ថ្ងៃនេះ! មិនចាំបាច់រងចាំមានដើមទុន១ម៉ឺនដុល្លារ ទើបចេញរកស៊ីនោះទេ

0
33

ការបើកអាជីវកម្មមួយឲ្យចេញជារូបរាងបាន វាអាស្រ័យលើកត្តាមួយចំនួន ជាពិសេសភាពជាសហគ្រិន ឬគំនិតឆ្លាតវៃរបស់សហគ្រិន មិនមែនដើមទុននោះទេ។ ចំណុចនេះត្រូវបានអ្នកចង់ចេញរកស៊ីមួយចំនួន គិតថា ខ្លួនមិនទាន់ចេញរកស៊ីមកពីមិនទាន់មានដើមទុន ឬក៏ចាំសន្សំគ្រប់ចំនួនសិន ទើបខ្លួនចេញរកស៊ី។ ក៏ប៉ុន្តែ ពួកគេភ្លេចគិតថា ដើមទុនសម្រាប់ការចេញរកស៊ីដំបូង មិនមែនលុយទេ មិនចាំបាច់មានលុយរហូតដល់១ម៉ឺន ឬច្រើនជាងនេះបានបើកបាននោះទេ អ្នកត្រូវតែប្រើគំនិតខ្លួនឯង ឬក៏បើតាមលទ្ធភាពខ្លួនមាន វិវត្តន៍ពីតូចទៅ។

លោកស្រីសំ លីនណា ជាអគ្គនាយិកាក្រុមហ៊ុន អេលីស គ្រឿងសង្ហារឹម បានចេញរកស៊ីដំបូងស្ទើតែគ្មានដើមទុនទាល់តែសោះ ដោយលោកស្រីរកស៊ីដំបូងកើតចេញពីការនាំទំនិញមកលក់នៅស្រុកខ្មែរ រឿងចាំបាច់ត្រូវធ្វើ គ្រាន់តែបង្វិលលុយលក់បានឲ្យបានឆ្ងាប់ទៅឲ្យភាគីជំនួញវិញ ហើយប្រាក់ចំណេញគឺដកទុក។ កត្តាសំខាន់ ស្ថិតនៅលើសហគ្រិនខ្លួនឯង ជាពិសេសលោកស្រីចេះអភិវឌ្ឍន៍អាជីវកម្មតូច ចំណាយទុនតិចបំផុត ស្ទើតែមិនចំណាយសោះ ក្លាយជាក្រុមហ៊ុនដ៏ធំមួយ និងទទួលបានជោគជ័យ។

ស្រដៀងគ្នានេះ យុវត្តី ស៊ីថា ម៉ាវត្តី ជាសហគ្រិនវ័យក្មេង តែទទួលបានជោគជ័យខ្លាំងលើអាជីវកម្មសំអាងការរបស់ខ្លួន។ អាជីវកម្មមួយនេះ ចាប់ផ្តើមឡើងមិនមែនដោយសារ មានដើមទុនច្រើនពាន់ ឬម៉ឺនដុល្លារនោះទេ តែកើតចេញពីការស្រឡាញ់ និងមានការច្នៃប្រឌិតដោយខ្លួនឯង។ យើងអាចនិយាយមួយបែបទៀតថា អាជីវកម្មនេះ កើតចេញពីទេពកោសល្យ ឬភាពប៉ិនប្រសប់ ហើយបង្កើតជាអាជីវកម្មតែម្តង មិនមានលុយហើយ ទើបចង់ចេញរកស៊ីនោះទេ។

ដោយឡែក យុវជនឯម ច័ន្ទរីទ្ធីកុរ ជាស្ថាបនិកDoyDoy ចាប់ផ្តើមអាជីវកម្មដំបូងមានទុនមិនដល់១ពាន់ដុល្លារផង។ តែយុវជនរូបនេះបានចូលរួមកម្មវិធីប្រកួតប្រជែងអំពីអាជីវកម្មនាន រហូតឈ្នះពានរង្វាន់ ហើយបានយកលុយទំាងនោះមកវិនិយោគបន្ថែមលើអាជីវកម្មរបស់ខ្លួនតែម្តង ជាជាងការរងចាំមានលុយរាប់ពាន់ បានចេញរកស៊ី។

ម្យ៉ាងវិញទៀត យើងមិនចាំបាច់មានលុយច្រើននោះទេ យើងមានតែគំនិត និងផែនការអាជីវកម្មច្បាស់លាស់ ហើយទៅពិភាក្សាជាមួយអ្នកមានទុនវិនិយោគ នោះក៏ជាផ្លូវមួយដ៏ល្អផងដែរ៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

[email protected]

LEAVE A REPLY

Please enter your comment!
Please enter your name here