ក្រសួង​ឲ្យ​ម្ចាស់ដីឡូតិ៍ជិត៣០០០ឡូតិ៍នៅកែបកាប់ឆ្ការព្រៃក្នុងដីខ្លួន​ឲ្យស្អាត​មុន​ថ្ងៃបុណ្យ​សមុទ្រ

0
53

ភ្នំពេញៈ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រៀមរៀបចំពិធីបុណ្យសមុទ្រឆ្នាំ២០១៧ នាថ្ងៃទី០៦ ខែធ្នូនេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម កែន សត្ថា អភិបាលខេត្តកែប បាន​អំពាវ​នាវយ៉ាងទទូចដល់ម្ចាស់ដីឡូតិ៍ដែលមានដីនៅខេត្តកែប សូមរួស​រាន់​មក​កាប់​ឆ្ការព្រៃ​ក្នុង​ដីឡូតិ៍​របស់​ខ្លួនឲ្យបានស្អាត មុនពិធីបុណ្យសមុទ្រ ឆ្នាំ២០១៧ ខាងមុខ។

ការអំពាវនាវយ៉ាងដូច្នេះ ដោយសារការងារសំអាតនេះ គឺជាការចូលរួមចំណែក​ក្នុងការ​លើក​តម្កើង​សោភ័ណ​ភាព និងរួមចំណែក្នុងថែរក្សាសន្តិសុខក្នុងទីក្រុងកែបនោះផងដែរ។

គួរបញ្ជាក់ថា ពិធីបុណ្យសមុទ្រ លើកទី៦ (ជុំទី២) នៅខេត្តកែប ឆ្នាំ២០១៧នេះ នឹងប្រារព្ធឡើងរយៈ​ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២២-២៤ ខែធ្នូ ខាងមុខ ក្រោមប្រធានបទ «ឆ្នេរសមុទ្របៃតង៖ អនាគត​គឺបច្ចុប្បន្ន»​ និងក្រោមពាក្យស្លោក «និរន្តរភាពទេសចរណ៍ សម្រាប់ការអភិវឌ្ឍ» ដែលពិធីបើក​ដំណើរការ​ពិធីបុណ្យសមុទ្រជាផ្លូវការ នឹងធ្វើឡើង នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧។

ដើម្បីរៀបចំព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះ ឲ្យកាន់រលូនល្អប្រសើរប្រកបដោយជោគជ័យ​លើស​ឆ្នាំមុនៗ គណៈកម្មការអន្តរក្រសួងរៀបចំពិធីបុណ្យសមុទ្រ ឆ្នាំ២០១៧ បានជួបប្រជុំគ្នា​ជា​ច្រើន​​លើក និងចុះត្រួតពិនិត្យទីតាំងជាក់ស្ដែងជាបន្តបន្ទាប់។

ឯកឧត្តម កែន សត្ថា បានបញ្ជាក់ថា បច្ចុប្បន្ន ដីឡូតិ៍ក្នុងខេត្តកែបដែលជាកម្មសិទ្ធិឯកជន​មាន​ប្រមាណ ៣ពាន់ឡូតិ៍ ប៉ុន្តែដីឡូតិ៍ដែលមានការអភិវឌ្ឍមានតែប្រមាណជាង ៥០០ឡូតិ៍ប៉ុណ្ណោះ ដូច្នេះ​​តាមរយៈការអំពាវនាវនេះ សូមម្ចាស់ដីឡូតិ៍ទាំងអស់ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ក្នុងការ​រៀប​ចំការងារនេះ។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានក្រើនរំលឹក និងជំរុញជាដដែលៗថា ខេត្ត​កែប​ត្រូវ​តែជាខេត្តគំរូ​ក្នុងការ​ចូល​រួម​ក្នុង​ចលនា​ប្រឡងប្រណាំង «ទីក្រុងស្អាត រមណីដ្ឋានស្អាត សេវាល្អនិងបដិសណ្ឋារកិច្ចល្អ» ពិសេស​គំរូ​ក្នុង​ការបញ្បប់ការបោះចោលសំរាមជាក្រដាសចោលក្រោមតុនៅតាមភោជនីយដ្ឋាន អាហារដ្ឋាន ។ ចូលរួមសំដៅធ្វើឲ្យកម្ពុជាស្អាត និងបៃតង។

ជាមួយនឹងការជំរុញខាងលើនេះ ឯកឧត្តមរដ្ឋមន្ត្រីថែមទាំងបានជំរុញដល់មន្ត្រីពាក់ព័ន្ធ និងវិស័យ​ឯកជន សហការគ្នាជំរុញបន្តទៅគ្រប់ភោជនីយដ្ឋាន អាហារដ្ឋានក្នុងខេត្តកែប បញ្ឈប់​ការចោល​ក្រដាស​ក្រោមតុឲ្យខានតែបាន ដោយជំនួសមកវិញនូវការប្រើកន្សែងស្អាត ឬកន្សែងត្រជាក់ ដែល​ស្មារតី​នេះជាកត្តាសំខាន់បំផុត ក្នុងការចូលរួមក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋាន​ស្អាត​ និងបដិសណ្ឋារកិច្ចល្អ។

ពិធីបុណ្យសមុទ្រលើកទី៥ នៅខេត្តព្រះសីហនុ កាលពីឆ្នាំ២០១៦ មានភ្ញៀវទេសចរជាតិ និងអន្តរ​ជាតិ​ចូលរួមទស្សនាកម្សាន្ត ប្រមាណជាង៥០ម៉ឺននាក់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here