ឌិន សុមេធារិទ្ធ ៖ អ្នកណាថាអ្នកមានរិះ អ្នកមានពិតប្រាកដគេចូលចិត្តចាយ ចូលចិត្តខ្ចីលុយ

0
39

ខ្មែរយើងតែនិយាយថា ដោយសារគេចេះរិះបានគេមាន ចំណែកអ្នកដែលចូលចិត្តចាយទោះខំរកដល់ស្លាប់ក៏មិនសល់ដែរ ក្នុងនោះអ្នកជំនួញខ្មែរមួយរូបបែរជាលើកឡើងថា “អ្នកមានចូលចិត្តចាយ ចូលចិត្តខ្ចីលុយ” ។

លោក ឌិន សុមេធារិទ្ធ ស្ថាបនិកសណ្ឋាគារ The Frangipani Villa Hotel លើកឡើងថា “អ្នកមានមែនទែនជាមនុស្សចូលចិត្តចាយ អ្នកដែលថាអ្នកមានចូលចិត្តរិះ ដូចជាខុសស្រឡះ អ្នកដែលមានដោយសាររិះ សុទ្ធតែជាអ្នកមានចៃដន្យទេ ។

លោក បញ្ជាក់ថា អ្នកមានចូលចិត្តចាយលុយទិញរបស់ដែលបង្កើតលុយឲ្យគេ ប៉ុន្តែអ្នកក្រនិងមធ្យមចូលចិត្តទិញរបស់យកមុនទុកចោល ។

ឧទាហរណ៍ ទិញដីទុកចោល ទិញឡានថ្មី ទិញផ្ទះធំនៅ អ្នកខ្លះមានកូនចៅតែ ២-៣នាក់ទេ តែធ្វើផ្ទះ ៤-៥ ជាន់ អ្នកខ្លះមានលុយ ១០០ ០០០ ដុល្លារ ធ្វើផ្ទះអស់ ១២០ ០០០ ដុល្លារ ប៉ុន្តែបើយកផ្ទះទៅជួលបានលុយប្រចាំខែមកវិញ ចាត់ទុកថាគំនិតអ្នកមាន ។

លោក សុមេធារិទ្ធ បន្តថា “អ្នកមានចូលចិត្តប្រើរបស់មានតម្លៃ ប៉ុន្តែរបស់នោះបង្កើតលុយឲ្យគាត់វិញ អ្នកមានពូកែលក់ អ្នកក្រនិងមធ្យមពូកែទិញ ។ ចំណែកអ្នកមានក៏ពូកែទិញដែរ តែគេច្នៃយកទៅលក់វិញ ហើយអ្នកមានជាមនុស្សដែលចូលចិត្តខ្ចីលុយគេយកមកពង្រីកអាជីវកម្ម ផ្ទុយពីអ្នកក្រដែលគិតថា ខ្ចីលុយខ្លាចគេថាអន់ ។

អ្នកមានទៅខ្ចីលុយគេយកមកបង្កើតលុយ ហៅថាបំណុលល្អ ចំណែកអ្នកក្របើខ្ចីលុយគេដើម្បីទិញសម្ភារៈនិយមហ៊ឺហារ ដូចច្នោះអ្នកមានជាមនុស្សដែលមានបញ្ញាហិរញ្ញវត្ថុ មានន័យថាគាត់ពូកែយកលុយ បង្កើតលុយ ។

មកដល់ត្រង់ចំណុចនេះ គួរបញ្ជាក់ដែរថា មិនមែនទាល់តែមានលុយបានហៅថាអ្នកមានទេ ទោះបីអ្នកក្រក៏ដោយ ឲ្យតែអ្នកយកគំនិតអ្នកមានដាក់ខ្លួន អ្នកក៏អាចក្លាយជាអ្នកមានបានដូចគ្នា ។

អ្នកជំនួញរូបនេះបញ្ជាក់ថា អ្នកមានចូលចិត្តនិយាយពីលុយ ធ្វើយ៉ាងណាដើម្បីឲ្យកើតលុយបានច្រើន ប៉ុន្តែអ្នកក្រចូលចិត្តនិយាយពីមនុស្ស និយាយពីអ្នកជិតខាង អ្នកធ្វើការជាមួយ ឬនិយាយពីមេរបស់គាត់ ។

ជាចុងក្រោយលោក សុមេធារិទ្ធ ក៏បានលើកឡើងដែរថា អ្នកមានជាមនុស្សមានវិន័យ ភាគច្រើនគេគោរពពេលវេលា គេឲ្យតម្លៃពេលវេលា មួយវិញទៀតគឺការសេពគប់ ព្រោះអ្នកមាន ចូលចិត្តសេពគប់ជាមនុស្សជោគជ័យ ដូចច្នោះការជ្រើសរើសមិត្តភក្តិក៏ជាកត្តាកំណត់អនាគតរបស់អ្នកដែរ អ្នកគួរកាត់បន្ថយមិត្តភក្តដែលនិយាយរឿងឥតប្រយោជន៍ ហើយបង្កើនមិត្តភក្តដែលនិយាយរឿងរីកចម្រើនឲ្យបានច្រើន ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

LEAVE A REPLY

Please enter your comment!
Please enter your name here