អត្ថបទ >
ហិរញ្ញវត្ថុ
អ្នកជំនាញបង្ហើបថាវិធី៥នេះ ធ្វើឱ្យអ្នកមានអារម្មណ៍ថាខ្លួនជាអ្នកមាន ទោះជាបច្ចុប្បន្នអ្នកក្រក៏ដោយ

Toeuy Hong

August 5 2022

312

ការស្រាវជ្រាវរបស់អ្នកជំនាញហិរញ្ញវត្ថុជាច្រើនរូបដូចជា Tom Corley, Liz Gendreau ជាដើម បានបង្ហាញឱ្យឃើញថា អារម្មណ៍អ្នកមាន គឺមានតម្លៃណាស់សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ។ វាពិសេសលើសពីលុយក្នុងកុងធនាគារដែលអ្នកមាន ប្រសិនបើអ្នកចេះបង្កើតវាឡើង និងប្រើប្រាស់ឱ្យបានត្រឹមត្រូវ។

ដោយយោងតាមការចុះផ្សាយរបស់គេហទំព័រ Richmond Times-Dispatch បានឱ្យដឹងថា មានគន្លឹះនៃការគិត ៥យ៉ាង ដែលអាចធ្វើឱ្យមនុស្សទទួលបានអារម្មណ៍អ្នកមាន។ គំនិតទាំងនោះរួមមាន៖

១. ឆ្លុះបញ្ចាំងពីអ្វីដែលជាគុណតម្លៃពិតប្រាកដរបស់អ្នក៖ ត្រង់ចំណុចនេះអ្នកជំនាញលើកឡើងថា ចូរធ្វើអ្វីដែលមានគុណតម្លៃពិតប្រាកដសម្រាប់ជីវិតអ្នក។ ពួកគេលើកការប្រៀបធៀបរវាង ឡានទំនើប និងគ្រួសារ ដើម្បីបញ្ជាក់ឱ្យឃើញថា ជំនួសឱ្យការយកលុយទៅទិញឡានទំនើបអ្នកគួរតែចំណាយវាទៅលើក្រុមគ្រួសាររបស់អ្នកវិញ។ មួយវិញទៀតប្រសិនបើក្ដីសុខរបស់អ្នកជាការដើរកំសាន្ត ការទស្សនាសារៈមន្ទី ឬបណ្ណាល័យ អ្នកគួរតែចំណាយពេលលើពួកវាទៅ ព្រោះពេលអ្នកបានធ្វើរឿងដែលខ្លួនឯងចូលចិត្ត ទោះបីមិនចំណាយលុយច្រើន ក៏អ្នកមានអារម្មណ៍ថាខ្លួនឯងជាអ្នកមានដែរ។

២. យកអ្នកដែលពូកែធ្វើជាគម្រូ៖ តាមន័យនេះគេពន្យល់ថា មិនគួរប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដែលមានជាង ឬពូកែជាងយើង ផ្ទុយទៅវិញគួរយកគេធ្វើជាគម្រូ។ មើលទៅថាគេធ្វើអ្វីបានជាមានជីវភាពល្អជាងយើង បើគេធ្វើរឿងល្អគួរយកមកទុកធ្វើតាម តែបើមិនល្អក៏មិនបាច់ខ្វល់ដែរ។

៣. បង្កើតទម្លាប់សន្សំនិងវិនិយោគជាប្រចាំ៖ ទម្លាប់សន្សំលុយ​ សន្សំចំណេះដឹង ហើយប្រើលុយនិងចំណេះដឹងដែលខ្លួនមានទៅវិនិយោគ ដើម្បីទទួលបានចំណេះដឹងកាន់តែទូលំទូលាយ និងមានលុយកាន់តែច្រើនឡើង។ អ្នកជំនាញនិយាយថា “មនុស្សនឹងមានភាពធូរស្រាលច្រើនប្រសិនបើគេមានប្រាក់សន្សំសម្រាប់ប្រើពេលមានអាសន្ន ដូច្នេះគេមិនបារម្ភអ្វីច្រើនឡើយព្រោះដឹងច្បាស់ថាខ្លួនមានលុយបម្រុងសម្រាប់ការចាយវាយប្រចាំខែគ្រប់គ្រាន់’’

៤. រៀបចំកញ្ចប់ចំណាយ និងសងបំណុល៖ អ្នកគួរតែតាមដានរាល់ការចំណាយរបស់អ្នក ដើម្បីឱ្យដឹងថាតើវាចេញទៅណាខ្លះ និងចេញទៅត្រូវកន្លែងដែរឬទេ។ នៅពេលដែលដឹងច្បាស់ថាវាចេញទៅច្រកណាអ្នកនឹងអាចកាត់បន្ថយច្រកណាដែលឥតប្រយោជន៍ ហើយក៏ទទួលអារម្មណ៍ថាមានសុវត្ថិភាពផ្នែកហិរញ្ញវត្ថុ។

មួយវិញទៀតការដោះបំណុលគឺជារឿងចាំបាច់ណាស់ អ្នកគួរសងគេឱ្យបានកាន់តែឆាប់កាន់តែល្អ ព្រោះថាបំណុលច្រើនអាចរារាំងមនុស្សពីការដេញតាមក្ដីស្រមៃ។ ដូច្នេះហើយគួរជៀសវាងការបង្កើតបំណុលឥតបានការណ៍ ឬបំណុលដែលផ្ដល់តែបន្ទុក ផ្ទុយទៅវិញសូមរៀនប្រើបំណុលដោយភាពវ័យឆ្លាត ព្រោះថាបើអ្នកប្រើត្រូវអ្នកនឹងអាចចំណេញលុយបាន។

៥. អបអរសាទរចំពោះភាពរីកចម្រើនរបស់អ្នក៖ មិនថាអ្នកធ្វើល្អបានតិចឬច្រើនឡើយ អ្នកគួរតែទះដៃសាទរ លើកទឹកចិត្តខ្លួនឯង ដើម្បីឱ្យមានកម្លាំងបន្តដំណើរទៅមុខទៀត។

អ្នកជំនាញក៏បានបញ្ជាក់ផងដែរថា ប្រសិនបើអ្នកតែងតែគិតដូចចំណុចទាំង៥ខាងលើ ជីវិតរបស់អ្នកនឹងមានតែភាពរីកចម្រើន និងមានក្ដីសុខច្រើនឡើង ថែមទាំងមានចំណូលកើនឡើងជាលំដាប់៕

អត្ថបទដោយ៖​ សូ សុខលី

 

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth