https://business-cambodia.com/static/3fa983bb-1c52-4616-92c9-ac11b8fb4b0ahttps://business-cambodia.com/static/6fee374d-4e52-43a9-aa7a-11a5d3e92b85https://business-cambodia.com/static/91a38920-de5f-4e1d-ae8a-2664df6e29a6https://business-cambodia.com/static/c5d09957-8d57-4388-a42a-df76facbca7f
https://business-cambodia.com/static/07285dec-566c-44df-8c5a-4ae66a742e37https://business-cambodia.com/static/c8b2f50e-c564-420a-b6d3-2b46d693a58d
អត្ថបទ >
ហិរញ្ញវត្ថុ
ស្ថាបនិក ស៊ូកប្បាស សុខចិត្តចោលប្រាក់ខែក្បែរពាន់$ មកច្នៃផលិតផលតម្បាញ នាំចេញដល់បរទេស

Meng Songly

May 16 2022

254

ខណៈពេលដែលមនុស្សជាច្រើនកំពុងខិតខំធ្វើការដើម្បីបានប្រាក់ខែកាន់តែខ្ពស់ អ្នកស្រី ឃុយ ចាន់ស៊ូ បែរជាចាកចោលការងារមានប្រាក់ខែក្បែរមួយពាន់ដុល្លារ មកចេញរកស៊ីជាអ្នកលក់ក្រណាត់សូត្រដែលត្បាញដោយអ្នកភូមិរបស់គាត់ រហូតមានទីផ្សារដល់ក្រៅប្រទេស។

ផ្តើមចេញពីអ្នកតាកែវ មករៀននៅភ្នំពេញ អ្នកស្រី ឃុយ ចាន់ស៊ូ បានប្រាប់ Business Cambodia ឱ្យដឹងថា ស្រុករបស់អ្នកស្រីភាគច្រើនគឺជាអ្នកប្រកបរបរតម្បាញរួមទាំងគ្រួសាររបស់អ្នកស្រីផ្ទាល់ ត្រូវរស់ពឹងចំណូលពីការតម្បាញដល់ទៅ៩០%។ អ្នកស្រីបានបន្តថាអ្នកតម្បាញដែលធ្លាប់រស់នៅក្នុងសហគមន៍មានកីដល់ទៅជាង៤០០០ តែត្រូវថយចុះមកត្រឹមជាង១០០០ ព្រោះតែផលិតផលគ្មានទីផ្សារ ឈ្មួញកណ្ដាលឱ្យតម្លៃទាប តម្លៃមានតាមរដូវប្រាំងវស្សា ទើបធ្វើឱ្យអ្នកតម្បាញជាច្រើនបិទកីចោលបង្ខំចិត្តចំណាកស្រុក។  

អ្នកស្រី ចាន់ស៊ូ បាននិយាយថា គាត់ស្រលាញ់ផលិតផលខ្មែរ គាត់មិនចង់ឃើញរបស់ទាំងនោះបាត់បង់ ហើយរឹតតែមិនចង់ឱ្យអ្នកស្រុកចេញទៅធ្វើការឆ្ងាយពីផ្ទះ គាត់ក៏បានទិញយកក្រម៉ាអំបោះ ក្រម៉ាសូត្រ ក្រណាត់សូត្រ ស្រុកមកលក់នៅភ្នំពេញ។ ចេញលក់ដំបូងពេលគាត់កំពុងធ្វើការ គាត់ចំណាយលុយខ្ទង់១០០ដុល្លារ យកក្រម៉ាមកដើររកទីផ្សារ និងផុសលក់នៅលើ Facebook Page ឈ្មោះថា កីតម្បាញកម្ពុជា របស់គាត់។ អ្នកស្រីផ្ដោតទៅលើការបោះដុំជាងការលក់រាយ គាត់បានទំនាក់ទំនងនៅតាមតំបន់ទេសចរណ៍ ជាច្រើនដូចជា ផ្សាររាត្រីសៀមរាប វត្តភ្នំ កែប កំពត និងច្រើនកន្លែងទៀត ព្រមទាំងនាំចេញទៅក្រៅប្រទេសតាមរយៈភ្ញៀវដែលរស់នៅអាមេរិក បារាំង កាណាដាជាដើម។

ក្រោយមកអ្នកស្រីបានឈប់ពីការងារមកកាន់អាជីវកម្មពេញលេញ និងបានប្ដូរឈ្មោះសិប្បកម្មទៅជា ស៊ូកប្បាស។ ពេលចេញមកគាត់បានខ្ចីលុយធនាគារមួយចំនួនដើម្បីពង្រីកសិប្បកម្ម ដោយការទិញម៉ាស៊ីនដេរ ព្រោះថាមិនត្រឹមតែលក់ក្រណាត់សូត្រ និងក្រម៉ាទេ អ្នកស្រីថែមទាំងបានច្នៃទៅជារបស់ប្រើប្រាស់មួយចំនួនដូចជា គ្របសៀវភៅ គ្របប៉ាស្ព័រ កាបូប និងវត្ថុអនុស្សាវរីយ៍មួយចំនួនទៀត។

ស្ថាបនិកស៊ូកប្បាសបន្តថា ការលក់របស់គាត់ថយចុះនៅពេលតំបន់ទេសចរណ៍ត្រូវបានបិទ ព្រោះតែ ជំងឺកូវីដ-១៩ ប៉ុន្តែមិនបង្អង់យូរអ្នកស្រីបានសាកល្បងផលិតម៉ាស់បរិស្ថាន ដែលមានគុណភាពល្អ។ ម៉ាសបរិស្ថានរបស់ស៊ូកប្បាសមានទីផ្សារជាខ្លាំងនៅក្នុងបរិបទកូវីដ ព្រោះអ្នកស្រីចាន់ស៊ូ បានធ្វើបទបង្ហាញពីម៉ាស់បរិស្ថានរបស់គាត់ទៅកាន់អង្គការក្រៅរដ្ឋាភិបាលមួយចំនួន ក្រោយមកក៏មានអង្គការ ក្រុមហ៊ុន និងអង្គភាពធំៗជាច្រើនធ្វើការកម្ម៉ង់យកទៅប្រើប្រាស់។

សហគ្រិនស្ត្រីរូបនេះបានលើកឡើងថា សព្វថ្ងៃនេះអាជីវកម្មរបស់គាត់រឹងមាំហើយ កីតម្បាញក្នុងសហគមន៍របស់គាត់ក្រោកមកវិញខ្លះហើយ ស្ត្រីនៅក្នុងសហគមន៍កាន់បន្ថយការចំណាកស្រុកខ្លះហើយ ប៉ុន្តែអ្នកស្រីនៅតែមិនស្ងប់ចិត្តឡើយព្រោះថាបញ្ហាចំពោះផលិតកម្មនៅពេលនេះគឺ កង្វះខាតវត្ថុធាតុដើមក្នុងស្រុក។ អ្នកស្រីបន្តថា យើងត្រូវនាំចូលអំបោះពីក្រៅប្រទេសនៅឡើយ ព្រោះតែយើងមិនទាន់មានលទ្ធភាពផលិតអំបោះឱ្យបានច្រើន ជាក់ស្ដែងនៅស៊ូកប្បាសមានដាំកប្បាសនិងហូតជាអំបោះខ្លួនឯងដែរ ប៉ុន្តែមិនមានចំនួនច្រើនព្រោះតែយើងគ្មានឧបករណ៍គ្រប់គ្រាន់។

អ្នកស្រីបានបន្ថែមទៀតថា ឥឡូវនេះទិសដៅរបស់ស៊ូកប្បាសគឺនឹងនាំយកផលិតផលខ្មែរទៅកាន់ទីផ្សារពិភពលោកឱ្យបានច្រើន និងទាក់ទាញវិនិយោគិនបរទេសមកជួយដំណើការ ការផលិតវត្ថុធាតុដើម ដើម្បីឱ្យផលិតផលរបស់យើងមានឈ្មោះថាជាផលិតផលខ្មែរសុទ្ធសាធ មិនមានចំណែកនៃវត្ថុធាតុដើមណាមួយដែលនាំចូលពីក្រៅប្រទេស។

ជាក់ស្ដែង ភាពជោគជ័យរបស់ស៊ូកប្បាសមិនមែនជារបស់អ្នកស្រី ចាន់ស៊ូ តែម្នាក់ទេ​ វាជារបស់ប្រទេសកម្ពុជាទាំងមូល។ ហេតុនេះហើយប្រិយមិត្តអ្នកអានដែលមានគំនិតចង់ចាប់ផ្ដើមអាជីវកម្ម សូមបង្កើតដោយក្ដីស្រលាញ់ និងជួយជាប្រយោជន៍ដល់មនុស្សជុំវិញខ្លួន ដើម្បីឱ្យលោកអ្នកមានកម្លាំងចិត្តក្នុងការនាំយកអាជីវកម្មមួយនោះទៅដល់ចំណុចដែលប្រាថ្នា ៕

អត្ថបទដោយ៖ សូ សុខលី

ពាណិជ្ជកម្ម

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth