ពលករខ្មែរចំណាកស្រុកជាង​១លាននាក់ផ្ញើលុយត្រលប់មកស្រុកកំណើត១ឆ្នាំៗ៣៨០០​លាន​ដុល្លារ

0
63

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ ឯកឧត្តម អ៊ិត សំហេង បានលើកឡើងថា នាពេលបច្ចុប្បន្នពលករខ្មែរ កំពុងបម្រើការងារនៅក្រៅប្រទេសចំនួន ១លាន ២សែននាក់ ដោយក្នុង មួយឆ្នាំៗ ពួកគាត់ផ្ញើប្រាក់ដែលធ្វើការបាន មកឲ្យក្រុមគ្រួសារនៅកម្ពុជាវិញប្រមាណ ៣៨០០លាន ដុល្លារ ។

ក្នុងឱកាសអញ្ជើញចូលរួមខួប១០ឆ្នាំ របស់សមាគមជ្រើសរើសពលករកម្ពុជា អាក្រា នាល្ងាច ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ក្នុងរាជធានីភ្នំពេញ ឯកឧត្តម អ៊ិត សំហេង បានមានប្រសាសន៍ថា សរុប ពលករខ្មែរដែលកំពុងធ្វើការនៅក្រៅប្រទេសរហូតមកដល់ពេលនេះមានចំនួន ១លាន ២សែននាក់ ក្នុងចំនួនពលករទាំងអស់នេះ បានផ្ដល់នូវអំណោយផលច្រើនមកដល់សង្គមជាតិ ទោះបីទៅដោយ ស្របច្បាប់ ឬមិនស្របច្បាប់ តែអាចរកការងារបានធ្វើ នៅឯក្រៅប្រទេស ឬគោលដៅដែលទៅ ។

ឯកឧត្តមបន្តថា “ពេលខ្ញុំផ្ទាល់បានទៅជួបសំណេះសំណាល ជាមួយបងប្អូននៅតាមរោងចក្រ មួយចំនួន ខ្ញុំបានសួរមើលទៅថាក្នុងចំណោមទាំងអស់គ្នា ថាអ្នកណាខ្លះផ្ញើប្រាក់មកផ្ទះវិញមួយខែ ២០០ដុល្លារ ឲ្យលើកដៃមើលទៅ សឹងតែមួយរយភាគរយ ដោយយ៉ាងតិចណាស់ក៏ ១៥០ដុល្លារដែរ” ។

រដ្ឋមន្ត្រីក្រសួងការងារ បានបញ្ជាក់ថា បើយើងសរុបពលករខ្មែរកំពុងធ្វើការនៅថៃ ១លាននាក់ ដោយផ្ញើក្នុងម្នាក់ ១៥០ដុល្លារ ក្នុងមួយខែៗ បូកសរុបទាំងអស់ក្នុងមួយឆ្នាំៗមានចំនួន ១៨០០លាន ដុល្លារ ហើយសម្រាប់ពលករដែលបម្រើការងារនៅកូរ៉េ ជប៉ុន ម៉ាឡេ យ៉ាងតិចណាស់ក៏ ២ពាន់លាន ដុល្លារដែរ ។

ឯកឧត្តម អ៊ិត សំហេង បានលើកឡើងថា សម្រាប់ពលករដែលបានទៅធ្វើការនៅក្រៅប្រទេស ទីភ្នាក់ជ្រើសរើសពលករទាំងអស់ ត្រូវមានភារកិច្ចមួយ ត្រូវប្រើសម្តីឲ្យឯកភាពគ្នាមួយ បានន័យថា ត្រូវតែគោរពនូវពលករដែលធ្វើការនៅក្រៅប្រទេស ដោយពួកគាត់មិនមែនទៅធ្វើជាខ្ញុំគេ ទៅធ្វើ ជាកញ្ជះគេដាច់ថ្លៃ ដូចពួកប្រឆាំងនិយាយនោះទេ ដោយគ្រប់សមាគមភ្នាក់ទាំងអស់ ត្រូវចេះលើកទឹក ចិត្តដល់ពលករ ។

គួរបញ្ជាក់ថា បច្ចុប្បន្នមានក្រុមហ៊ុនចំនួន៨៥ បាននាំពលករខ្មែរ ទៅធ្វើនៅប្រទេសថៃ ជប៉ុន ម៉ាឡេស៊ី ហុងកុង សិង្ហបុរី និងប្រទេសតំបន់អារ៉ាប់ ។ ដោយឡែកពលករ ដែលទៅបម្រើការងារនៅ ប្រទេសកូរ៉េខាងត្បូង មិនមែនទៅតាមរយៈក្រុមហ៊ុននោះទេ គឺកើតឡើងដោយមានកិច្ចព្រមព្រៀង រវាងក្រសួងការងារកម្ពុជា និងកូរ៉េ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here