យោងតាមការចេញផ្សាយពីវេបសាយ Yahoo Finance បានឱ្យដឹងថា ក្រុមហ៊ុន Toyota Motor Corp របស់ប្រទេសជប៉ុនបានប្រកាសថា ខ្លួនបានខាតប្រាក់ចំណេញជាង ៤២% ក្នុងត្រីមាសទី១នេះ។ ហើយវាហេតុការណ៍ដ៏អាក្រក់ជាងគេ ដោយសារការផលិតរថយន្តត្រូវបានរាំងស្ទះនិងរងការរឹតបន្តឹងពីរោងចក្រនៅក្នុងប្រទេសចិន និងកង្វះខាតបន្ទះឈីបទូទាំងសកលលោក។
នៅក្នុងនោះ ប្រាក់ចំណេញសម្រាប់រយៈពេល ៣ខែរបស់ក្រុមហ៊ុន Toyota កាលពីថ្ងៃទី៣០ ខែមិថុនា កន្លងទៅនេះបានធ្លាក់ចុះរហូត ៤.៣ ពាន់លានដុល្លារ ដែលវាជាទិន្នន័យដ៏មិនល្អមួយសម្រាប់ក្រុមហ៊ុនផលិតរថយន្តមួយនេះ ព្រោះកាលពីឆ្នាំមុន Toyota រកចំណូលបានប្រមាណ ៧,៤ពានលានដុល្លារឯណោះ។
ជាមួយគ្នានោះដែរ ក្រុមហ៊ុនខ្នាតយក្សរបស់ប្រទេសកូរ៉េខាងត្បូងគឺ LG Energy Solution Ltd ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិតត្រូនិច និងផលិតអាគុយរថយន្តអគ្គិសនី ក៏បានប្រកាសពីការខាតបង់ប្រាក់ចំណេញជាង ៧៣ភាគរយដែរ បើប្រៀបធៀបកាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយសារព័ត៌មាន Nikkei Asia។
មូលហេតុនៃការធ្លាក់ចុះនេះ គឺដោយសារតែមានការកើនឡើងថ្លៃវត្ថុធាតុដើម រួមទាំងមានបញ្ហាកូវីដ១៩នៅប្រទេសចិន ហើយបញ្ហាធំបំផុតនោះគឺមានជម្លោះរុស្ស៊ីជាមួយអ៊ុយក្រែន។ បច្ចុប្បន្ននេះក្រុមហ៊ុន LG Energy Solution Ltd ជាក្រុមហ៊ុនផលិតរថយន្តអគ្គីសនីដ៏ធំមួយ ដែលបានផ្គត់ផ្គង់ទៅកាន់ក្រុមហ៊ុនធំៗដូចជា Ford Motor Co Tesla General Motors Co ៕
អត្ថបទ៖ ធី ស្រីល័ក្ខ