មហាមិត្តចិនផ្តល់ជំនួយ ៧ លានដុល្លារ ដើម្បីអនុវត្តន៍គម្រោងចំនួន ១៦ នៅកម្ពុជា

0
33

មហាមិត្តចិនផ្តល់ជំនួយជាទឹកប្រាក់សរុបចំនួន ៧.៣១៥.៩០៨ ដុល្លារអាមេរិកក្រោមមូលនិធិពិសេសមេគង្គ-ឡានឆាង សម្រាប់អនុវត្តគម្រោងកម្ពុជា ចំនួន ១៦ ។

មូលនិធិនេះត្រូវបានចុះហត្ថលេខាកាលពីព្រឹកថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៧ នៅទីស្ដីការក្រសួងការបរទេស រវាងឯកឧត្ដមទេសរដ្ឋមន្រ្ដី ប្រាក់ សុខុន និង ឯកឧត្តម ស្យុង ប៉ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ។

ឯកឧត្តម ស្យុង ប៉ លើកឡើងថា “កម្ពុជាជាប្រទេសដំបូងហើយដែលបានទទួលមូលនិធិពិសេសនេះ” ។

លោកបន្ថែមថា “យើងជឿជាក់ថាដំណើរការយ៉ាងរលូននៃគម្រោងនេះនឹងជួយឲ្យកម្ពុជាពន្លឿនការអភិវឌ្ឍន៍បន្ថែម” ។

គួរបញ្ជាក់ថា មូលនិធិមេគង្គ-ឡានឆាង នេះត្រូវបានផ្តួចផ្តើមដើមដោយភាគីចិនក្នុងកំឡុងកិច្ចប្រជុំថ្នាក់ដឹកនាំកំពូលនៅខេត្ត Hainan ប្រទេសចិន កាលពីឆ្នាំ ២០១៦ ដែលជាការសហការផ្តល់ជំនួយលើគម្រោងខ្នាតតូចនិងមធ្យមសម្រាប់ប្រទេសចំនួន ៦ រួមមានចិន កម្ពុជា ថៃ វៀតណាម ឡាវ និង មីយាម៉ា ។

ក្នុងនោះឧត្ដម ប្រាក់ សុខុន មានប្រសាសន៍ថា មូលនិធិនេះត្រូវអនុវត្តន៍លើគម្រោងដូចជា កសិកម្ម ព័ត៌មាននិងទូរគមនាគមន៍ សុខភាពសាធារណៈ ការអប់រំនិងស្រាវជ្រាវ ធនធានទឹក អភិវឌ្ឍន៍ជនបទ និងវប្បធម៌ជាដើម ។

ឧត្ដមក៏បានបន្ថែមថា កិច្ចព្រមព្រៀងថ្ងៃនេះបញ្ជាក់ថាកាន់តែច្បាស់ពីការរីកចម្រើនយន្តការថ្នាក់អនុតំបន់ ឯកឧត្តមរំពឹងថា កិច្ចសហប្រតិបត្តិការគម្រោងនេះនឹងរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ព្រមទាំងបង្កើតចំណងមិត្តភាពរវាងប្រទេសក្នុងតំបន់ មេគង្គ-ឡានឆាង ។

គួរបញ្ជាក់ថា មូលនិធិ មេគង្គ-ឡានឆាង ត្រូវបានបង្កើតឡើងផ្តោតសំខាន់លើការបង្កើតទំនាក់ទំនង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងតំបន់ ការអភិវឌ្ឍធនធានទឹក និង​ការកាត់បន្ថយភាពក្រីក្រជាដើម ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

LEAVE A REPLY

Please enter your comment!
Please enter your name here