អត្ថបទ >
ចាប់ផ្តើមអាជីវកម្ម
តុង សិលា៖ មូលហេតុចម្បងធំ១ ធ្វើឱ្យលោកហ៊ានបោះចោលប្រាក់ខែខ្ទង់ពាន់ដុល្លារ មកចេញរកស៊ីខ្លួនឯង

ព្រោះតែចង់មានមុខរបរផ្ទាល់ខ្លួន និងចង់ស្វែងរកគំនិតថ្មីៗ បានជម្រុញឱ្យលោកតុង សិលា សម្រេចចិត្តបោះចោលការងារខ្ទង់ពាន់ដុល្លារមកបើកហាងកាហ្វេផ្ទាល់ខ្លួន។ ដែលបច្ចុប្បន្ននេះហាងកាហ្វេ TOCA Tea and Coffee របស់លោកកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន។

នៅក្នុងបទសម្ភាសន៍ជាមួយ Business Cambodia លោកតុង សិលា បានបង្ហើបប្រាប់ថា កាលពី៥ឆ្នាំមុន លោកបានធ្វើការនៅក្រុមហ៊ុនច្នៃពេជ្រមួយកន្លែងនៅរាជធានីភ្នំពេញ បន្ទាប់ពីធ្វើការនៅទីនោះអស់មួយរយៈធំលោកក៏បានលាឈប់មកធ្វើការនៅកន្លែងថ្មីមួយទៀត។ លុះក្រោយមក នៅអំឡុងពេលឆ្នាំ២០១៨ លោកក៏រកបានការងារថ្មីនៅក្រុមហ៊ុនមួយកន្លែង ដែលពេលនេះលោកមានតួនាទីជាប្រធានផ្នែកហិរញ្ញវត្ថុ ដែលទទួលបានប្រាក់ខែខ្ទង់២ពាន់ដុល្លារឯណោះ។

លោកសិលា បានបន្តទៀតថា ថ្វីបើលោកទទួលបានប្រាក់ខែច្រើនយ៉ាងណាក៏ដោយ តែលោកបានធ្វើការរយៈពេល ៤ឆ្នាំប៉ុណ្ណោះក៏លាឈប់ទៅវិញ ព្រោះតែលោកនៅតែមានកូនចិត្តមួយចង់ចេញរកស៊ី ចង់មានមុខរបរផ្ទាល់ខ្លួន រហូតដល់ថ្ងៃមួយលោកបានសម្រេចចិត្តយ៉ាងច្បាស់ថា លោកនឹងឈប់ធ្វើការទៀតហើយ ទោះបានប្រាក់ខែច្រើនយ៉ាងណាក៏ដោយ។

សហគ្រិនចិត្តសឿងរូបនេះបន្តឱ្យដឹងទៀតថា មូលហេតុចម្បងដែលធ្វើឱ្យលោកហ៊ានបោះចោលប្រាក់ខែខ្ទង់ពាន់ដុល្លារ មកចេញរកស៊ីបែបនេះ ព្រោះតែលោកគិតថា “ ការចេញរកស៊ីខ្លួនឯងវាពិតជាហត់ណាស់ តែនៅពេលដែលយើងក្រចេញរកស៊ីអាយុយើងកាន់តែច្រើនពេលវេលាយើងក៏កាន់តែខើចទៅតាមនឹងដែរ ដូច្នេះមិនថាយូរឬឆាប់មុនឬក្រោយមនុស្សត្រូវតែចេញរកស៊ីដដែលទេ ហើយយើងក៏មិនអាចធ្វើការឱ្យគេអស់មួយជីវិតដែរ បែបនេះប្រសិនជាយើងនៅតែបណ្តើយពេលវេលាកាន់តែខ្លាំងទៅ យើងក៏កាន់តែចាស់អត្រាបរាជ័យក៏កាន់តែខ្ពស់ទៅតាមនឹងដូចគ្នា តែបើយើងចេញរកស៊ីទាំងយើងកំពុងតែកម្លាំងពេញ ទោះបីជាបរាជ័យក៏យើងនៅតែអាចងើបឡើងវិញបានម្តងទៀតដែរ” ព្រោះតែចំណុចទាំងនេះទើបធ្វើឱ្យលោកហ៊ានចេញរកស៊ីខ្លួនឯង ទាំងដែលមានអាយុតិចបែបនេះ។

លោកសិលា បានបន្ថែមថា ចំពោះវិស័យកាហ្វេនេះលោកមិនមែនចេះតែបើកតាមចិត្តឡើយ ពោលលោកបានស្រាវជ្រាវអស់មួយរយៈធំទៅហើយ មិនតែប៉ុណ្ណោះលោកក៏បានស្វែងរកផលិតផលល្អៗដើម្បីមកផ្គត់ផ្គង់នៅហាងកាហ្វេរបស់លោក ដោយម្សៅទឹកដោះគោនៅហាងកាហ្វេលោកគឺនាំយកមកពីកូរ៉េ ចំណែកគុជនិងតែយកមកពីប្រទេសតៃវ៉ាន់ទាំងអស់។

អតីតបុគ្គលិករូបនេះ បានបង្ហើបឱ្យដឹងថា នៅពេលដែលលោកចាប់ផ្តើមលក់កាហ្វេដំបូង លោកលក់ដាច់ត្រឹមតែ ៤កែវប៉ុណ្ណោះក្នុងមួយថ្ងៃ តែព្រោះលោកមានគោលដៅច្បាស់លាស់បច្ចុប្បន្ននេះ ហាងកាហ្វេ TOCA Tea and Coffee របស់លោក អាចលក់ដាច់រាប់រយកែវឯណោះក្នុងមួយថ្ងៃ។

លោកតុង សិលា ដែលជាស្ថាបនិក TOCA Tea and Coffee បានបញ្ជាក់ថា មូលហេតុដែលនាំឱ្យតែគុជ ក៏ដូចជាហាងកាហ្វេរបស់លោកមានអតិថិជនទិញច្រើនយ៉ាងនេះ ដោយសារយែគាត់បានសង្កេតមើលយីហោគេល្បីៗ ដែលមានភ្ញៀវចូលទិញច្រើន រួចគាត់ក៏មើលឃើញថា​មូលហេតុដែលធ្វើឱ្យអាជីវកម្មគេទាំងនោះ មានភ្ញៀវចូលមិនចេះដាច់ ដោយសារតែគេមានចំណុចពិសេសប្លែកថ្មីជានិច្ច ហេតុនេះ គាត់ក៏បានរៀនសូត្រតាមគេ ដោយធ្វើការច្នៃរសជាតិភេសជ្ជៈថ្មីៗ ប្លែកៗជាប្រចាំហើយចំណុចពិសេសមួយទៀតគឺយើងមានកាហ្វេដូង និងកាហ្វេត្នោត ទើបធ្វើឱ្យយីហោមួយនេះ មានភ្ញៀវសម្រុកមកទិញយ៉ាងច្រើនស្ទើរមិនគួរឱ្យជឿ ត្រឹមរយៈពេលដ៏ខ្លី៕

អត្ថបទ៖ ធី ស្រីល័ក្ខ

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth