ក្នុង​ចំណោម​ប្រទេស៨០ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១០ផ្នែកតម្លៃនៃការនាំចេញអង្ករទៅក្រៅប្រទេស

0
51

ភ្នំពេញ៖ ក្នុងចំណោមប្រទេសប្រមាណជាង៨០ នៅលើពិភពលោក បច្ចុប្បន្ន ប្រទេសកម្ពុជាឈរ លេខរៀងទី១០ ផ្នែកតម្លៃនៃការនាំចេញអង្ករទៅលក់នៅក្រៅប្រទេស ខណប្រទេសឥណ្ឌាលេខ១ ថៃលេខ២ និងអាមេរិកលេខ៣ ។

ក្នុងទិវាច្រូតស្រូវលើកទី១៤ ក្នុងគោលបំណងរំលឹកគុណស្រូវ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ នាវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ កសិកម្មកម្ពុជា (CARDI) លោកបណ្ឌិត សេង វ៉ាង នាយករង វិទ្យាស្ថាន CARDI បានមានប្រសាសន៍ថា លើពិភពលោកមានផ្ទៃដីដាំដំណាំស្រូវចំនួនប្រមាណ ១៦០លានហិកតា ហើយការប្រមូលផលស្រូវបាន ៤៨៤លានតោន ដោយនៅប្រទេសតំបន់អាស៊ី ប្រមូលបាន ២១០លានតោន ស្មើនឹងជិត ៥០ភាគរយ ហើយតម្រូវការប្រជាជនមានប្រមាណ ៤៧៥ លានតោន ក្នុងនោះប្រទេសចិន មានចំនួន ច្រើនជាងគេ រហូតដល់១៤៦លានតោន ក្នុងមួយឆ្នាំៗ បើគិតជាតម្លៃនៃការនាំ អង្កររបស់ពិភលោកទាំងមូល ក្នុងមួយឆ្នាំៗ ដែលនាំចេញពីប្រទេសផលិត ស្រូវ មានតម្លៃប្រមាណ ២០ពាន់លានដុល្លារ ។

អ្នកជំនាញផ្នែកកសិកម្មរូបនេះ បានបន្តថា “កម្ពុជាយើងបើគិតតម្លៃ នៃការនាំចេញអង្ករ ក្នុងមួយឆ្នាំៗ យើងជាប់នៅក្នុងថបធិន (Top Ten) បានន័យថាយើងលេខ១០ ហើយក្នុងនោះយើង មានប្រហែល ១,៥ភាគរយ នៃតម្លៃសរុប របស់កម្ពុជានាំចេញ ។ នេះស្ដែងឲ្យឃើញពីសារសំខាន់ វិស័យស្រូវ-អង្ករកម្ពុជា នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ” ។

លោកបណ្ឌិតបញ្ជាក់ថា ចំណែកការផលិតអង្ករវិញ កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ១៣ ហើយកម្ពុជា កំពុងពង្រីការផលិតរបស់ខ្លួន ឲ្យឈានដល់កម្រិត  Top Ten ផងដែរ ។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា រយៈ ពេល១១ខែ ឆ្នាំ២០១៧នេះ កម្ពុជាបាននាំអង្ករទៅក្រៅប្រទេសចំនួន ៥៦ម៉ឺន ២ពាន់តោន ក្នុងនោះ នាំទៅប្រទេសចិនមាន ២៩ភាគរយ ។

ដោយឡែកការងារស្រាវជ្រាវស្រូវរបស់វិទ្យាស្ថាន CARDI លោកបណ្ឌិត សេង វ៉ាង បានឲ្យ ដឹងថា រយៈពេល១៨ឆ្នាំ វិទ្យាស្ថានបានស្រាវជ្រាវ និងបង្កើតស្រូវបានចំនួន ២០ប្រភេទ ក្នុងចំណោម នេះ ក៏មានស្រូវផ្ការំដួល ដែលបានទទួលចំណោមថ្នាក់លេខ១ លើពិភពលោកចំនួន ៣ឆ្នាំ ជាប់ៗគ្នា ផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here