ពិតជារឿងចម្លែកខ្លាំងមែនទែន ដែលក្រុមអ្នកវិទ្យាសាស្រ្តនៅប្រទេសស៊ុយអែត មួយក្រុមបាននាំគ្នាយកទឹកនោមច្នៃជាល្បាយដើម្បីយកជាធ្វើជាជីកសិកម្ម ដោយសារតែពួកគេបានមើលឃើញថាប្រជាជនដែលរស់នៅលើកោះ Gotland ដែលជាកោះធំជាងគេនៅប្រទេសស៊ុយអែត កំពុងតែខ្វះទឹកប្រើប្រាស់សម្រាប់ធ្វើដំណាំ។
យោងតាមការចុះផ្សាយចេញពីសារព័ត៌មាន India Time បានឱ្យដឹងថា ក្រុមអ្នកស្រាវជ្រាវស៊ុយអែត បានចាប់ផ្តើមសហការជាមួយក្រុមហ៊ុនក្នុងស្រុកមួយដើម្បីជួលបង្គន់ចល័តឱ្យប្រជាជនរស់នៅលើកោះនោះគោលដៅធំបំផុតសម្រាប់ពួកគេគឺដើម្បីប្រមូលទឹកនោមឱ្យបានច្រើនជាង ៧ម៉ឺនលីត្រក្នុងរយៈពេល ៣ឆ្នាំ។
ក្រុមនេះមកពីសាកលវិទ្យាល័យវិទ្យាសាស្ត្រកសិកម្មស៊ុយអែត នៅ Uppsala ដែលបានបង្កើតក្រុមហ៊ុនមួយឈ្មោះថា Sanitation360។ ក្រុមខាងលើបានប្រើប្រាស់បច្ចេកវិទ្យាគេបានអភិវឌ្ឍខ្លួនឯង ដោយសម្ងួតទឹកនោមចេញជាល្បាយរឹង ហើយក្រោយមកទៀត ប្រើញញួរបំប្លែងចេញទៅជាម្សៅ ហើយសង្កត់ចេញជាជី ដែលអាចប្រើប្រាស់ក្នុងការធ្វើកសិកម្មស្តង់ដារ។ កសិករក្នុងកោះនោះបានប្រើប្រាស់ជីនោះដើម្បីដាំដុះដើម Barley ដើម្បីយកទៅធ្វើជាវត្ថុធាតុដើមបិតស្រា ហើយក្រោយពីគេទទួលទានរួច វដ្តនៃការធ្វើនោះកើតឡើងដដែលៗវិលជុំ។
លោក Prithvi Simha ដែលជាប្រធានផ្នែកបច្ចេកវិទ្យារបស់ SLU និង Sanitation360 បាននិយាយ ថា អ្នកស្រាវជ្រាវទាំងនោះគឺមានបំណងច្នៃទឹកនោមឡើងវិញគឺដើម្បីផ្តល់នូវគំរូមួយដល់ពិភពលោកគឺយើងអាចធ្វើបាន។ គម្រោងផែនការនៃការច្នៃទឹកនោមនៅលើកោះ Gotland គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដែលយើងខំប្រឹងបំបែកទឹកនោមចេញពីទឹកស្អុយដែលនៅសល់ និងកែច្នៃទៅជាជី។ ការអនុវត្តនេះ កំពុងត្រូវបានសិក្សាដោយក្រុមនៅសហរដ្ឋអាមេរិក អូស្ត្រាលី ស្វីស អេត្យូពី និងអាហ្វ្រិកខាងត្បូងផងដែរ។
ជាមួយគ្នានោះដែរ ក្រុមអ្នកវិទ្យាសាស្រ្តទាំងនោះបានបញ្ជាក់ថា ទឹកនោមនេះពិតជាមានអត្ថប្រយោជន៍យ៉ាងធំធេងចំពោះបរិស្ថាន ហើយវាក៏ជាផ្នែកមួយដ៏ល្អដែរដោយសារតែទឹកនោមសម្បូរទៅដោយសារធាតុចិញ្ចឹម ដែលជំនួសឱ្យសារធាតុទឹកដែលបំពុល ដោយវាក៏អាចជំនួយដល់ដំណាំដូចគ្នាដែរ ៕
អត្ថបទ៖ ធី ស្រីល័ក្ខ