អត្ថបទ >
ចាប់ផ្តើមអាជីវកម្ម
អស្ចារ្យ! យុវតីកេនយ៉ា បង្ហាញពីរបៀបច្នៃសំរាមធ្វើជាឥដ្ឋផ្លាស្ទិច ជួយទាំងបរិស្ថាន បានទាំងចំណូល

Meng Songly

May 13 2022

399

បើនិយាយអំពីសំរាម គឺជារបស់មួយដែលមនុស្សភាគច្រើនគិតថាមិនល្អហើយកខ្វក់ និងអត់តម្លៃមិនអាចយកទៅធ្វើអ្វីផ្សេងបានឡើយ។ ហើយការកើនឡើងនៃសំរាមនេះ ក៏ជាបញ្ហាមួយដែលគ្រប់ប្រទេសកំពុងតែជួបប្រទះផងដែរ។ ប៉ុន្តែផ្ទុយពីមនុស្សទូទៅ យុវតីសញ្ជាតិ កេនយ៉ា កញ្ញា Nzambi Matee ដែលគេស្គាល់ថា ជាស្ថាបនិកក្រុមហ៊ុន GJENGE MAKERS LTD បានមើលឃើញសំរាមគឺជារបស់មានតម្លៃ ហើយគាត់បានកែច្នៃធ្វើជាឥដ្ឋផ្លាស្ទិច ដែលអាចរកចំណូលត្រឡប់មកវិញថែមទៀត។      

យោងតាមប្រភពពីសារព័ត៌មាន Business Insider កញ្ញា Nzambi Matee បានឱ្យដឹងថា នាងបានបង្កើតរោងចក្រកែច្នៃសំរាមប្លាស្ទិច ទៅជាឥដ្ឋ នៅទីក្រុងណៃប៊ី នៃប្រទេសកេនយ៉ា កាលពីឆ្នាំ២០១៨ ដោយគំនិតចាប់ផ្តើមរបរកែច្នៃនេះ គឺនៅពេលដែលនាងបានឃើញកំណើនសំរាមផ្លាស្ទិចកើនឡើងឥតឈប់ឈរនៅក្នុងប្រទេសរបស់ខ្លួន ហើយនាងចង់ឱ្យប្រទេសខ្លួន គ្មានសំរាមច្រើនតទៅទៀត។

Nzambi បានប្រាប់អ្នកសម្ភាសន៍នៅក្នុងវីដេអូយ៉ាងដូច្នេះថា ដើម្បីដំណើរការផលិតបាន ជាដំណាក់កាលដំបូង គឺត្រូវកម្ទេច បម្លែងផ្លាស្ទិចទីជាបំណែកតូចៗ ក្រោយមកលាយល្បាយឲ្យស្ងួត បន្ទាប់មកយកម៉ាស៊ីនកំដៅល្បាយផ្លាស្ទិច និងខ្សាច់ចូលគ្នា ដែលប្រើនៅក្នុងសីតុណ្ហភាព ៣០០ទៅ៤០០អង្សារ។ ក្រោយមកទៀត ដុំនីមួយៗត្រូវថ្លឹងដោយដៃ ដែលមានទម្ងន់ប្រមាណចា ១.៣គីឡូក្រាមនៃល្បាយ។

យុវតីស្រលាញ់ប្រទេសជួយបរិស្ថានរូបនេះ បានឱ្យដឹងទៀតថា ក្លិនរបស់ល្បាយ គឺដូចជា asphalt ដែលជាវត្ថុរាវម្យ៉ាងដូចក្លិនប្រេងឥន្ធៈនៅពេលក្តៅអ៊ីចឹង។ ចំណែកឯ ម៉ាស៊ីនអាចផលិតឥដ្ឋចេញម្តងបានចំនួន ៩ដុំក្នុងពេលតែមួយ និងត្រូវចំណាយពេលចន្លោះពី ២ទៅ៥នាទីទើបរួចរាល់។ ចំពោះផលិត អាចប្រហែលបាន១០តោន នៃផ្លាស្ទិចជារៀងរាល់ខែ។ ហើយនាងបានធ្វើទីផ្សារតាមរយះប្រព័ន្ធបច្ចេកវិទ្យា ដូចជា៖ IG យូធូប ហ្វេសបុក TikTok ដែលចែករំលែកអំពីអាជីវកម្ម  និងមានអ្នកតាមដានជាច្រើនគាំទ្រនាង។

កញ្ញា Nzambi បានបញ្ជាក់ថា បច្ចុប្បន្ននេះ គាត់អាចផលិតឥដ្ឋផ្លាស្ទិចបានប្រហែល ១៥០០ដុំ ក្នុង ១ថ្ងៃ ហើយអាចលក់បានតម្លៃ ១៥០ដុល្លារ ក្នុង១បន្ទះឈើដែលមានចំនួន៤០០ដុំ អាស្រ័យលើកម្រាស់។ ប៉ុន្តែអ្វីដែលពិសេស ឥដ្ឋផ្លាស្ទិចនេះ អាចមានតម្លៃធូរថ្លៃជាងឥដ្ឋដែលធ្វើពីធម្មតាប្រហែល ២៥ភាគរយ ។

តើតាមមន្ត្រីបរិស្ថានកេនយ៉ា បានឱ្យដឹងដែរថា ជារៀងរាល់ថ្ងៃ មានសំរាមប្រមាណជា៧០តោន ត្រូវបានគេបោះចោលចូលទៅក្នុងទន្លេ ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ទៅដល់បរិស្ថាននៅក្នុងប្រទេស។ ហើយក្នុងនៅឆ្នាំ២០២០ អង្គការសហប្រជាជាតិ បានចាត់ទុក Nzambi ជាជើងឯកវ័យក្មេងរបស់ផែនដី និងផ្តល់ប្រាក់ជាការលើកទឹកចិត្តចំនួន ១ម៉ឺនដុល្លារថែមទៀត។

គួរឱ្យដឹងដែរថា បច្ចុប្បន្នក្រុមហ៊ុនកែច្នៃផ្លាស្ទិចរបស់យុវតីកេនយ៉ា ខាងលើនេះ មានបុគ្គលិកពេញម៉ោងចំនួន ២០នាក់ ហើយអតិថិជនគោលដៅភាគច្រើនជាអតិថិជនក្នុងស្រុក ដែលទិញយកទៅក្រាលជាផ្លូវ និងសំណង់អាគារផ្សេងៗ។ បន្ថែមពីនេះ Nzambi មានគម្រោងពង្រីកទីផ្សារទៅឆាកអន្តរជាតិឱ្យកាន់តែធំ ជាមួយនឹងទុនដែលនាងរំពឹកទុកប្រមាណជាកន្លះលានដុល្លារអាមេរិក។

មេរៀនធំមួយពី យុវតី Nzambi គឺនាងមានភាពក្លាហាន ក្នុងការជួយប្រទេសរបស់ខ្លួនក៏ដូចជាបរិស្ថាន តាមអ្វីដែលនាងអាចធ្វើបាន ដោយពុំរងចាំដល់មានបច្ចេកទេសទំនើប ឬមានទុនច្រើននោះឡើយ ៕

ទស្សនាវីដេអូបន្ថែម៖ 

អត្ថបទដោយ៖ ស្រេង យិនលីវ

ពាណិជ្ជកម្ម

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth