ផ្សាររាត្រីកុងទ័រន័រកំពុងរីកខ្លាំងនៅភ្នំពេញ និង​ខេត្ដ​សកត្ដានុពលពីទេសចរណ៍

0
33

ភ្នំពេញៈ បន្ទាប់​ពី​អ្នកប្រកបរបររកស៊ីមួយចំនួននៅកម្ពុជា មាន​និន្នាការ​រកស៊ីតាមគ្នា ក្រោយ​ពេល​សម្លឹង​​មើល​ឃើញអ្នក​បើក​អាជីវកម្មណាមួយ​លក់ដាច់នៅក្នុងទីផ្សារ ក៏សម្រុក​ទៅបើក​អាជីវកម្ម​នោះ​ដូច​​គេ​ដែរ ហើយ​មាន​ខ្លះ​ទទួលជោគជ័យ​ និង​មួយចំនួន​ត្រូវ​បិទទ្វាទៅវិញ។

ជាក់ស្ដែង​​ក្នុង​ពីរបីឆ្នាំ​ចុង​ក្រោយ​នេះ មាន​អាជីវកម្ម​ជាច្រើន​ ទាំង​វិស័យចំណីអាហារ  ភេសជ្ជៈ និង​បែប​​កម្សាន្ដ បាន​បើក​បន្ដកន្ទុយតាម​គ្នា​ជាហូរហែរ បន្ទាប់ពី​អាជីវករ​មួយ​ចំនួន មើល​ឃើញគេ​ជោគ​ជ័យ​​មួយប្រាវ ក៏ប្រឹង​ប្រែង​កែឆ្នៃ​អាជីវកម្ម​ឲ្យ​ដូចគេដែរ ​ដើម្បីបើក​រកស៊ីនៅលើទីផ្សារ។

ចំពោះ​ការបើក​អាជីវកម្ម​ដោយ​​មិនបាន​សិក្សារ​ស្វែងយល់ និង​ស្រាវជ្រាវនៅលើ​ទីផ្សារ ឲ្យ​បាន​គ្រប់​ជ្រុង​​ជ្រោយ​នេះ អាចបណ្ដាល​ឲ្យ​របររកស៊ី​នោះ មួយចំនួន​ត្រូវ​បាន​បិទទ្វារ ទាំង​មិន​ទាន់​អាច​រកកម្រៃ​ត្រលប់​ចូលវិញបាន​រួចខ្លួន​ផង។

មិន​ខុសគ្នា​នេះដែរ បច្ចុប្បន្ន ក្រៅ​ពី​និន្នាការ​រកស៊ី​តាមគ្នា​លើ​វិស័យ​ភេសជ្ជៈកាហ្វេ នៅតាម​ទីប្រជុំ​ជន​រាជ​ធានី  ខេត្ដ​មួយចំនួន។ ការបើក​របររកស៊ី បែបរចនាបទហាងឡើង ដោយយក​ទូរកុងទ័រន័រមក​កែ​ឆ្នៃ​​ ក៏​កំពុង​ពេញនិយមនៅ​រាជធានីភ្នំពេញ​ និង​តាម​បណ្ដាខេត្ដ​មួយចំនួន ដូចជា សៀមរាប​ និង​ព្រះ​សីហនុ​ជាដើម​។

ទាក់​ទិន​ចំពោះ​ការ​ពេញនិយម​នេះ ក៏​បាន​ផ្ដល់​ឱកាសទីផ្សារ​ដល់​អាជីវករ​ អ្នក​បោះដុំ​លក់​ទូរកុទ័រន័រ​មិន​​ស្ទើរ​ដែរ​នៅកម្ពុជា ដែល​អ្នក​លក់​ទាំង​នោះ​បាន​នាំចូល​ទូរកុងទ័រន័រ ពី​ប្រទេស​ថៃ និង​វៀតណាម នេះ​បើតាម​ពាណិជ្ជកម្មកម្ពុជាធ្លាប់​បាន​សម្ភាសន៍​នាពេល​កន្លង​មក​។

​​សន្ទុះ​នៃ​ការ​បើក​របរ​តាមរយៈការ​កែឆ្នៃ​ទូរកង់​ទ័រន័រនេះ នៅ​មិនទាន់​ធ្លាក់ចុះ​នៅឡើយទេនាពេលនេះ ទាំង​នៅរាជធានីភ្នំពេញ និង​តាម​បណ្ដាខេត្ដ​សក្កដានុពល ដែល​មាន​ភ្ញៀវ​ទេសចរណ៍​ច្រើន។

ទាក់ទិន​ចំពោះការ​រកស៊ី​តាម​គ្នា​ ដោយ​មើល​ឃើញ​គេ​រកស៊ី​មុន​ទទួល​បាន​ផលនេះ ពាណិជ្ជកម្ម​កម្ពុជា តែង​​តែ​មាន​ការ​ព្រួយ​បារម្ភចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ ព្រោះ​អាច​នឹង​មិន​ទទួល​បាន​ផលយូរអង្វែង​ ឬអាច​ខាត​​បង់​​ចំពោះ​ការ​វិនិយោគតាម​គេ​បែបនេះ​។

ជាក់ស្ដែង​ក្នុង​ទីផ្សារ​លក់​​ផ្នែក​ខាង​ភេសជ្ជៈ​នាប៉ុន្មាន​ឆ្នាំចុងក្រោយនេះ មាន​ហាង​ភេសជ្ជៈ​​ បែប​យុវវ័យ​មួយ​​ចំនួន បើករកស៊ី​បាន​មួយរយៈដំបូង​ក៏​មាន​ការ​ផុសផុល​ខ្លាំង​ តែមិន​បាន​យូរ​​ប៉ុន្មាន​ផង ក៏​បិទទ្វាទៅវិញជាដើម​។

ចំពោះ​ករណី​នេះ ពាណិជ្ជកម្មកម្ពុជា សូម​ជម្រាបជូន​បងប្អូន​ប្រជាជន​ខ្មែរ សូម​ចេញ​រកស៊ី​របរ​ណា​មួយ​ដោយ​ខ្លួនឯងជាមួយ​ផលិត​ផលបែប​ខ្មែរ​ ឬព្យាយាម​ស្វែង​រក​របរណា​ដែល​ជា​របស់​ខ្លួន​ចាំចេញ​រកស៊ី ហើយ​ត្រូវ​​សិក្សារ​ស្វែងយល់ពីទីផ្សារ​ឲ្យ​បាន​ច្បាស់លាស់​ជាមុនសិន មុន​​នឹងចាប់​ផ្ដើម​​វិនិ​យោគ ទិញ​​យីហោណាមួយ​ពីគេ៕ ​

 

 

អត្ថបទ៖ វ៉ន ដារ៉ា ការីនិពន្ធ ពាណិជ្ជក​ម្មកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here