ធនាគារជាតិ ព្រមានគ្រឹះស្ថានហិរញ្ញវត្ថុ មិនឲ្យធ្វើចរាចរ លុយឌីជីថល Cryptocurrency នៅកម្ពុជា

0
39

ស្របពេលដែល​ លុយឌីជីថល Cryptocurrency និង Bitcoin កំពុងត្រូវបានគេវិនិយោគយ៉ាងមមាញឹក ទីផ្សារបរទេស លោក ជំទាវ ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃ កម្ពុជា បានព្រមាន មិនឲ្យ បណ្ដា គ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា ធ្វើ ចរាចរ ទិញ លក់ ទូទាត់ ផ្សព្វផ្សាយ រូបិយវត្ថុ Cryptocurrency ដូចជា Bitcoin និង ឧបករណ៍អេឡិចត្រូនិចប្រហាក់ប្រហែល ដោយគ្មានការទទួលស្គាល់ពីធនាគារជាតិនោះទេ។

លោក ជំទាវ បានឲ្យដឹងថា ការផ្សព្វផ្សាយ និងការធ្វើប្រតិបត្តិការនៃ លុយឌីជីថលនេះ អាចបង្កហានិភ័យដល់សាធារណជន ហើយវាអាចជាមធ្យោបាយសម្រាប់ការសម្អាត ប្រាក់ហិរញ្ញប្បទានភេវកម្ម និងទីផ្សារងងឹត​ ដោយសារអ្នកប្រើប្រាស់និងអ្នកវិនិយោគមួយចំនួន មិនមានការយល់ដឹង ពី រូបិយវត្ថុ Cryptocurrency​ ដែលងាយរងការឆបោកផ្សេងៗ។

ក្នុង​សន្និសីទ​ម៉ាក្រូសេដ្ឋកិច្ច​ប្រចាំឆ្នាំ កាលពី ​ថ្ងៃទី​៥​ខែធ្នូ​នេះ​ លោកជំទាវ បានឲ្យដឹងថា កាលពីពេលថ្មីៗ នេះ មាន​អ្នក​ដើរ​ផ្សព្វផ្សាយ​បញ្ចុះបញ្ចូលឲ្យ​អ្នកលក់ដូរ ប្រើប្រាស់​លុយ​អេឡិចត្រូនិក ពិសេស​កាក់​ឌីជីថល​ ​ដោយពួកគេ ​បានបញ្ចុះបញ្ចូល​ឲ្យ​ម្ចាស់​ហាង ទទួលស្គាល់​កាក់​ឌីជីថល ជា​រូបិយ​បណ្ណ ហើយប្រាប់ម្ចាស់ហាងថា ​អាច​យក​កាក់​នោះ​ទៅ​ដូរ​យក​សាច់ប្រាក់​នៅ​ធនាគារ​ដែល​ពួកគេ​បាន​ប្រាប់​ឈ្មោះ ហើយ​បើ​អ្នកលក់ដូរ​ទាំងនោះ​បបួល​អ្នក​ចូល​បណ្ដាញ​បាន​មួយចំនួនទៀត នោះ​ពួកនឹង​ទទួលបាន​ប្រាក់ទឹកតែ។

លោកជំទាវក៏បានបង្ហើបថា ពីមុ​ន ធនាគារជាតិក៏បានព្រមាន ប្រជាជនមិនឲ្យប្រើប្រាស់លុយឌីជីថលនេះ ព្រោះវាជាទម្រង់ឆបោកថ្មីនៅកម្ពុជា ហើយរហូតដល់បច្ចុប្បន្ននេះ ធនាគារជាតិនៃ​កម្ពុជា មិនអនុញ្ញាតឲ្យក្រុមហ៊ុនណាមួយធ្វើប្រតិបត្តិការទិញ លក់រូបបិយប័ណ្ណប្រភេទនេះឡើយ។

ធនាគារជាតិ នៃ កម្ពុជា​ សង្ឃឹមយ៉ាងមុតមាំថា លោក លោកស្រី ដែលជាអគ្គនាយក អគ្គនាយការ តាមបណ្ដា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនឹងធ្វើការអនុវត្តតាមការណែនាំខាងលើ ឲ្យមានប្រសិទ្ធភាព ហើយប្រសិនបើ គ្រឹះស្ថានហិរញ្ញវត្ថុណា ល្មើសនឹងការណែនាំនេះ នឹងទទួលទោសតាមផ្លូវច្បាប់៕

អត្ថបទដោយ៖ ហុង

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here