ភ្នែកពិការតែឆន្ទះមិន​ពិការជំរុញ​​យុវតីម្នាក់​សិក្សាដល់​កម្រិត​បរិញ្ញានៅ​បញ្ញាសាស្រ្ដ​

0
23

ភ្នំពេញៈ ទោះ​ភ្នែក​ទាំង​គូរពិការ​មើល​មិន​ឃើញ​តាំង​ពីកំណើត តែ​យុវតី​ម្នាក់​មិន​បាន​បោះ​បង់​ឆន្ទះ​ខ្លួន​នោះទេ នាង​តែង​តែ​ជម្នះ​គ្រប់​ឧបសគ្គ ដើម្បី​បានបន្ដ​​ការសិក្សារៀន រហូត​ទទួល​បាន​ជោគជ័យ ក្លាយជា​សិស្ស​ពូកែភាសាអង់គ្លេស និង​ទទួល​បាន​អាហារូបករណ៍​ ថ្នាក់​បរិញ្ញាបត្រ ​បន្ដ​ការ​សិក្សានៅ​សាកលវិទ្យា​ល័យ​បញ្ញា​សាស្រ្ដកម្ពុជាថែមទៀត​។

កញ្ញា ញឹម ស៊ីណាត ដែល​ជានិស្សិត​អាហារូបករណ៍ កំពុង​សិក្សាឆ្នាំ​ទី៤ នៃ​សាកលវិទ្យាល័យ​បញ្ញាសាស្រ្ដ និង​បាន​ចូលរួម​ធ្វើ​ជាវគ្មិន​មួយរូប​ក្នុង​ការ​ចែករំលែកបទ​ពិសោធន៍ ដល់​សិស្សានុសិស្ស​នៃ​វិទ្យាល័យ​ហ៊ុនសែន ពាមរក៍ នា​ព្រឹក​ថ្ងៃសៅរ៍ ទី១៣ ខែ​មករា ឆ្នាំ២០១៣នេះ។ កញ្ញា​បាន​លើក​ឡើង​ថា ទោះ​មាន​ឧបសគ្គច្រើន​យ៉ាង​ណា​នៅ​ក្នុង​ជីវិត​ក៏​មិន​ដែល​បោះបង់​ដែរ ព្រោះ​ជីវិត​រស់​នៅ​ត្រូវ ត​ស៊ូជម្នះ​គ្រប់​ឧបសគ្គ ទោះបី​ពិការ តែ​ត្រូវ​ប្រឹត​ប្រែង​ធ្វើ​ការងារ​ឲ្យ​មាន​ន័យ។

​​ជាកូនកំព្រាម្នាក់​មាន​ដើមកំណើតមក​ពីខេត្ដ​បន្ទាយមានជ័យ និង​រស់នៅ​ជាមួយការ​សណ្ដោយ​ពីព្រះ​សង្ឃនៅ​ក្នុង​វត្ដ​ យុវតី ស៊ីណាត បាន​តស៊ូប្រឹង​ប្រែង​កែប្រែជីវិត​ពីភាព​ងងឹត​ស្លុង រហូត​មាន​ជំនឿចិត្ដ​ តាម​រយៈ​ការ​តស៊ូ ប្រឹង​ប្រែង​សិក្សារៀនសូត្ររហូត​ក្លាយ​ជាសិស្ស​ពូកែភាសាអង់គ្លេស​ដោយការ​សិក្សាតាមយៈការ​ស្ទាប់អក្សរ​តាំង​ពី​នៅ​សិក្សា​វិទ្យាល័យ​។

កំពុង​ឈរ​មុខ​សិស្សានុសិស្ស​វិទ្យាល័យ ​ហ៊ុនសែន ពាមរក៍ ជាង៥០០នាក់ យុវតីរូបនេះ បាន​រម្លឹក​ពី​ប្រវត្ដិ​ជូចត់​គ្រប់​បែប​យ៉ាង​ ព្រោះ​ខ្លួនជាជន​ពិការ​មួយរូប តែ​​តស៊ូសិស្សា​រហូត​ជាប់​ចំណាត់​ថ្នាក់លេខ១​ ​ប្រចាំ​សាលា​ភាសាអង់គ្លេស​ឯកជន​មួយ​នៅ​ខេត្ដ​បន្ទាយ​មាន​ជ័យ​។

រម្លឹក​ទាំង​ក្ដុកក្ដួល​ ខណៈសិស្សានុសិស្ស​រាប់រយនាក់​កំពុង​ផ្ទង់​អារម្មណ៍​ស្ដាប់​មិន​ហាន​មាត់​មិន​ហាន​ក ស៊ីណាត​ ​ថា«ទម្រាំខ្ញុំ​មាន​ថ្ងៃ​នេះ ខ្ញុំ​ត្រូវ​បាន​គេ​និន្ទាមិន​តិចទេ! ខ្លះ​ថា ខំរៀន​ធ្វើ​អី បើ​ពិការ​អញ្ចឹង ប្រឹង​រៀន​ក៏មិន​ដឹង​ទៅ​ធ្វើ​អីដែរ នៅ​ផ្ទះដេក​ទៅ​វាល្អជាង! ទោះ​ពាក្យសម្ដីទាំង​នេះ ធ្វើ​ឲ្យ​ខ្ញុំ​បាក់​ទឹក​ចិត្ដ តែ​ខ្ញុំ​មិន​បាន​បោះបង់​ក្ដី​ស្រមៃ​ ដែល​ខ្ញុំ​ស្រលាញ់​នោះទេ ព្រោះ​ពេល​នោះ ​ខ្ញុំ​កំពុង​ស្រលាញ់​ការ​សិក្សា ពិសេស​ការ​សិក្សាភាសាអង់គ្លេស»។

ស៊ីណាត បន្ដរម្លឹកថា «ការ​ស្រលាញ់នេះហើយ បាន​ធ្វើ​ឲ្យខ្ញុំ​ខិតខំ ប្រឹង​ទៅរៀនភាសាអង់គ្លេស​ទោះ​មេឃ​ភ្លៀង ហើយ​ភ្នែក​ងងឹត ក៏ខ្ញុំ​តស៊ូ​ដើរ​ទៅរៀន​មិន​រុញរាដែរ ទើប​ខ្ញុំ​មាន​លទ្ធផលដូចពេលនេះ​»។

យុវតី ស៊ីណាត ចូលរួមជាវគ្មិន​ ដើម្បី​ចែករំលែក​បទពិសោធន៍ ដល់​យុវជន​។

ការ​សិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យមិន​ជាការងាយ​ស្រួល​នោះទេ​ តែ​យុវតី ស៊ីណាត មិនដែល​រុញរា ចំពោះ​ការ​សិក្សា​ម្ដងណាឡើយ ហើយ​យុវតីរូបនេះ តែង​តែ​ចូលរួម​ចែករំលែក​បទពិសោធន៍​ ដល់​យុវជន​ជា​សិស្សប្អូន​ជំនាន់​ក្រោយយជាហូរហែ។

មិន​ត្រឹម​តែ​កំពុង​សិក្សា​នៅ​កម្រិត​បរិញ្ញានៅ​ក្នុងស្រុក​នោះទេ យុវតី ស៊ីណាត ក៏​ធ្លាប់​បានជាប់​អាហា​រូករណ៍ ទៅទស្សនៈកិច្ច​សិក្សាទៅ​ប្រទេស​ជប៉ុនរយៈពេល​ ៦ខែ ​ជាមួយ​នឹង​ក្រុម​និស្សិត​ពិការភាព​​នៅ​ទី​​នោះ​ថែមទៀត​។

ស៊ីណាត បាន​បន្ដ​ឲ្យដឹងថានាង​ក្រៅ​ពី​ចេះភាសាអង់គ្លេស ពេល​ខ្លះនាង​ហាត់​ធ្វើ​ម្ហូបអាហារបែប​សាមញ្ញបរិភោគដោយ​ខ្លួនឯងបាន​ថែមទៀត​ផង។

យុវតីរូបនេះបន្ថែមថា «ខ្ញុំ​ក៏​ទទួល​បាន​ការងារ​ធ្វើ​ពី​ភោជណីយដ្ឋាន​មួយ​កន្លែង​ផងដែរ ព្រោះ​​គេ​បាន​ជ្រើ​រើស​បុគ្គលិក​ជាជនពិការ ដែល​ចេះ​ភាសាអង់គ្លេស ដូច្នេះ​សព្វថ្ងៃ​ខ្ញុំ​កំពុង​ធ្វើ​ការ​ជាអ្នក​រត់តុ​នៅ​ទីនោះ​»។​

ការ​ជម្នះ​ឧបសគ្គគ្រប់​បែបយ៉ាងទាំង​ខ្លួន​ជាយុវតី​ពិការភាពមួយ​រូប​បែបនេះ បាន​ធ្វើ​ឲ្យ​យុវជន​មួយ​ចំនួន ស្ងប់​ស្ងែង និង​គោរព​ឲ្យ​តម្លៃ​ចំពោះ​ស៊ីណាតគ្រប់ៗគ្នា។

ការនេះ យុវជន​កម្ពុជា គួរ​កុំ​មើលរំលង ខណៈខ្លួនមាន​សារពាង្គកាយគ្រប់​គ្រាន់ អាច​​មើល​ឃើញ និង​បំពេញ​កិច្ច​ការងារ​បាន​គ្រប់​បែបយ៉ាង មិនគួរ​ចំណាយ​ពេល​វេលា​ចោល​ឥត​ប្រយោជន៍​នោះទេ​៕

 

អត្ថបទ៖ វ៉ន ដារ៉ា ប្រធាន​និពន្ធ ពាណិជ្ជកម្ម​កម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here