ធនាគារ CIMB ឧបត្ថម្ភសម្ភារៈបរិក្ខារអនាម័យ និងសម្ភារៈសិក្សា ដល់សាលារៀន តាមរយៈគម្រោង «កុមារ​មានអនាម័យ ប្រាជ្ញាឆ្លាតវៃ»

0
24

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី០២ ខែធ្នូកន្លងទៅនេះ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា បានធ្វើដំណើរទៅកាន់​សាលាបឋម​សិក្សាពង្រ ក្នុងខេត្តសៀមរាប ជាមួយនឹងការឧបត្ថម្ភនូវកញ្ចប់សម្ភារៈបរិក្ខារអនាម័យ រួមមាន​ស៊ីទែន​ផ្ទុក​ទឹកខ្នាតធំ ដែលបំពាក់ដោយឧបករណ៍លាងសម្អាតដៃ និងសម្ភារៈសិក្សាមួយចំនួនទៀត ព្រម​ទាំង​សកម្មភាពកម្សាន្ត សម្រាប់សិស្សានុសិស្សផងដែរ។

ចាប់តាំង​ពីបើកដំណើរការអាជីវកម្មដំបូង នៅឆ្នាំ២០១០ ក្នុងប្រទេសកម្ពុជា ឆ្នាំនេះគឺឆ្នាំទី៧ហើយ នៃសកម្ម​​ភាពទំនួលខុសត្រូវសង្គមរបស់ធនាគារ CIMB តាមរយៈគម្រោង «កុមារមានអនាម័យ ប្រាជ្ញា​ឆ្លាតវៃ» ដោយ​មានការ​ចូលរួមពីបុគ្គលិក នៅទូទាំងធនាគារ។

លោកស្រី អ៊ុំ ចិន្តាភក្តី ដែលជានាយិកាធនធានមនុស្ស របស់ធនាគារ CIMB បានឲ្យដឹងថា៖ «ក្នុង​ឆ្នាំ​២០១៧ ធនាគារសម្រេចបានសកម្មភាពទំនួលខុសត្រូវសង្គម ដ៏គួរឲ្យកត់សម្គាល់ នៅក្នុង​សាលា​បឋម​សិក្សាពង្រ ដោយបានឧបត្ថម្ភនូវសម្ភារៈបរិក្ខារអនាម័យ រួមទាំងសម្ភារៈសិក្សារបស់កុមារ ដើម្បី​ឆ្លើយ​តប​ទៅនឹងតម្រូវការជាក់ស្តែងរបស់សាលា និងសិស្សានុសិស្សទាំងមូល។

ការរួម​ចំណែក​នេះ​នឹង​បង្កើន​សក្តានុពលនៃការសិក្សារៀនសូត្ររបស់កុមារ ដែលជាទំពាំងស្នងឬស្សី ហើយ​យើង​ជឿជាក់​ថា កុមារមានអនាម័យ ប្រាជ្ញាកាន់តែឆ្លាតវៃ។ ស្របតាមទស្សនៈវិស័យ​របស់ធនាគារ CIMB យើង​មាន​ក្តីរីករាយ ដែលបានជួយដល់សហគមន៍ ឲ្យទទួលបានអត្ថប្រយោជន៍យូរអង្វែង ប្រកប​ដោយ​និរន្តរភាព»។

សកម្មភាព​ក្រុម​ការងារ​ធនាគារ ស៊ីអាយអិមប៊ី ចុះចែកសម្ភារៈសិក្សា​ដល់​ សិស្សានុសិស្ស

តាមរយៈការចូលរួមយ៉ាងផុសផុល ពីបុគ្គលិក និងថ្នាក់ដឹកនាំរបស់ធនាគារ CIMB កម្មវិធី​សប្បុរស​ធម៌នេះ​បានប្រព្រឹត្តទៅយ៉ាងរលូន និងយ៉ាងទៀងទាត់ ជារៀងរាល់ឆ្នាំ។ លោកស្រី សុខ ចាន់លីណា ដែល​ជាបុគ្គលិក និងអ្នកស្ម័គ្រចិត្តមួយរូប បានបង្ហាញអារម្មណ៍ផ្ទាល់ខ្លួនថា៖ «នេះគឺ​ជាកម្មវិធី​សប្បុរស​ធម៌ដ៏ល្អមួយ ដែលបានបង្កើតឡើងដោយធនាគារ CIMB។​

វាបានលើកកម្ពស់នូវវប្បធម៌ចែករំលែក តាមរយៈការជួយដល់សហគមន៍ និងក្មេងជំនាន់ក្រោយ។ ដោយ​ការចាប់ផ្តើមពីខ្លួនយើងម្នាក់ៗ យើងនឹងអាចសម្រេចបានលទ្ធផលធំធេង ដល់​សង្គម​ជាតិ​យើង នាថ្ងៃក្រោយ ហើយខ្ញុំពិតជាសប្បាយរីករាយ ដែល​បាន​ក្លាយ​ជាផ្នែក​មួយនៃ​កម្ម​វិធី​សប្បុរស​ធម៌នេះ។ ខ្ញុំនឹងចូលរួមសកម្មភាពទំនួលខុសត្រូវសង្គមនេះ នាឆ្នាំក្រោយផងដែរ»។

តាមរយៈការឧបត្ថម្ភពីគម្រោង «កុមារមានអនាម័យ ប្រាជ្ញាឆ្លាតវៃ» លោក ហ៊ាង សុខេន នាយក​សាលា​ពង្រ បានឲ្យដឹងថា៖ «ខ្ញុំសូមថ្លែងអំណរគុណដល់ធនាគារ CIMB ដែល​បាន​ជួយ​ដល់​សាលា​រៀន​មួយ​ចំណែកធំ តាមរយៈការផ្តល់នូវសម្ភារៈសិក្សា និងឧបករណ៍បរិក្ខារអនាម័យ ដល់​សាលា​យើង​ខ្ញុំ។

ការបរិច្ចាគទាំងអស់នេះនឹងជួយដល់ឲ្យបរិស្ថាន និងអនាម័យសាលាល្អប្រសើរ ហើយ​សិស្សា​សាលា​នឹង​មាន​ទម្លាប់ល្អ អនាម័យល្អ និងសុខភាពល្អ ដែលមានកន្លែងលាងសម្អាតដៃងាយស្រួល។ ហើយ​ខ្ញុំសង្ឃឹម​ថា ធនាគារ CIMB នឹងបន្តសកម្មភាពមនុស្ស​ធម៌របស់ខ្លួន កាន់តែច្រើនថែមទៀត សម្រាប់​សាលា​រៀន​ដាច់ស្រយ៉ាលផ្សេងទៀត ក្នុងប្រទេសកម្ពុជា»។

គួររំលឹកផងដែរថា តាំងពីចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន នៅកម្ពុជា ក្នុងឆ្នាំ២០១០ ធនាគារ CIMB  តែង​តែរៀបចំកម្មវិធីទំនួលខុសត្រូវសង្គម ទៅតាមគម្រោងផ្សេងៗគ្នា ជារៀងរាល់ឆ្នាំ ខណៈ​ដែល​ធនាគារ​តែងតែពង្រីកកម្មវិធីសប្បុរសធម៌ ពីមួយឆ្នាំទៅមួយឆ្នាំផងដែរ។

ក្រៅពីការឧបត្ថម្ភដល់កុមារ និង​សាលា​រៀនដែលខ្វះខាត បុគ្គលិក និងថ្នាក់ដឹកនាំរបស់ធនាគារ CIMB ក៏បានចូលរួមស្ម័គ្រចិត្តផ្តល់ឈាម ចំនួន៣លើក ដើម្បីជួយដល់ជនរងគ្រោះ ដោយ​សហការ​ជាមួយ​មជ្ឈមណ្ឌល​ជាតិផ្តល់ឈាមផងដែរ។ ហើយសម្រាប់ឆ្នាំបន្ទាប់ទៀត ធនាគារ CIMB នឹង​ខិត​ខំបន្ត​សកម្មភាពសប្បុរសធម៌របស់ខ្លួន ដែលមានសារៈសំខាន់ និងចំាបាច់បំផុត សម្រាប់​សហគមន៍​នានា​ ក្នុងព្រះរាជាណាចក្រកម្ពុជា។

អំពីធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ីធនាគារ ស៊ីអាយអិមប៊ី​ ភីអិលស៊ី​ ជាផ្នែកមួយនៃស៊ីអាយអិមប៊ី គ្រុប ដែលបានចាប់ផ្តើមប្រតិបត្តិការ នៅថ្ងៃទី១៩ ខែវិច្ឆិការ ឆ្នាំ២០១០ ដោយ​បាន​បើក​សាខា​ពាណិជ្ជ​ទី១ នៅចំកណ្តាលរាជធានីភ្នំពេញ។

បច្ចុប្បន្ន ធនាគារមានសាខាចំនួន ១១កន្លែង នៅក្នុងខេត្តរាជធានីសំខាន់ៗទាំង៥ រួមមាន​រាជធានី​ភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពង់ចាម និងខេត្តបាត់ដំបង។

ជាមួយនឹងអតិថិជនទាំងបុគ្គលសរុបប្រមាណ ២៣,០០០នាក់ ធនាគារ ស៊ីអាយអិមប៊ី មានផ្តល់ជូនសេវាកម្ម និងផលិតផលធនាគារដ៏ទូលំទូលាយ រួមមានសេវាកម្មហិរញ្ញវត្ថុបុគ្គល សេវាកម្មហិរញ្ញពាណិជ្ជកម្ម ព្រមទាំងសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម និងសេវាប្រតិបត្តិការផងដែរ។

ស៊ីអាយអិមប៊ី គ្រុប គឺជាស្ថាប័នហិរញ្ញវត្ថុដ៏ធំបំផុតទីពីររបស់ប្រទេសម៉ាឡេស៊ី និង​ជាធនាគារ​សាកល​នាំមុខ​គេមួយក្នុងតំបន់អាស៊ាន។​ ធនាគារនេះមានផ្តល់ជូន​សេវា​កម្ម​ធនាគារពាណិជ្ជ ធនាគារ​វិនិយោគ ធនាគារឥស្លាម ក៏ដូចជាផលិតផល និងសេវាកម្ម​គ្រប់គ្រង​ទ្រព្យសកម្ម និងធានារ៉ាប់រង។​

មាន​ទីស្នាក់​ការកណ្តាលនៅក្រុងគូឡាឡាំពួ បច្ចុប្បន្ននេះ ស៊ីអាយអិមប៊ី គ្រុប មានវត្តមាន​នៅប្រទេសចំនួន ៩ ក្នុង​ចំណោមប្រទេសទាំង១០ ក្នុងតំបន់អាស៊ាន (ប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី ថៃ កម្ពុជា ប្រ៊ុយណេ វៀតណាម ភូមា និងឡាវ)។​ ក្រៅពីតំបន់អាស៊ាន ស៊ីអាយអិមប៊ី គ្រុប ក៏មានវត្តមាននៅប្រទេសចិន​ ហុងកុង ឥណ្ឌា ស្រីលង្កា តៃវ៉ាន់ កូរ៉េ សហរដ្ឋអាមេរិក ​និង​ចក្រភពអង់គ្លេស​។

ស៊ីអាយអិមប៊ី គ្រុប មានបណ្តាញសាខាធំជាងគេនៅក្នុងតំបន់អាស៊ាន ជាមួយសាខាជាង ៩០០​ កន្លែង គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧​។​​ ធនាគារវិនិយោគរបស់ស៊ីអាយអិមប៊ី គ្រុប ក៏ស្ថិតក្នុង​ចំណោម​ធនាគារវិនិយោគធំជាងគេបំផុតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលផ្តល់ការវិភាគ​ទៅ​លើផ្សារ​ភាគ​​ហ៊ុន​​របស់​ក្រុមហ៊ុនជាង ១.០០០​ ក្រុមហ៊ុន នៅក្នុងតំបន់ ​។​

ស៊ីអាយអិមប៊ី គ្រុប ដំណើរការអាជីវកម្មតាមរយៈអង្គភាពចំបងបី គឺធនាគារ​ ស៊ីអាយអិមប៊ី​ (CIMB Bank) ធនាគារ​វិនិយោគ ស៊ីអាយអិមប៊ី (CIMB Investment Bank)​ និង ធនាគារ​ ស៊ីអាយអិមប៊ី ឥស្លាម (CIMB Islamic)។​ ស៊ីអាយអិមប៊ី គ្រុប មានភាគហ៊ុន ៩២,៥% នៅក្នុងធនាគារ ស៊ីអាយអិមប៊ី នៀហ្គា (Bank CIMB Niaga) នៅប្រទេសឥណ្ឌូនេស៊ី​ ​និង ៩៣,៧% នៅធនាគារ ស៊ីអាយអិមប៊ី ថៃ (CIMB Thai) នៅក្នុងប្រទេសថៃ។

ស៊ីអាយអិមប៊ី គ្រុប ត្រូវបានចុះបញ្ជីភាគហ៊ុននៅលើទីផ្សារមូលបត្រ ប៊ូរសា​ ម៉ាឡេស៊ី (Bursa Malaysia) តាមរយៈ ស៊ីអាយអិមប៊ី គ្រុប ហូលឌីង ប៊ឺហាដ (CIMB Group Holding Berhad)។ ស៊ីអាយអិមប៊ី គ្រុប មានមូលធនទីផ្សារ នៅលើទីផ្សារមូលបត្រ ប្រហែលជា ៣៨,១ ពាន់លាន រីងហ្គីតម៉ាឡេស៊ី គិតត្រឹមថ្ងៃទី៣១ ខែសីហា ​ឆ្នាំ២០១៧។ ស៊ីអាយអិមប៊ី គ្រុប មានបុគ្គលិក​សរុបជាង ៣៩.០០០នាក់ នៅក្នុងប្រទេសចំនួន ១៥។

សម្រាប់ព័ត៌មានបន្ថែម​ សូមទំនាក់ទំនងមកកាន់

លោក ស្រេង ភារុណ

ផ្នែកទីផ្សារ​ និងទំនាក់ទំនង

ទូរសព្ទ៖ +៨៥៥ (០) ៩២ ៩៥៧ ៤៥៥

ទូរសារ៖ +៨៥៥ (០) ២៣ ៩៨៨ ០៩៩

អ៊ីមែល៖ [email protected]

LEAVE A REPLY

Please enter your comment!
Please enter your name here