ជាធម្មតា យើងធ្លាប់តែឃើញក្រុមហ៊ុនលក់ទូរស័ព្ទដៃមួយចំនួន បញ្ចេញតម្លៃទូរស័ព្ទត្រឹមតែខ្ទង់ ១ពាន់ដុល្លារ ទៅ២ពាន់ដុល្លារជាងប៉ុណ្ណោះ ប៉ុន្តែនៅក្នុងនោះស្រាប់តែមានក្រុមហ៊ុនមួយដែលមានឈ្មោះថា Vertu បានផលិតទូរស័ព្ទដៃមួយគ្រឿងមានតម្លៃពាន់ដុល្លារ រហូតដល់ទៅ១លានដុល្លារឯណោះ។
យោងតាមការចេញផ្សាយពីវេបសាយ Wikipedia បានឱ្យដឹងថា ក្រុមហ៊ុន Vertu ត្រូវបានបើកដំណើរការនៅថ្ងៃទី២១ ខែមករា ឆ្នាំ ២០០២ ដែលវាមានរោងចក្រផលិតនៅ Church Crookham រដ្ឋ Hampshire នៃប្រទេសអង់គ្លេស។ នៅពេលចាប់ផ្តើមបើកក្រុមហ៊ុនបានរយៈ២ឆ្នាំ ក្រុមហ៊ុននេះបានផលិតទូរស័ព្ទមួយគ្រឿងគឺម៉ាក Ascent ដែលវាបង្កប់ជាមួយត្បូងទទឹមជិត ៥ការ៉ាត់ ។
ក្រោយពីផលិតទូរស័ព្ទម៉ូឌែលនេះដាក់លក់នៅលើទីផ្សារ ជារឿយៗក្រុមហ៊ុន Vertu តែងតែផលិតម៉ូតថ្មីមកជានិច្ច រហូតដល់ពេលមួយគេបានផលិតទូរស័ព្ទមានតម្លៃខ្ពស់ជាងគេគឺក្នុងមួយគ្រឿងលក់លើទីផ្សារ ១,១លានដុល្លារហើយទូរស័ព្ទនោះមានឈ្មោះថា Signature Cobra។
មូលហេតុដែលទូរស័ព្ទនេះមានតម្លៃថ្លៃជាងគេ ដោយសារតែវា ត្រូវបានរចនាឡើងដោយបាននាំយកម៉ាកគ្រឿងអលង្ការមកពីប្រទេសបារាំង។ ចំណុចលេចធ្លោមួយចំនួនផ្សេងទៀតនៃទូរស័ព្ទ Vertu គឺវាមានត្បូងទទឹមចំនួន ៤៣៩គ្រាប់ ដែលត្បូងទាំងនោះបានបំពាក់នៅលើពស់ដែលបានដាក់ម៉ូតនៅលើទូរស័ព្ទ។ ទូរស័ព្ទតម្លៃកប់ពពកនេះដែរ គឺមានការរចនារាងពស់វែកជុំវិញផ្នែកខាងមុខ ហើយភ្នែកវាគឺភ្ជាប់ត្បូងមរកតចំនួន ២ ។ បើនិយាយពីការរចនាវិញ ទូរស័ព្ទ Vertu Signature Cobra នេះផងដែរ គឺវាជាលក្ខណៈ Limited Edition។
ជាមួយគ្នានោះដែរ Business Cambodia ក៏បានទៅសម្ភាសន៍ជាមួយម្ចាស់ហាងជួសជុលទូរស័ព្ទដៃ១កន្លែងឈ្មោះថាឯករាជ្យដែលហាងនេះគឺមានទីតាំងនៅក្បែរផ្សារទំនើបសូរិយា ហើយម្ចាស់ហាងរូបនេះក៏ធ្លាប់បានជួសជុលទូរស័ព្ទរបស់ក្រុមហ៊ុន Vertu ដែរ។ ម្ចាស់ហាងក៏បានបង្ហើបថា នៅខ្មែរយើងក៏មានប្រជាជនមួយចំនួនបានប្រើប្រាស់ទូរស័ព្ទដៃប្រភេទ Vertu ដែរ ហើយទូរស័ព្ទនេះគឺមានតម្លៃចាប់ពីខ្ទង់ពាន់ដុល្លារដល់លានដុល្លារឯណោះ ជួនការមានអតិថជនខ្លះទិញទូរស័ព្ទនេះខ្ទង់ពាន់ទេ តែពួកគាត់ថែមទាំងយកទៅដាំពេជ្រ និងដាំផ្លាកទីនទៀតផង។
ម្ចាស់ហាងជួលជុលទូរស័ព្ទដៃឯករាជ្យ បានបញ្ជាក់ថា ទោះបីជាទូរស័ព្ទនេះមិនមានហ្វេសប៊ុកមើល មិនមាន Tik Tok លេងដូច Iphone ឬ Sumsung អីដោយ តែចំពោះអ្នកមានជីវភាពធូរធារគឺគេចូលចិត្តទិញប្រើណាស់ ដោយសារតែវាជាប្រភេទទូរស័ព្ទចាប់បានសេវាខ្លាំងហើយបើនិយាយពីទូរស័ព្ទនេះវិញគឺវាមានវិទ្យុសកម្មទាបជាងគេបំផុត បែបនេះហើយទើបពីម៉ូឌែលទៅម៉ូឌែលវាមានតម្លៃថ្លៃជាងគេជាងឯងបែបនេះ។ ប្រសិនជាបងប្អូនចង់ដឹងពីតម្លៃទូរស័ព្ទរបស់ក្រុមហ៊ុន Vertu អាចឆែកមើលតម្លៃនៅទីនេះបន Vertu.com ៕
អត្ថបទ៖ ធី ស្រីល័ក្ខ