សព្វថ្ងៃនេះ Bitcoin បានបាត់បង់តម្លៃដល់ទៅជាង ៥០% ទៅហើយ ប៉ុន្តែលោក Scott Minerd បាននិយាយថា មិនមែនចុះតែត្រឹមហ្នឹងទេ Bitcoin អាចនឹងបន្តធ្លាក់ចុះច្រើនទៀត នេះបើអាស្រ័យតាមការចុះផ្សាយរបស់គេហទំព័រ CNBC កាលពីម្សិលមិញ។
លោក Minerd ប្រធានផ្នែកវិនិយោគនៃ Guggenheim ព្យាករណ៍យ៉ាងពេញមាត់ថា Bitcoin អាចនឹងធ្លាក់ដល់តម្លៃ ៨,០០០ដុល្លារ ក្នុងមួយកាក់ ដែលតម្លៃនោះតំណាងឱ្យការធ្លាក់ចុះដល់ទៅជាង ៧០% ខណៈព្រឹកថ្ងៃអង្គារនេះ Bitcoin មានតម្លៃខ្ទង់ ២៩,០០០ដុល្លារ ក្នុងមួយកាក់។
ជាមួយនឹងបទសម្ភាសន៍ ក្នុងកម្មវិធី “Squawk Box” កាលពីថ្ងៃច័ន្ទ លោក Minerd បាននិយាយថា «នៅពេលដែលតម្លៃរបស់ Bitcoin ធ្លាក់ចុះរហូតដល់ក្រោម ៣០,០០០ដុល្លារ ជាប់លាប់ នោះ ៨,០០០ដុល្លារ គឺជាតម្លៃទាបបំផុតរបស់វា ដូច្នេះហើយខ្ញុំគិតថាយើងនឹងបានឃើញការធ្លាក់ចុះរបស់វាជាច្រើនបន្តបន្ទាប់ទៀត ជាពិសេសខណៈពេលដែលធនាគារកណ្ដាលអាមេរិក កំពុងតែរឹតបន្តឹងគោលនយោបាយហិរញ្ញវត្ថុបែបនេះ »។
ប្រសិនបើការព្យាករណ៍របស់លោក Minerd ក្លាយជាការពិត វានឹងធ្វើឱ្យមានការឈឺចាប់បន្ថែមទៀតលើ Bitcoin និងទីផ្សាររូបិយប័ណ្ណគ្រីបតូដ៏ទូលំទូលាយដែលបានឃើញប្រហែល 500 ពាន់លានដុល្លារបានបាត់បង់តម្លៃរបស់វានៅក្នុងខែមុន។
ប្រធានផ្នែកវិនិយោគខាងលើបានបន្តទៀតថា «ជាធម្មតាប្រាក់គឺត្រូវបានរក្សាតម្លៃសម្រាប់ធ្វើជាមធ្យោបាយដោះដូរនៅលើទីផ្សារ ប៉ុន្តែ Bitcoin នៅមិនទាន់មានតម្លៃច្បាស់លាស់ឡើយ។ ប៉ុន្តែទោះជាយ៉ាងណាភាពជឿនលឿនរបស់បច្ចេកវិទ្យា អាចនឹងផ្លាស់ប្ដូរវារួមជាមួយប្រព័ន្ធសេដ្ឋកិច្ចថ្មី ដែលមនុស្សស៊ាំនឹងការប្រើប្រាស់រូបិយប័ណ្ណគ្រីបតូសម្រាប់ប្រតិបត្តិការ ហើយមានទំនុកចិត្តថាពួកគេនឹងរក្សាតម្លៃរបស់វាបាន»៕
អត្ថបទដោយ៖ សូ សុខលី