ក្រសួងពាណិជ្ជកម្ម បង្ហាញមុខទំនិញដែលត្រូវរឹតបន្តឹងក្នុងការនាំចេញទៅប្រទេសតួកគី នាពេលខាងមុខនេះ
ក្រសួងពាណិជ្ជកម្មកម្ពុជា បានបង្ហាញពីបញ្ជីមុខទំនិញ ដែលត្រូវរឹតត្បិតក្នុងការនាំចូលមកប្រទេសតួកគី ដោយអនុលោមតាមអនុសាសន៍ របស់អង្គការពិភពលោក ខាងសុខភាពសត្វ (The World Organization for Animal Health) និងក្របខ័ណ្ឌនៃបទប្បញ្ញត្តិសុខភាព ក្នុងការនាំចូលសត្វរស់ និងផលិតផលធ្វើពីសត្វ របស់ក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ នៃប្រទេសតួកគី។
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់បន្ថែមថា ដោយសារតែបញ្ហានេះ ទើបធ្វើឲ្យប្រទេសតួកគី មានការរឹតត្បិតនូវទំនិញមួយចំនួន ដែលអាចទាក់ទងទៅនឹងជំងឺនេះ ដូចជា៖ ផលិតផលទាក់ទងនឹងទឹកដោះ និង Cream សម្រាប់មនុស្សបរិភោគ, ផលិតផលកែច្នៃពីសាច់សត្វ, ស្បែកសត្វ ដែលយកមកធ្វើជាស្បែកជើង និងកាបូប -ល-, រោមសត្វ សម្រាប់ធ្វើជាសំលៀកបំពាក់ និងគ្រឿងក្នុងសត្វ សម្រាប់មនុសុ្សបរិភោគ។
សូមបញ្ជាក់ថា ការរឹតត្បិតមុខទំនិញនាំចូល មកប្រទេសតួកគី ដោយសារមានការព្រួយបារម្ភ អំពីជំងឺមាត់ និងដៃ-ជើង ដែលកើតឡើងចំពោះសត្វ នឹងអាចឆ្លងមកកាន់មនុស្ស៕
អត្ថបទ៖ ធី ស្រីល័ក្ខ