ធនាគារ CIMB បើកដំណើរការ សាខាទី១៣ ពង្រីកសេវា ហិរញ្ញវត្ថុបន្ថែមដល់អតិថិជន

0
12

នៅថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ ២០១៧នេះ ធនាគារ CIMB បានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនូវសាខាទឹកថ្លា ដែលជា​សាខាទី ១៣របស់ខ្លួនដើម្បីពង្រីកបណ្ដាញប្រតិបត្តិការបម្រើសេវាហិរញ្ញវត្ថុដល់អតិថិជនបន្ថែមទៀត។

នៅក្នុងពិធី សម្ពោធដាក់ដំណើរការ សាខាទី ១៣នេះ លោក ប៊ុន យីន​ ប្រធាន នាយកប្រតិបត្តិនៃ​ ធនាគារ CIMB បានមានប្រសាសន៍ថា រហូតមកទាល់ពេលនេះ ធនាគារ CIMB បានពង្រីកបណ្ដាញបាន ១៣ សាខាហើយ ដែលក្នុងនោះ មាន ៩​សាខានៅក្នុង រាជាធានីភ្នំពេញ និង ៤ សាខាទៀតនៅតាមបណ្ដាខេត្ត ដូចជាខេត្ត សៀមរាប បាត់ដំបង ព្រះសីហនុ និង កំពង់ចាម ដោយអមជាមួយនឹងទីតាំង preferred centre ចំនួន ៨ទៀតទូទាំងប្រទេស។

លោកបានបន្តទៀតថា ការសម្ពោធដាក់ដំណើរការ សាខាទី ១៣នេះ គឺជា សមិទ្ធផលថ្មីមួយទៀតដែលឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តនៃ ធនាគារ CIMB ក្នុងការកសាងវត្តមានដ៏រឹងមាំ នៅប្រទេសកម្ពុជា។

រំលឹកកាលពី ៧ឆ្នាំមុន ដែល ធនាគារ CIMB ទើបឈានជើង ចូលទីផ្សាកម្ពុជា នាងចុង ឆ្នាំ ២០១០ ដោយបានបើកសាខាជាធនាគារពាណិជ្ជនៅក្នុងបេះដូងនៃ រាជធានីភ្នំពេញ ហើយពេលនោះមាន បុគ្គលិកត្រឹមតែ ៥០ប៉ុណ្ណោះ។ បន្ទាប់មក ធនាគារដែលមានដើមកំណើតនៅប្រទេសម៉ាឡេស៊ីមួយនេះ បានធ្វើការវិវត្តន៍ខ្លួនពីមួយឆ្នាំ ទៅមួយឆ្នាំ តាមរយៈរួមបញ្ចូលគ្នានៃការអភិវឌ្ឍន៍បុគ្គលិកក្នុងស្រុក និងការផ្ទេរចំណេះដឹងពី CIMB Group ផ្ទាល់ផងដែរ។

បច្ចុប្បន្ន ធនាគារ CIMB មានបុគ្គលិក ជាង ៣០០នាក់ និងមានអតិថិជនលក្ខណៈក្រុមហ៊ុន និងបុគ្គលិកចំនួន ២៣០០០នាក់។ ធនាគារ ក៏ទើបតែបានសម្ពោធ ដំណើរការ ការិយាល័យកណ្ដាលថ្មី របស់ខ្លួន នៅអគារ Exchange Square ដើម្បីបង្កើន ប្រសិទ្ធភាព និងផលិតភាពការងារ ពីផ្នែកគាំទ្រជួរក្រោយទៅដល់បុគ្គលិកផ្នែកជួរមុខ។

ធនាគារ CIMB បានទាក់ទាញអតិថិជន គ្រប់ប្រភេទដូចជា បុគ្គលិកនិងពាណិជ្ជទាំងខ្មែរ និងបរទេស ហើយជាលទ្ធផល ក្នុងឆ្នាំ ២០១៦ ធនាគារបានកត់ត្រាប្រាក់ចំណេញ​ មុនពង់ពន្ធប្រមាណជា ៨លានដុល្លារ ស្មើរនឹងកំណើន ៤៤ភាគរយបើធៀបនឹងឆ្នាំ ២០១៥៕

អត្ថបទដោយ៖ ហុង

LEAVE A REPLY

Please enter your comment!
Please enter your name here