នៅក្នុងឆ្នាំ២០១៤ Charlie Chang ព្យាយាមដាក់ពាក់ចូលរៀនពេទ្យដើម្បីបំពេញបំណងឪពុកម្ដាយរបស់គាត់។ ប៉ុន្តែដាក់ពាក្យអស់១៥សាលានៅតែមិនជាប់ ព្រោះតែគាត់ជាមនុស្សខ្លាចឈាមនិងម្ចុល រឿងនេះធ្វើឱ្យគ្រួសាររបស់គាត់ខកបំណងជាខ្លាំង។
ចាប់តាំងពីឆ្នាំ២០១៤ដល់២០១៩ Charlie បានធ្វើការជាគ្រូបង្វឹកអ្នកដើរម៉ូដ និងលក់ទំនិញ Pre-Order ថែមទាំងធ្វើជាភ្នាក់ងារអចលនទ្រព្យទៀតផង។ ក៏ប៉ុន្តែការងារទាំងអស់នោះមិនអាចផ្ដល់ឱ្យគាត់នូវប្រាក់ចំណូលថេរបានឡើយ។
បន្ទាប់ពីការឆ្លងកាត់ការធ្វើការនិងការរកស៊ីជាច្រើន បុរសម្នាក់នេះក៏បានរកឃើញថាមានរឿងមួយដែលអាចធ្វើឱ្យគាត់រកចំណូលបានថេរ គឺការធ្វើវីដេអូនិយាយអំពីដំបូន្មានហិរញ្ញវត្ថុ បង្ហោះនៅលើ YouTube, Instagram និង TikTok។ នៅក្នុងឆ្នាំ២០២១ Charlie រកចំណូលបានដល់ទៅ ១.៥លានដុល្លារ ពី Content វីដេអូរបស់គាត់ ធ្វើឱ្យម្ដាយរបស់គាត់លែងសូវបារម្ភពីគាត់ដូចមុន។
ខាងក្រោមនេះជាវិធីដែលធ្វើឱ្យ Charlie Chang រកចំណូលបាន ១.៥លានដុល្លារពីអាជីវកម្មរបស់គាត់ក្នុងមួយឆ្នាំ៖
ការពិតទៅ Charlie បានផុសវីដេអូនៅលើ YouTube តាំងពីឆ្នាំ២០០៦ ប៉ុន្តែវាមិនដើរព្រោះតែ Content ច្រើនពេក ទើបក្រោយមកគាត់សម្រេចចិត្តជ្រើសរើសយក Content តែ១ ដោយផ្ដោតទៅលើបញ្ហាលុយកាក់។ កើតនៅក្នុងគ្រួសារដែលមិនសូវធូរធាធ្វើឱ្យ YouTuber ម្នាក់នេះមានបទពិសោធន៍ជាច្រើនក្នុងការរកលុយ ការសន្សំ និងការវិនិយោគ។
ហេតុនេះនៅឆ្នាំ២០១៨ គាត់បានបង្កើត Channel YouTube ថ្មីមួយ និយាយពីប្រធានបទ ដំបូន្មានហិរញ្ញវត្ថុ។ Charlie បង្ហោះវីដេអូរាល់ថ្ងៃ ហើយចែកចាយនៅលើ Instagram និង TikTok បន្ថែមទៀតផង វីដេអូដំបូងៗរបស់គាត់ មានការមើលតែជាង១០ដងអីទេក្នុងវីដេអូមួយៗ ហើយភាគច្រើនគឺឪពុកម្ដាយរបស់គាត់ជាអ្នកមើល។
នៅក្នុងខែមេសាឆ្នាំ២០២០ ប្រហែល១ខែបន្ទាប់ពី Covid-19 ត្រូវបានប្រកាសថាជាជំងឺរាតត្បាត Charlie បានចាប់អារម្មណ៍ថាមនុស្សជាច្រើនចាប់ផ្ដើមជួបបញ្ហាលុយកាក់។ ហេតុនេះហើយ គាត់ក៏បានធ្វើវីដេអូអំពីវិធីក្នុងការសង្គ្រោះហិរញ្ញវត្ថុ និងជម្រុញទឹកចិត្ត ចំនួន២០ បង្ហោះនៅក្នុង Channel របស់គាត់។ វីដេអូមួយក្នុងចំណោមវីដេអូដែលគាត់បានបង្ហោះផ្ទុះឡើងជាខ្លាំង ធ្វើឱ្យគាត់រកចំណូលបានជាង ១ម៉ឺនដុល្លារពីការផ្សាយពាណិជ្ជកម្ម និងមានអ្នកជាវ ៣០ ៣០០ នាក់។
Charlie Chang តែងតែសួរទៅកាន់អ្នកគាំទ្ររបស់គាត់ អំពីបញ្ហាជាក់ស្ដែងដែលពួកគេជួប ហើយគាត់ធ្វើវីដេអូជាដំណោះស្រាយឱ្យពួកគេ។ ការធ្វើបែបនេះបណ្ដាឱ្យគាត់មានភាពស្និទ្ធស្នាលជាមួយនឹងអ្នកទស្សនា ជាហេតុធ្វើឱ្យ Channel របស់គាត់មានអ្នកជាវកើនឡើងដល់ជាង ៦៥ម៉ឺននាក់។
ក្រៅពីការធ្វើវីដេអូ Charlie ក៏បានបើកវគ្គបង្រៀនលើអ៊ីធឺណេតពីវិធីក្នុងការចាប់ផ្ដើមធ្វើជាYouTuber ព្រមទាំងធ្វើជាគ្រូបង្វឹកដោយការជួបនិយាយពិគ្រោះយោបល់អំពីរបៀបចាប់ផ្ដើមអាជីវកម្ម។ គាត់ធ្វើដំណើរការវគ្គសិក្សាតាមកម្មវិធី Zoom និងគិតតម្លៃ ៥០០ដុល្លារក្នុង១ម៉ោង។ ថ្មីៗនេះគាត់បានបង្កើតអាជីវកម្មផ្ទាល់ខ្លួនមួយឈ្មោះថា StartupWise ដែលជាវេទិការសម្រាប់អាជីវកម្មថ្មីនិងសហគ្រិន។មកទល់ពេលនេះ Charlie រកចំណូលបានប្រហែល ១៩៧,៧០០ដុល្លារ ក្នុងមួយខែពេលខ្លះឈានដល់ ២៤៥,០០០ ដុល្លារក្នុងមួយខែ តាមរយៈការផ្សាយពាណិជ្ជកម្ម និងវគ្គបង្រៀនទាំងអស់របស់គាត់។
ជាការពិតណាស់ Charlie Chang អាចដើរមកដល់ចំណុចនេះបានព្រោះតែគាត់ចេះសម្លឹងរកឱកាសនៅក្នុងបញ្ហា ហើយឈរខ្លួនជាអ្នករកដំណោះស្រាយ ព្រមទាំងការផ្ដោតទៅលើរឿងសំខាន់តែមួយ។ ដូច្នេះហើយមនុស្សយើងគ្រប់គ្នាមិនថាធ្វើអ្វីទេ ត្រូវតែរកគោលដៅសំខាន់មួយឱ្យឃើញហើយខំផ្ដោតលើរឿងមួយនោះដើម្បីអាចឈានទៅរកចំណុចដែលយើងត្រូវការបាន៕
អត្ថបទដោយ៖ សូ សុខលី