សេដ្ឋីលេខ១ហ្វីលីពីន៖ ផ្តើមចេញរកស៊ីដំបូង តាំងពីអាយុ១២ឆ្នាំ លើទឹកដីប្រទេសដទៃ

0
12

លោក Henry Sy ជាមហាសេដ្ឋីលេខ១របស់ហ្វីលីពីន មានទ្រព្យសម្បត្តិសរុបជាង ១៣.៥ពាន់លានដុល្លារ ជាម្ចាស់ក្រុមហ៊ុន SM Investment ផ្តោតសំខាន់លើការលក់រាយ អចលនទ្រព្យ ធនាគារ និងវិស័យផ្សេងៗទៀតក្នុងប្រទេសហ្វីលីពីន។ លោកចាប់ផ្តើមចេញរកស៊ីតំាងខ្លួននៅអាយុ១២ឆ្នាំមកម្ល៉េះហើយទៅរកស៊ីនៅទឹកដីប្រទេសដទៃទៀត ជាមួយឪពុក តែឪពុកត្រូវបានត្រឡប់មកប្រទេសចិនវិញ ដោយទុកឲ្យលោកនៅរកស៊ីតែម្នាក់ឯង។

លោក Henry Sy មានគំនិតរកស៊ីតំាងពីក្មេង លោកមានដើមកំណើននៅភាគខាងត្បូងប្រទេសចិន ក្នុងគ្រួសារក្រីក្រ គឺកើតមកជួបប្រទះបញ្ហាក្រលំបាកតែម្តង។ លោកបានឆ្លង់កាត់ជីវិតក្រតោកយ៉ាក យ៉ាងលំបាកទំម្រាំក្លាយទៅជាមហាសេដ្ឋី តែលោកមានក្តីសុបិនខ្ពស់ចង់ក្លាយទៅជាអ្នកមាន តាមរយៈបើកអាជីវកម្មដោយខ្លួនឯង។ Henry Sy មកដល់ទឹកដីហ្វីលីពដំបូង មុខរបរដែលចេញរកស៊ីគឺលក់ចាប់ហ៊ួយលក្ខណៈតូចតាច និងឆ្លៀតពេលទៅរៀនភាសាអង់គ្លេសបន្ថែម ងាយស្រួលរកស៊ីជាមួយជនជាតិកំណើត ព្រោះប្រទេសហ្វីលីពីនភាគច្រើននិយាយភាសាអង់គ្លេស។ ជីវិតម្ចាស់អាជីវកម្មវ័យក្មេងនេះ ពិតជាលំបាកណាស់ ព្រោះបង្ខំចិតរស់នៅជាមួយកន្លែងដាក់ឥវ៉ាន់ដ៏តូចចង្អៀត។

លោក  Henry​ Sy បានរកស៊ីមុខរបរនេះតំាងពីតូចតាច និងបានរីកចម្រើនគួរសម ខំរកស៊ីទំាងយប់ទំាងថ្ងៃ មិនថ្នមកម្លាំងនោះទេ រហូតដល់គ្មានពេលនិយាយលែងជាមួយអ្នកជិតខាងទៀតផង។ តែជាអកុសល អ្វីៗត្រូវបានបំផ្លាញដោយសារសង្គ្រាមលោកលើកទី២ ធ្វើឲ្យប្រទេសហ្វីលីពីនរងគ្រោះធ្ងន់ធ្ងរ ប៉ះពាល់ដល់អាជីវកម្មទំាងឡាយបង្ខំចិត្តបោះបង់ចោល រួមទំាងលោកផងដែរ។ ជនបរទេសភាគច្រើនត្រូវបង្ខំចិត្តត្រឡប់ទៅស្រុកកំណើតវិញ។ តែលោកវិញសុខចិត្តរស់នៅហ្វីលីពីនរហូតដល់ប្រទេសត្រឡប់មកសភាពដើមិញ និងចាប់ផ្តើមរកស៊ីសារជាថ្មីម្តងទៀត។ លោកធ្លាប់និយាយថា «ខ្ញុំមិនបោះបង់វាដោយងាយៗនោះទេ ខ្ញុំនឹងស្វែងរកដំណោះស្រាយដ៏ល្អមួយ ហើយខំធ្វើវាឲ្យជោគជ័យ»។

ក្រោយឆ្នាំ១៩៤៥ លោកក៏សម្រេចចិត្តបង្កើតនូវហាងស្បែកជើងនៅក្នុងក្រុងម៉ារីគីណា។ ព្រោះតែមានភាពច្នៃប្រឌិត និងខិតខំបប្រឹងប្រែងទំាងថ្ងៃទំាងយប់ ធ្វើឲ្យអាជីវកម្មរបស់កាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ​ ហើយមិនយូរប៉ុន្មានលោកក៏បានចូលសិក្សាជំនាញពាណិជ្ជកម្មនៅសាកលវិទ្យាល័យហ្វីលីពីន។ មកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនSM Investment របស់លោកមានក្រុមហ៊ុនចម្រុះជាច្រើនវិស័យ ជាពិសេសក្រុមហ៊ុនលក់រាយ ធនាគារ អចលនទ្រព្យជាដើម។ យោងតាមរយៈទស្សនវដ្តី Forbes បានបង្ហាញថានៅឆ្នាំ២០១៦ លោកគឺជាអ្នកមានជាងគេនៅប្រទេសហ្វីលីពីនមានទ្រព្យសរុប ១៣.៥ពាន់លានដុល្លារ៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

LEAVE A REPLY

Please enter your comment!
Please enter your name here