នេះជាដំណឹងល្អមួយ សម្រាប់អស់លោកអ្នកដែលកំពុងតែស្វែងរកការងារធ្វើ ឬមិនទាន់ដឹងរៀនជំនាញអ្វីឱ្យប្រាកដព្រោះនៅពេលនេះវិទ្យាស្ថានតេជោសែន សាធារណការនិងដឹកជញ្ជូនបានប្រកាសពីការបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសយានយន្ត ហើយសម្រាប់សិក្ខាសាលានេះបន្ទាប់ពីរៀនចប់ក្រៅពីទទួលបានការងារធ្វើភ្លាមៗគឺទទួលបានលុយថែមទៀតផង។
ជាមួយគ្នានោះដែរ ចំពោះសិក្ខាសាលានេះគឺទទួលសិស្សចំនួន១២៥នាក់ប៉ុណ្ណោះ ដោយផ្តល់អាទិភាពដល់បេក្ខនារីចំនួន២០នាក់ ឱ្យចូលរៀនវគ្គបណ្តុះបណ្តាលបច្ចេក ទេសយានយន្ត រយៈពេល០៤ខែ នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន។ក្រោយបញ្ចប់វគ្គសិក្សានិងការបណ្តុះបណ្តាលនេះ សិក្ខាកាមនឹងទទួលបានចំណេះជំនាញពិតប្រាកដលើជំនាញបច្ចេកទេសយានយន្ត រួមមានជាមួយនឹងប្រាក់ឧបត្ថម្ភប្រចាំខែ៦០ដុល្លារ/ខែរយៈពេល០៤ខែ។
លើសពីនេះទៅទៀតនៅពេលដែលយើងចេះនៅជំនាញបច្ចេកទេសយានយន្តពិតប្រាកដ ក៏មានឱកាសចុះហាត់ការនៅក្រុមហ៊ុន RMA Group ដោយទទួលបានប្រាក់ឧបត្ថម្ភចំនួន១០០ដុល្លារ/ខែរយៈពេល ០៣ខែ ហើយក្រោយពេលបញ្ចប់ការសិក្សា ហ្វឹកហាត់ និងការបណ្តុះបណ្តាល សិក្ខាកាមនឹងទទួលបានឱកាសការងារជាច្រើននៅក្រុមហ៊ុន RMA Group ផងដែរ។ តាមការបញ្ជាក់ពីវិទ្យាស្ថាន លក្ខខណ្ឌជ្រើសរើសមានដូចជា៖
- ត្រូវមានអាយុចាប់ពី ១៨ ឆ្នាំ ដល់ ៣០ ឆ្នាំ
- សញ្ញាបត្រចាប់ពីថ្នាក់ទី ៩ ឡើងទៅ
- ត្រូវមានសញ្ជាតិជាខ្មែរ មានសម្ថភាព និង ឆន្ទៈខ្ពស់
- ត្រូវមានការអត់ធន់នឹងការងារ
- ចេះអាន និង ចេះសរសេរអក្សរខ្មែរច្បាស់លាស់
- មានក្រមសីលធម៌ និង វិន័យល្អ
សូមជម្រាបថា វគ្គបណ្តុះបណ្តាលបច្ចេកទេសយានយន្តនេះ រៀបចំឡើងក្នុងគោលបំណងបំពេញកង្វះខាតធនធានមនុស្សលើបច្ចេកទេសជួសជុលយានយន្ត ក៏ដូចជាកង្វះខាតធនធានមនុស្សតាមយានដ្ឋានឱ្យមានចំណេះដឹងច្បាស់លាស់ និងអាចមានសមត្ថភាពដំឡើងរថយន្តបម្រើការនៅតាមយានដ្ឋាន ឬគ្រប់គ្រងយានដ្ឋានដោយផ្ទាល់បាន៕
អត្ថបទដោយ៖ ធី ស្រីល័ក្ខ