សម្រាប់អ្នកជំនួញថ្មីថ្មោង នៅពេលដែលចេញរកស៊ីដំបូងៗតែងតែជួបការបរាជ័យ រហូតឈានដល់ការក្ស័យធនក៏មានដែរ។ ជាក់ស្តែងដូចជាលោក រ៉ាយុទ្ធជាអ្នករកស៊ីម្នាក់ ដែលបានដួលទៅលើមុខរបរលក់សម្លៀកបំពាក់រហូតស្ទើរតែអស់លុយពីខ្លួន តែលោកមិនខ្ចីអស់សង្ឃឹមខំប្រឹងរកស៊ីឡើងវិញរហូតអាចបើកហាងនៅប្រទេសថៃភ្ញៀវចូលពេញៗមួយថ្ងៃអាចលក់អាវដាច់ខ្ទង់ពាន់អាវឯណោះ។
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Business Cambodia តាមរយៈវីដេអូខលលោករ៉ាយុទ្ធ បានបង្ហើបពីសាវតាខ្លួនថា លោកគឺជាពលករម្នាក់ដែលធ្លាប់ឆ្លងដែនរត់ទៅធ្វើគេនៅប្រទេសថៃ នៅអំឡុងពេលធ្វើការនៅប្រទេសថៃលោកខំប្រឹងសន្សំលុយណាស់ព្រោះតែលោកមានក្តីស្រមៃថា នៅថ្ងៃណាមួយលោកនឹងបង្កើតរបរតូចមួយសម្រាប់ខ្លួនឯងព្រោះលោកមិនចង់ធ្វើការឱ្យគេ១ជីវិតឡើយ។
ក្រោយពេលធ្វើការសល់លុយបន្តិចបន្តួច លោកបានយកលុយទាំងនោះធ្វើជាទុនសម្រាប់លក់អនឡាញតិចតួចនៅប្រទេសថៃ ក្រោយពីរកស៊ីរបរអនឡាញនៅថៃបានមួយរយៈធំ លោកក៏បានសល់លុយខ្លះហើយលោកក៏ត្រឡប់មកប្រទេសកម្ពុជាវិញដើម្បីបើកហាងលក់សម្លៀកតូចមួយនៅខេត្តសៀមរាប។
អ្វីដ៏គួរឱ្យស្តាយបំផុតនោះ នៅពេលដែលលោកត្រឡប់មករកស៊ីនៅខ្មែរវិញនៅអំឡុងពេលឆ្នាំ២០១៩ គឺស្របពេលដែលកូវីដកំពុងតែរីករាលដាលខ្លាំងការលក់សម្លៀកបំពាក់របស់លោកគឺជួបហានិភ័យខ្លាំងមែនទែន ព្រោះតែពេលនោះលោកចាប់ផ្តើមរកស៊ីដោយមិនមើលស្ថានការណ៍ជាក់ស្តែង រហូតដល់ថ្ងៃមួយលោកបានសេងហាងតូបនោះចោលដោយលោកបានសល់លុយតែ ៣០០ដុល្លារប៉ុណ្ណោះ បន្ទាប់ពីបិទអាជីវកម្មនៅខេត្តសៀមរាបនោះមក។
លោករ៉ាយុទ្ធ បានបន្តទៀតថា នៅពេលដែលសល់លុយត្រឹមតែ ៣០០ដុល្លារក្នុងខ្លួន លោកក៏បន្តព្រេងវាសនាមកប្រទេសថៃជាថ្មីម្តងទៀត ដើម្បីប្រកបរបររកស៊ីលក់អនឡាញដដែល។ ក្រោយពីរកស៊ីឡាយលក់អនឡាញនៅប្រទេសថៃ បានរយៈពេលអស់ជាងកន្លះឆ្នាំ ដោយបានសន្សំលុយសល់ខ្លះ លោកបានប្រកាសជ្រើសរើសបុគ្គលិកឱ្យមកជួយរៀបឥវ៉ាន់ ដោយការពីមុនៗមកលោកឡាយលក់ តបឆាតភ្ញៀវ រៀបឥវ៉ាន់លោកធ្វើតែម្នាក់ឯងគត់។
បន្ទាប់ពីខំពុះពារអស់មួយរយៈធំការរកស៊ីកាន់តែទៅមុខ ពីមួយថ្ងៃទៅមួយថ្ងៃមុខរបរនៅប្រទេសថៃរបស់លោក Rayuth កាន់តែរីកចម្រើនខ្លាំងទៅៗ រហូតមកដល់ពេលបច្ចុប្បន្ននេះលោកមានបុគ្គលិកជួយជាច្រើននាក់ មិនតែប៉ុណ្ណោះលោកក៏ជាកូនខ្មែរមួយរូបដែលអាចប្រែវាសនាពីជនចំណាកស្រុក ប្រែក្លាយជាម្ចាស់ហាងធំមួយនៅប្រទេសថៃត្រឹមវ័យ២៨ឆ្នាំផងដែរ។
លោករ៉ាយុទ្ធ ដែលបច្ចុប្បន្នគឺជាម្ចាស់ហាងលក់សម្លៀកបំពាក់ Alex Rayuth បានបញ្ជាក់ថា របររកស៊ីលក់សម្លៀកបំពាក់របស់លោកគឺលក់ដាច់ខ្លាំងណាស់ ដោយសារមានបងប្អូនប្រជាជនខ្មែរជួយគាំទ្រ និងមានអ្នករកស៊ីល្បីៗនៅប្រទេសកម្ពុជាជួយទិញជាហូរហែរ ហើយសម្លៀកបំពាក់របស់លោកក្នុងមួយថ្ងៃអាចឡាយលក់ដាច់ជិត១ពាន់អាវឱ្យណោះ ហើយលោកពិតជាមានអារម្មណ៍រំភើប នឹងសូមអរគុណដល់បងប្អូនប្រជាជនខ្មែរទាំងអស់ដែលតែងតែគាំទ្រទិញសម្លៀកបំពាក់ពីហាងរបស់លោក៕
អត្ថបទដោយ៖ ធី ស្រីល័ក្ខ