Brian Armstrong ក៏បានចេញមុខការពារក្រុមហ៊ុន Coinbase ដោយលោកបានបង្ហោះលើTwitter ថាមិនមានហានិភ័យដល់ថ្នាក់ក្ស័យធននោះទេ។

​​គួរបញ្ជាក់ផងដែរ​ មិនមែនតែលោក Brian Armstrong នោះទេដែលខាតបង់លុយច្រើន Changpeng Zhao នាយកប្រតិបត្តិក្រុមហ៊ុន Binance ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មប្ដូរលុយគ្រីបតូក៏ខាតលុយច្រើនផងដែរ៕

ពាណិជ្ជកម្ម

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth