តម្លៃរបស់ Bitcoin កំពុងស្ថិតនៅក្នុងស្ថានភាពធ្លាក់ចុះជាខ្លាំង ខណៈរូបិយប័ណ្ណគ្រីបតូទាំងអស់បានបាត់បង់តម្លៃអស់ជាង ២ពាន់ពាន់លានដុល្លាររួចហើយ។ ស្របពេលដែលគ្រីបតូកំពុងប្រឈមនឹងភាពដួលរលំ រដ្ឋាភិបាលប្រទេសចិន ក៏បានចេញសេចក្ដីព្រមានថា តម្លៃ Bitcoin នឹងធ្លាក់ដល់សូន្យនាពេលខាងមុន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post ដែលដកស្រង់ចេញពីអត្ថបទកាសែត Economic Daily ដែលជាកាសែតស្ថិតក្រោមការគ្រប់គ្រងគណៈកម្មការកណ្ដាលនៃបក្សកុម្មុយនីស្តចិន។
ប្រភពដដែលបានឱ្យដឹងថា ពេលនេះរដ្ឋាភិបាលនៅក្នុងទីក្រុងប៉េកាំងកំពុងតែបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីរារាំងវិនិយោគិនចិន ពីរាល់សកម្មភាពដែលពាក់ព័ន្ធនឹងរូបិយប័ណ្ណគ្រីបតូទាំងអស់។ អត្ថបទមួយដែលបានចុះផ្សាយដោយ Economic Daily ជាកាសែតដែលស្ថិតក្រោមគណៈកម្មការកណ្ដាលនៃបក្សកុម្មុយនីស្តចិនដែលកំពុងកាន់អំណាចដោយផ្ទាល់បានបង្ហាញថា “វិនិយោគិនគួរតែប្រុងប្រយ័ត្ន ព្រោះថា Bitcoin គឺគ្មានអ្វីក្រៅពីគ្រាន់តែជាខ្សែកូដឌីជីថល និងកើតពីការទិញចូលក្នុងតម្លៃទាបបន្ទាប់មកលក់ចេញក្នុងតម្លៃខ្ពស់ ហើយនៅពេលដែលអ្នកវិនិយោគបាត់បង់ទំនុកចិត្តលើវា ឬនៅពេលដែលប្រទេសប្រជាធិបតេយ្យប្រកាសថា Bitcoin ខុសច្បាប់ វានឹងត្រឡប់ទៅកន្លែងដើមរបស់វាវិញ ដែលគ្មានតម្លៃទាល់តែសោះ”។
ទន្ទឹមនឹងគ្នានេះដែរការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុនៅក្នុងសេដ្ឋកិច្ចលោកខាងលិចបាននាំឱ្យមានការលក់ចេញជាសកលនូវទ្រព្យសម្បត្តិហានិភ័យជាច្រើន រួមទាំងរូបិយប័ណ្ណគ្រីបតូ ខណៈវេទិការផ្ដល់កម្ចីគ្រីបតូកំពុងកើនឡើង រីឯមូលនិធិការពារហានិភ័យនិងអ្នកចេញកាក់សេ្ថរភាព( Stablecoin)កំពុងជាប់គាំងក្នុងបញ្ហាហិរញ្ញវត្ថុ។
អាស្រ័យហេតុនេះទើបកាសែត Economic Daily បានចុះផ្សាយថា កង្វះបទប្បញ្ញត្តិនៅក្នុងប្រទេសលោកខាងលិច ដូចជាសហរដ្ឋអាមេរិក បានជួបបង្កើតទីផ្សារមានអានុភាពខ្ពស់ដែល “ពោរពេញដោយឧបាយកល និងគំនិតបច្ចេកវិទ្យាក្លែងក្លាយ”។ កត្តាទាំងនេះហើយដែលជម្រុញឱ្យមានការប្រមានដែលគ្រប់គ្រងដោយរដ្ឋាភិបាលចិន ឆ្លុះបញ្ចាំងពីគោលជំហររឹងមាំរបស់ទីក្រុងប៉េកាំងប្រឆាំងនឹងសកម្មភាពរូបិយប័ណ្ណគ្រីបតូទាំងអស់។
នៅក្នុងការព្រមានដាច់ដោយឡែកមួយពី ការិយាល័យនិយតកម្មហិរញ្ញវត្ថុនៃទីក្រុង Shenzhen បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា “ការជួញដូររូបិយប័ណ្ណគ្រីបតូ និងការរំពឹងទុកធ្វើឱ្យមានគ្រោះថ្នាក់ដល់ “កម្ចីដែលដាក់អចលនទ្រព្យធានា” របស់មនុស្សយ៉ាងធ្ងន់ធ្ងរ ព្រោះវារំខានដល់សណ្ដាប់ធ្នាប់ហិរញ្ញវត្ថុ”។ ការិយាល័យនេះបានចាត់ទុកគ្រីបតូជារូបិយប័ណ្ណខុសច្បាប់ដូចទៅនឹងអ្វីដែលធនាគារកណ្ដាលរបស់ប្រទេសចិនបានប្រកាសដែរ ហើយថែមទាំងបានដាស់តឿនទៅកាន់វិនិយោគិនទាំងអស់ឱ្យជៀសវាងពីសកម្មភាពហិរញ្ញវត្ថុខុសច្បាប់នេះ៕
អត្ថបទដោយ៖ សូ សុខលី